លោក ឈាង វុន ៖ អត្រាការប្រាក់១៨% ក៏ត្រូវអនុវត្តចំពោះកម្ចីមុនការប្រកាសដែរ

(ភ្នំពេញ) ៖ លោក ឈាង វុន សមាជិករដ្ឋសភា និងជាអតីតអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុក្នុងសម័យរដ្ឋកម្ពុជាបានលើកឡើងថា ការបញ្ចុះអត្រាការប្រាក់១៨% របស់ធនាគារជាតិនៃកម្ពុជា កាល ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ក៏ត្រូវអនុវត្តចំពោះកម្ចីមុនសេចក្តីប្រកាសនោះដែរ។
លោក ឈាង វុន ដែលបានសរសេរទៅកាន់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីក្រោយពីមានសេចក្តីប្រកាសរបស់ធនាគារជាតិកម្ពុជានៅសប្តាហ៍នេះថា នីតិវិធីនៃការសើរើនេះ គឺមានក្បួនខ្នាតច្បាស់លាស់ណាស់ ហើយក៏ធ្លាប់បានអនុវត្តនៅក្នុងប្រទេសបារាំង និងប្រទេសផ្សេងៗទៀតដែរ។ លោកបន្តថា អត្រាការប្រាក់១៨%នេះ មិនអនុវត្តតែចំពោះកម្ចីក្រោយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នោះទេ។

យោងតាមប្រការ៥នៃសេចក្តីសម្រេចរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ បានចែងថា “ការកំណត់អត្រាការប្រាក់ឥណទានដូចមានចែងក្នុងប្រការ៤ (១៨%) នឹងមានប្រសិទ្ធិភាពអនុវត្តចំពោះកិច្ចសន្យាឥណទានថ្មី រួមទាំងឥណទានរៀបចំឡើងវិញ (Restructured Loan) និងបុរេហិរញ្ញប្បទាន (Refinancing) ដោយមានចុះហត្ថលេខា និងស្នាមផ្តិតមេដៃថ្មី ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ តទៅ”។

នៅក្នុងន័យនេះ លោក ឈាង វុន អតីតអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុសម័យរដ្ឋកម្ពុជា ក្នុងទសវត្យរ៍ឆ្នាំ១៩៩០ បានលើកឡើងថា ការអនុវត្តអត្រាការប្រាក់១៨% ចំពោះកម្ចីមុនការប្រកាសនេះ គឺអនុវត្តនៅក្រោមរូបភាពដែលថា កូនបំណុលនឹងទៅខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាថ្មី ដោយអនុវត្តនៅក្នុងអត្រាការប្រាក់១៨%។

លោកបានបន្តថា ដើម្បីអនុវត្តដូច្នេះបាន គឺទាមទារឲ្យមានការយោគយល់គ្នា រវាងប្រជាពលរដ្ឋដែលជាកូនបំណុល និងម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាម្ចាស់បំណុល។ បើតាមលោក ឈាង វុន រូបភាពបែបនេះត្រូវបានអនុវត្តរួចមកហើយនៅក្នុងប្រទេសបារាំង និងប្រទេសមួយចំនួនទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋរបស់គេ។

សូមបញ្ជាក់ថា ដើម្បីរួមចំណែកគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់ បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ពីការគិតអត្រាការប្រាក់ខ្ពស់ពេកពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ឥណទានឲ្យកាន់តែមានប្រសិទ្ធិភាពនោះ ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ពិដានអត្រាការប្រាក់ត្រឹមតែ១៨% ក្នុងមួយឆ្នាំ ខណៈដែលពីមុនអត្រាការប្រាក់មានកម្រិតខ្ពស់រហូតដល់២០ទៅ៣០% ក្នុងមួយឆ្នាំ។ សេចក្តីសម្រេចថ្មីនេះ នឹងអនុត្តចាប់ពីថ្ងៃទី១ ខែមេសា ខាងមុខនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com