សវនាការលោក សម រង្ស៊ី ចោទប្រកាន់រដ្ឋាភិបាលថានៅពីក្រោយឃាតកម្មលោក កែម ឡី ប្រកាសលទ្ធផលនៅថ្ងៃ៣០ មីនា

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងចោទប្រកាន់អតីតប្រធានគណបក្សសង្គ្រោះជាតិ ចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថាជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី ។

 

លោកចៅក្រម អ៊ី ឋាវរៈ ក្នុងសវនាការនាព្រឹកម៉ិញនេះ បានបង្គាប់ឲ្យមន្ត្រីនគរបាលបច្ចេកទេសផ្នែកកោសល្យវិច័យចាក់បញ្ចាំងវីដេអូឃ្លីបដែលលោក សម រង្ស៊ី និយាយនៅបារាំង និងសំឡេងសម្ភាសលោក សម រង្ស៊ី ជាមួយវិទ្យុអាស៊ីសេរី ថាការបាញ់សម្លាប់លោក កែម ឡី គឺ មានការរៀបចំ និងមានរដ្ឋអំណាចនៅពីក្រោយខ្នងក្នុងអំពើឃាតកម្មនោះ។

 

មន្ត្រីនគរបាលបច្ចេកទេសផ្នែកកោសល្យវិច្ឆ័យ បានអះអាងថា វីដេអូ ដែលបានចាក់បញ្ចាំងនៅចំពោះមុខតុលាការនេះ ពិតជាសំឡេងសម្ភាសរបស់លោក សម រង្ស៊ី នៅវិទ្យុអាស៊ីសេរីប្រាកដមែន។ តាមសំឡេងដែលបានចាក់ និងបញ្ចាំងក្នុងសវនាការនោះ លោក សម រង្ស៊ី បាននិយាយទៀតថាសមត្ថកិច្ចមិនដែលចាប់បានមុខឃាតកពិតទេ មានតែចាប់មនុស្សយកមកទទួលកំហុសជំនួស។… ចង់ប្តឹងទៅដល់ណាប្តឹងទៅលោកមិនខ្លាចទេ។ …. លោកមិនមានជំនឿទុកចិត្តលើតុលាការប្រទេសកម្ពុជាទេ បើចង់ប្តឹងសូមមកប្តឹងតុលាការប្រទេសបារាំងមកព្រោះឯករាជ្យជាង។

 

មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន លោក គី តិច បានធ្វើសេចក្តីសន្និដ្ឋានថា នេះជាអំពើបរិហារកេរ្តិ៍ជាសាធារណៈ និងអំពើញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ លោកមេធាវីបានសំណូមពរឲ្យលោកចៅក្រមផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមផ្លូវច្បាប់ និងទារសំណងជំងឺចិត្តចំនួន១០០រៀលទៅឲ្យដើមបណ្តឹង។

 

លោក លី សុផាណា តំណាងអយ្យការ បានធ្វើសេចក្តីសន្និដ្ឋានថា ការចោទប្រកាន់ទៅលើរដ្ឋអំណាចនេះ ពិតជាអំពើបរិហារកេរ្តិ៍ជាសាធារណៈ និងអំពើញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈកិច្ចសម្ភាសរបស់លោក សម រង្ស៊ី នៅវិទ្យុអាស៊ីសេរី ពិតជាបទល្មើសមែន។ តំណាងអយ្យការ បានស្នើសុំឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទទៅតាមមាត្រា៣០៥ ,មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។

 

ដោយឡែកមេធាវីការពារលោក សម រង្ស៊ី គឺ លោក សំ សុគង់ បានបង្ហាញការសន្និដ្ឋានរបស់ខ្លួនថា ការនិយាយទៅលើរដ្ឋអំណាចនេះ មិនបានសំដៅចោទប្រកាន់ទៅលើបុគ្គលណាមួយនោះឡើយ។ លោកថា ការនិយាយនេះមិនមែនជាការបរិហារកេរ្តិ៍ជាសាធារណៈ និងអំពើញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមទេ។ ក្នុងនាមលោកជាមេធាវីការពារឲ្យលោក សម រង្ស៊ី ស្នើសុំឲ្យតុលាការទម្លាក់បទចោទ និងសំឲ្យកូនក្តីរបស់ខ្លួនរួចផុតពីបទចោទប្រកាន់នេះ។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ី ឋាវរៈ បានសម្រេចលើកពេលប្រកាសសាលក្រមនៃសំណុំរឿងក្តីនេះទៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ខាងមុខ៕

 

១២

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង