៦ គណបក្ស ហែ​ក្បួន​ឃោសនាបោះឆ្នោត ផ្តាច់ព្រ័ត្រ នៅ​ភ្នំពេញ នៅ​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ថ្ងៃទី​២៧​កក្កដា

(​ភ្នំពេញ​)៖ យ៉ាងហោចណាស់ នឹងមាន​គណបក្សនយោបាយ​ចំនួន ៦ គណបក្ស គ្រោង​នឹង​ជួបជុំ ហែ​ក្បួន​ឃោសនាបោះឆ្នោត ទ្រង់ទ្រាយ​ធំ ផ្តាច់ព្រ័ត្រ នៅ​ភ្នំពេញ នា​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ គណបក្សនយោបាយ​ទាំង ៦ នឹង​ជួបជុំ ចែក​ខិត្តប័ណ្ណ និង​ហែ​ក្បួន​ពេញ​មួយថ្ងៃ​តែម្តង នៅ​កន្លែង​ផ្សេងៗ​គ្នា​។​

​លោក លន់ ឆេង​កៃ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា គណបក្សនយោបាយ​ទាំង ៦ ដែល​គ្រោង​ជួបជុំ ចែក​ខិត្តប័ណ្ណ និង​ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ រួមមាន​៖

១-​គណបក្ស​ប្រជាជន​កម្ពុជា​៖
​គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹង​ជួបជុំ​ទ្រង់ទ្រាយ​ធំ នៅ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​២៧​កក្កដា ដោយមាន​ពិធី​សំណេះសំណាល រហូតដល់​រសៀល​ម៉ោង ២ ទើប​គណបក្ស​ប្រជាជន​កម្ពុជា ហែ​ក្បួន​ឃោសនា​តាមផ្លូវ​នានា​នៅ​ភ្នំពេញ​។​

២-​គណបក្ស​ខ្មែរ​ក្រោក​៖
​ពេលព្រឹក​ជួបជុំ​នៅ​ទីស្នាក់ការ នៅ​កាំ​កូ​ស៊ី​ធី ហើយ​ហែ​ក្បួន​ឃោសនា​តាមផ្លូវ​នានា រហូតដល់​ល្ងាច នៅក្នុង​រាជធានី​ភ្នំពេញ​

៣-​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​៖
​ពេលព្រឹក នឹង​ជួបជុំ​នៅ​ផ្លូវ​៦០ ម៉ែត្រ និង​នៅ​ជិត​ស្ពាន​លី​យ៉ុង​ផាត់ ព្រែក​ព្នៅ ហើយ​ហែ​ក្បួន​។ រហូតដល់​ល្ងាច ទើប​ជួបគ្នា ហែ​ក្បួន​តែមួយ នៅតាម​ផ្លូវ​ក្នុង​ក្រុង និង​ក្រៅ​ក្រុង​។​

៤-​គណបក្ស​សញ្ជាតិ​កម្ពុជា​៖
​ពេលព្រឹក​ជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ មុននឹង​ហែ​ក្បួន​

៥-​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​៖
​ជួបជុំ​នៅ​ទីស្នាក់ការ ហើយ​ឆ្ពោះទៅកាន់​ផ្សារ​ធំៗ ចំនួន ៤ ដើម្បី​ចែក​ខិត្តប័ណ្ណ គឺ​ផ្សារ​ធំថ្មី ផ្សារ​អូរឫស្សី ផ្សារ​អូរ​ឡាំ​ពិ​ក និង​ផ្សារ​ដើម​គរ​។ គណបក្ស​នេះ មិន​ហែ​ក្បួន​តាមផ្លូវ​ទេ​។​

៦-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៖
​ជួបជុំ​នៅ​ទីស្នាក់ការ​គណបក្ស នៅ​ជ្រោយចង្វារ មុននឹង​ហែ​ក្បួន​

​លោក លឹម ឆេង​កៃ បាន​បន្ថែមថា នៅ​ថ្ងៃទី​២៧ ខែកក្កដា គណបក្សនយោបាយ​ទាំងនោះ នឹង​ហែ​ក្បួន​ឃោសនា​ក្នុង​ក្រុង និង​ក្រៅ​ក្រុង តាមតម្រាយ​ផ្លូវ ដែល​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ព្រមទាំង​តំណាង​គណបក្សនយោបាយ​នីមួយៗ បានកំណត់​។​

​យ៉ាងណាក៏ដោយ លោក លឹម ឆេង​កៃ លើកឡើងថា ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ មិនទាន់មាន​បណ្តឹង​ណាមួយ ឡើង​មកដល់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត រាជធានី​ភ្នំពេញ នៅឡើយ​ទេ​។ រីឯ​ដំណើរការ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​រាជធានី​ភ្នំពេញ ក៏បាន​ដំណើរការ​ដោយ​មិនមាន​បញ្ហា​អ្វី​ទេ ក្រោម​ការសម្របសម្រួល​ពី​អាជ្ញាធរ​សមត្ថកិច្ច និង​គណបក្សនយោបាយ ដែលមាន​ភាពចាស់ទុំ​។​

​សូម​រម្លឹកថា គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសថា នឹង​ជួបជុំ​ទ្រង់ទ្រាយ​ធំ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដោយមាន​សមាជិក​ចូលរួម​ប្រមាណ​ជិត ២៥០.០០០ នាក់ នៅ​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នា​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ក្រោយ​ការជួបជុំ ដែល​នឹង​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា នឹង​ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅតាម​ផ្លូវ​នានា នៅ​រាជធានី​ភ្នំពេញ ហើយ​នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស ក៏មាន​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ដូចគ្នា​ដែរ​។​

