បងប្អូនប្រុសៗចំនួនប្រាំនាក់ សុទ្ធជាគ្រូបង្រៀនព្រួតគ្នាដណ្តើមកេរពីប្អូនស្រីម្នាក់

(កំពង់ធំ) ៖ គ្រួសារមួយមានបងប្អូនចំនួនប្រាំមួយនាក់ក្នុងនោះមានស្រ្តីម្នាក់ជាប្អូនទីប្រាំ ដែលរស់នៅលើដីកេររបស់ឪពុកម្តាយ និងមើលថែតាំងពីឪពុកម្តាយរស់រហូតដល់ស្លាប់ តែពេលនេះត្រូវបានបងប្អូនប្រុសៗចំនួនប្រាំនាក់របស់ខ្លួនកំពុងដាក់ពាក្យបណ្តឹង ទាមទាដីកេរនោះ។

 

ដីកេរទំហំ៣១៦០ម៉ែត្រការ៉េ ស្ថិតនៅភូមិព្រៃបន្លិច សង្កាត់អារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាដីកម្មសិទ្ធស្របច្បាប់របស់ឳពុកម្តាយកាលពីនៅរស់ ឥឡូវនេះ មានបងប្អូនប្រុសៗចំនួនប្រាំនាក់បានរួមគំនិតគ្នា រហូតដាក់ពាក្យប្តឹងទៅតុលាការ ប្តឹងប្អូនស្រីបង្កើតរបស់ខ្លួនព្រោះតែចង់ដណ្តើមកេរដែលឪពុកម្តាយបន្សល់ទុកឲ្យប្អូនស្រីកំពង់រស់នៅនោះ។

 

លោកមេភូមិព្រៃបន្លិច បានបញ្ជាក់ឲ្យដឹងថា គ្រួសារខាងលើក្រោយពីឪពុកម្តាយស្លាប់ទៅ បានបន្សល់ទុកនៅកូនចំនួនប្រាំមួយនាក់ ហើយកូនស្រីជាឈ្មោះ ប៉ុល សុធារី ជាកូនទីប្រាំ។ លោកមេភូមិបន្តថាគ្រួសារនេះមានកូនស្រីតែម្នាក់គត់ ហើយនាងរស់នៅលើដីកេរ ដោយមើលថែឪពុកម្តាយរហូតមកដល់គាត់ចាស់ជរា ហើយបានស្លាប់ចោលអស់ទៅ។ លោកបន្តថាក្រោយពេលឪពុកម្តាយស្លាប់ចោល ស្រាប់តែលេចមុខបងប្អូនប្រុសៗទាំងប្រាំនាក់ដាក់ពាក្យបណ្តឹងប្តឹងទាមទារយកដីកេរនោះតែម្តង។

 

បើយោងតាមកំណត់ហេតុ ស្តីពី ការចុះអនុវត្តដីកាសម្រេចរបស់សាលាដំបូងខេត្តកំពង់ធំ ដែលដឹកនាំដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង គេសង្កេតឃើញថាគ្រប់ភាគីទាំងអស់ទទួលយក តាមដីកាសម្រេចលេខ៦២ រ.ណ/២០១៦ ចុះថ្ងៃទី១៣ ខែមិថុនាឆ្នាំ ២០១៦ របស់សាលាដំបូងខេត្ត ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះតទៅ។

 

បញ្ហានៃជម្លោះខាងលើនេះ ក៏រងនូវការរិះគន់ពីប្រជាពលរដ្ឋក្នុងភូមិជាមួយគ្នាផងដែរ ដែលសុទ្ធតែជាបងប្អូនប្រុសមនុស្សពេញកំលាំង មិនបាននៅមើលថែឪពុកម្តាយពេលដែលគាត់នៅរស់ទេ តែដល់ពេលពួកគាត់ស្លាប់អស់ បែរជានាំគ្នាមកដណ្តើមកេរទៅវិញ។

 

អ្នករស់នៅក្នុងភូមិខាងលើ បង្ហាញថាតាមសាវតាជាតិនៃសមាជិកគ្រួសារខាងលើនេះ ឈ្មោះ ប៉ុល សុខា ភេទ ប្រុសអាយុ៤៣ឆ្នាំ មុខរបរជាគ្រូបង្រៀន ឈ្មោះ ប៉ុល សុខខេង ប្រុស អាយុ៣៩ឆ្នាំ ជាទាហាន ឈ្មោះ ប៉ុល សុខខុម ភេទប្រុស អាយុ៣៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ឈ្មោះ ប៉ុល សុខខន ភេទប្រុស អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀន ដែលសុទ្ឋតែជាអ្នកអប់រំ និងអ្នកដឹកនាំគេ៕

 

photo_2017-03-17_09-03-22 photo_2017-03-17_09-03-34 photo_2017-03-17_09-03-39 photo_2017-03-17_09-05-07

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com