ផឹកស៊ីក្លែមសម្តីបង្កជាជម្លោះ ក្នុងវង់ផឹកស៊ីគប់មួយ ចានរយះក្បាលដេរជាច្រើនថ្នេរ

(ព្រៃវែង)៖ យុវជនម្នាក់បានរងរបួសដេរជាច្រើនថ្នេរ ដោយសារមិត្តភ័ក្រផឹកស៊ីជាមួយគ្នាគប់មួយចានចំក្បាល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ វេលាម៉ោងជាង២១​ និង​៣០នាទីយប់ នៅចំណុចភូមិជម្រៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ព្រោះ​តែរឿងទំនាស់ពាក្យសម្តី។

សមត្ថកិច្ចប្រាប់ថា ជនបង្កអំពើហិង្សាមានឈ្មោះ ម៉ក់ រស្មី ភេទប្រុស អាយុ៣២ឆ្នាំ នៅ​ភូមិជម្រៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង បានយកចានថ្មគុបទៅលើ​ជន​រងគ្រោះឈ្មោះ ហ៊ាង ខ្លយ ភេទ​ប្រុស អាយុ២០ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា បណ្តាលឲ្យត្រូវចំចិញ្ចើមខាងឆ្វេង​រយះដេរជាច្រើនថ្នេរ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កបានជួបជុំគ្នាផឹកស៊ីជាមួយគ្នាជាមួយមិត្ត​ផ្សេងៗទៀត រហូតដល់​ស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក៏កើតមានទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ីខណៈពេលនោះឈ្មោះ ម៉ក់ រស្មី បានយកចានថ្មគប់ទៅ​លើឈ្មោះ ហ៊ាង ខ្លយ ចំក្បាលបែកឈាមស្រោចខ្លួន ហើយភ្លាមៗនោះជនរងគ្រោះ​បញ្ជូន​ទៅមណ្ឌលសុខភាព ឃុំកំពង់សឹង ដើម្បីព្យាបាលរបួស។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា ក្រោយពេលបង្កអំពើហិង្សារួចមក ជនដៃដល់បានរត់គេចខ្លួន ដោយបន្សល់ទុកម៉ូតូ១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊េរីឆ្នាំ២០១៧ នៅ​​កន្លែង​កើតហេតុ។

បច្ចុប្បន្នម៉ូតូរបស់ជនសង្ស័យ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំ​​ពង់សឹង និងកំ​ពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com