​ជាមួយគ្នា​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី​ការបញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន ក្នុងការ​ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ របស់​គណបក្សនយោបាយ ដោយ​នឹងមាន​គណបក្ស​ជាច្រើន នឹងធ្វើ​ការជួបជុំ និង​ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ ក្នុងនោះ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ មានការ​ជួបជុំ​សមាជិក​រហូតដល់ ២៥០០០០ នាក់ និង​នៅ​ទីលាន​ប្រជាធិបតេយ្យ មានការ​ជួបជុំ​សមាជិក​រហូតដល់​ប្រមាណ ២០០០០​នាក់ ព្រមទាំង​មានការ​ជួបជុំ​សមាជិក​នៅ​ទី​តាម​ទីស្នាក់ការ​គណបក្ស​មួយចំនួន​ផងដែរ​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ លើកឡើងថា ក្រោយ​ការជួបជុំ គណបក្សនយោបាយ​ទាំងនោះ​នឹង​ដង្ហែ​ក្បួន​តាម​មហាវិថី​កម្ពុជា​ក្រោម មហាវិថី​សម្តេច​មុនី​រ៉េត កំណាត់​វិថី​សម្តេច​សុធារស កំណាត់​មហាវិថី​ម៉ៅ​សេទុង កំណាត់​មហាវិថី​ព្រះមុនីវង្ស កំណាត់​មហាវិថី​ព្រះសីហនុ តិ​រិ​វិថី​ព្រះស៊ីសុវត្ថិ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវ​មិត្តភាព​ភ្នំពេញ​-​ហាណូយ ផ្លូវ​ណត​ប្រ៊ី​ត ផ្លូវ​ចោមចៅ ផ្លូវ​លេខ​២៧១ ផ្លូវ​លេខ​៧០ និង​ផ្លូវ​សំខាន់ៗ​មួយចំនួនទៀត ក្នុង​រាជធានី​ភ្នំពេញ​។​

​ដើម្បី​ធានា​បរិយាកាស​នៃ​ការបិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​ភាពល្អប្រសើរ និង​ស្មើភាព​គ្រប់​គណបក្សនយោបាយ ពិសេស​ការ​ដង្ហែ​ក្បួន​របស់​គណបក្សនយោបាយ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បានការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការផ្អាក​ចរាច​រ​ជា​បណ្តោះអាសន្ន​តាម​ទីតាំង​ជួបជុំ​មួយរយៈ​ពេល​ខ្លី និង​បញ្ចៀស​ចរាចរ​តាម​កន្លែង​កកស្ទះ​មួយចំនួន​។ ដូច្នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​គ្រោង​ធ្វើដំណើរ​ទៅ​កន្លែង​ជួបជុំ និង​តាម​មហាវិថី តិ​រិ​វិថី និង​ផ្លូវ​សំខាន់ៗ​មួយចំនួន​ខាងលើ មេត្តា​បញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន បើសិន​មិនចាំបាច់ ពុំគួរ​ធ្វើដំណើរ​ឆ្លងកាត់​តាម​កន្លែង​ជួបជុំ និង​ផ្លូវ​ដង្ហែ​របស់​គណបក្ស​ទាំងនេះ ចាប់ពី​ម៉ោង ០៦:០០ នាទី រហូតដល់​ក្បួន​ដង្ហែ​ត្រូវ​បានបញ្ចប់​។​

​សូម​រម្លឹកថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​០៧ ខែកក្កដា ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។

​ក្នុង​រយៈពេល​ឃោសនាបោះឆ្នោត ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ត្រូវ​បានគ​.​ជ​.​ប ប្រកាសថា ជារួម បរិយាកាស​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ នាឱកាស​ឃោសនាបោះឆ្នោត​របស់​គណ​បក្សនយោបាយ រយៈពេល ១៩​ថ្ងៃ ត្រូវបាន​ធានា ហើយ​ការឃោសនា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​អំពើហិង្សា នៅ​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​ជាមួយគ្នា​នោះ គ​.​ជ​.​ប បានប្រកាសថា រយៈពេល ១៩​ថ្ងៃ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត គិត​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត បានទទួល​ពាក្យបណ្តឹង​សរុប​ចំនួន ២៤ បណ្តឹង ក្នុងនោះ ២៣ បណ្តឹង ត្រូវបាន​ដាក់​នៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត និង​១​បណ្តឹង ប្តឹង​ផ្ទាល់​មក​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត​។​

​គ​.​ជ​.​ប ប្រកាសថា ២៣ បណ្តឹង ដោះស្រាយ ដូចខាងក្រោម​៖ ៣​បណ្តឹង កំពុង​ដោះស្រាយ ២០​បណ្តឹង​ដោះស្រាយ​រួច​ដោយ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​។ ប៉ុន្តែ​ក្នុងចំណោម​នោះ មាន ៦ បណ្តឹង បាន​ប្តឹង​បន្ត​មក​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត ក្នុងនោះ ១​បណ្តឹង ត្រូវបាន​ដើមបណ្តឹង​ដក​ពាក្យបណ្តឹង​វិញ ហើយ ៥ បណ្តឹង គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត ខេត្តបាត់ដំបង នឹង​បើកសវនាការ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨:០០ ព្រឹក ដែល​បណ្តឹង​ទាំង ៥ នេះ ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​៕ (SN-​ពិសិដ្ឋ​)​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង