សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅសល់តែ ៣ថ្ងៃទៀតតែប៉ុណ្ណោះ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែបង្ហាញនូវសារ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាប្រចាំថ្ងៃ ជូនដល់បងប្ងូនប្រជាពលរដ្ឋ ឲ្យបាននឹង និងជ្រូតជ្រាបបន្ថែមលើអ្វីដែលមានជាក់ស្តែងនៅកម្ពុជាបច្ចុប្បន្ន។

ជាក់ស្តែងក្នុងថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭក និងបញ្ជាក់ថា នៅសល់ តែ៣ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាប្រវត្តិសាស្រ្ត​នឹងមកដល់ ហើយសម្តេចតេជោ ក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រៀមខ្លួនទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា!។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា​ លេខរៀងទី២០ ដើម្បីសម្តេចបានដឹកនាំការពារសន្តិសុខ សុវត្តិភាព និងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាជាបន្តទៀត។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឲ្យចូលរួមឃោសនាពន្យល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឲ្យបានច្បាស់នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសិទ្ធិសេរីភាព ព្រមទាំងកាតព្វកិច្ចពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបោះឆ្នោត គឺពង្រឹងនូវសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ដែលនាំឲ្យប្រទេសជាតិកាន់តែរីកចម្រើន។ សារនយោបាយនៅលើទំព័រ Facebook នៅព្រឹកថ្ងៃនេះ ក៏មិនខុសពីសព្វមួយដងដែរ សម្តេចតេជោ ហ៊ុន សែន បន្តថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលមានជំនឿ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតមក ហើយអ្វីគ្រប់យ៉ាងដែលគណបក្សប្រជាជនកម្ពុជាកំពុងខិតខំធ្វើ គឺដើម្បីផលប្រយោជន៍កម្ពុជាទាំងមូល។

សម្តេចតេជោ បានថ្លែងដូច្នេះថា «អរគុណបងប្អូនជនរួមជាតិដែលមានជំនឿជឿជាក់ និងទុកចិត្តលើ គណបក្សប្រជាជនតាំងពីដើមរហូតមក។ បងប្អូនយល់ច្បាស់ណាស់ថា គណបក្សប្រជាជនកម្ពុជា គឺជារបស់យើងទាំងអស់គ្នា​។​ គ្រប់អ្វីៗទាំងអស់ដែលគណបក្សប្រជាជនកំពុងខិតខំ​ធ្វើ គឺដើម្បីផល​ប្រយោជន៍កម្ពុជាទាំងមូល។

«ខ្ញុំសូមអរគុណសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងកូនក្មួយយុវជនដែលបានចូលរួមឃោសនាពន្យល់ដល់បងប្អូនប្រជាពលរដ្ឋអោយបានយល់ច្បាស់នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពជា និងសិទ្ឋិសេរីភាពព្រមទាំងកាតព្វកិច្ចជាពលរដ្ឋល្អក្នុងការចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ ព្រោះថាការបោះ​ឆ្នោត គឺពង្រឹងនូវសិទ្ឋិសេរីភាព លទ្ឋិប្រជាធិបតេយ្យ ដែលនាំអោយប្រទេសជាតិយើងកាន់តែរីកចម្រើន។»

«យើងទាំងអស់គ្នា បោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា លេខរៀងទី​២០ នៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះ!»

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិតកាលទី៦ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ សប្តាហ៍នេះ ពោលសល់តែ៣ថ្ងៃប៉ុណ្ណោះ គឺក្នុងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ការបោះឆ្នោតអាណត្តិនេះមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងរហូតដល់ទៅ២០ ជាចំនួនមួយដ៏ច្រើនជាងការបោះឆ្នោត៥អាណត្តិកន្លងទៅ ដែលគ្មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងច្រើនបែបនេះ៕ (Swift News)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com