មន្ត្រីនគរបាល និងយោធាខេត្តមណ្ឌលគិរីជាងដប់នាក់ ប្រព្រឹត្តពុករលួយកាប់ឈើខ្មែរជាមួយមេឈ្មួញវៀតណាម

(ភ្នំពេញ) ៖ មន្ត្រីនគរបាល និងយោធាជាងដប់នាក់បានប្រព្រឹត្តអំពើពុករលួយជាមួយមេឈ្មួញឈើជនជាតិវៀតណាមដោយឃុបឃិតគ្នាកាប់បំផ្លាញព្រឈើខុសច្បាប់ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។

របាយការណ៍ស៊ើបអង្កេតអំពីបទល្មើសព្រឈើរបស់ អគ្គស្នងការនគរបាលជាតិ ដែលរាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង កាលពីថ្ងទី៩ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា មានមន្ត្រីនគរបាល និងយោធាជាងដប់នាក់បានឃុបឃិតគ្នា ដោយយកលុយពីមេឈ្មួញឈើជនជាតិវៀតណាមចែកគ្នា ហើយបានឃុបឃិតគ្នាបំផ្លាញ ប្រមូល និងដឹកជញ្ចូនផល អនុផលព្រឈើឆ្លង ដែនខុសច្បាប់ទៅប្រទេសវៀតណាម។

របាយការណ៍នេះក៏បានបញ្ជាក់ថា ឯកឧត្តម អគ្គស្នងការនគរបាលជាតិ នេត សាវឿន បានសំណូមពរសុំគោលការណ៍ពីសម្តេចក្រឡាហោម ដើម្បីកសាងសំណុំរឿងចោទប្រកាន់មន្ត្រីទាំងនោះ ដូចជា « លោកអនុសេនីយ៍ឯក ជុំ រតនា នាយប៉ុស្តិ៍អូរជុំ និងលោក អនុសេនីយ៍ឯក លាង ភារ័ត្ន នាយប៉ុស្តិ៍អូរហ៊ុច ដើម្បីបញ្ចូនទៅតុលាការតាមនីតិវិធីច្បាប់។ រីឯ នគរបាល ប្រាំបួននាក់ផ្សេងទៀត ជានាយរងប៉ុស្តិ៍ទាំងពីរ គួរដាក់វិន័យក្រោមរូបភាពអប់រំ ព្រមាន និងផ្ទេរភារកិច្ចទៅកាន់កន្លែងផង»។

ចំពោះករណីមនមន្ត្រីយោធាជាន់ខ្ពស់របស់ខេត្តវិញ លោកបានសំណូមពរថា «ដោយឡែកចំពោះមន្ត្រីយោធា និងកងរាជអាវុធហត្ថមួយចំនួន ដែលជាប់ពាក់ព័ន្ធ គួរប្រគល់ជូនគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស៊ើបអង្កេតស្រាវជ្រាវ និងចាត់ការតាមនីតិវិធី»។

នាពេលកន្លងមន្ត្រីមួយចំនួន នៅក្នុងខេត្តមណ្ឌលគិរី បានប្រាប់ឲ្យដឹងថា ក្នុងរយៈជិតពេញមួយខែកុម្ភៈនេះ មានសមត្តកិច្ចពាក់ព័ន្ធជាច្រើនកំពុងទទួលបានផលប្រយោជន៍ពីបទល្មើសព្រៃឈើ យ៉ាងតិចណាស់ចាប់ពីពីរម៉ឺន ទៅ១០ម៉ឺនដុល្លារ ចំណែកឯអ្នកខ្លះទៀតអាចទទួលពី២០ម៉ឺន ទៅ៣០ម៉ឺនដុល្លារ។

តាមព័ត៌មានលម្អិត និងច្បាស់ការណ៌មួយ គឺក្រោយពីកាចុះបង្ក្រាបរបស់ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំចុះចាប់បង្ក្រាប និងចាប់បានជនជាតិវៀតណាម ប្រាំពីរនាក់ រួមទាំងរថយន្ដបង្កុង់ចំនួនប្រាំបីគ្រឿង ទើបធ្វើឲ្យបែកធ្លាយណ និងរហូតដឹងច្បាស់ថា សមត្តកិច្ចខេត្តមណ្ឌលគីរី ភាគប្រើនសុទ្ធតែជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ។

ក្រុមមន្ត្រីដដែលនេះ បានបន្តទៀតថា ក្រោយពីចាប់ខ្លួនរួចមក មន្ត្រីរាជអាវុធហត្ថបានត្រួតពិនិត្យរកឃើញឯកសារមួយចំនួន នៅជាប់នឹងខ្លួនជនជាតិវៀតណាម ដូចជាឯកសារកត់ត្រា រថយន្ដចេញចូលឆ្លងព្រំដែនប្រទេសទាំងពីរ រួមទាំងឯកសារចំណាយក្នុង រត់ការបង់ប្រាក់ឲ្យមន្ត្រីពាក់ព័ន្ធស្ទើរគ្រប់លំដាប់ថ្នាក់។

តាមរយៈឯកសារទាំងនោះបានបង្ហាញថា លោក យិន ចន្ទី មេវិរៈកាពារព្រំដែនគោកលេខ១០៣ គឺជាអ្នកនាំថៅកែជនជាត់វៀតណាម ចូលមកកាប់ឈើនៅក្នុងខេត្តតែម្តង រួមជាមួយលោក មេកងអនុសេនាតូចទី៣ ក្នុងកងអនុសេនាធំទី២ វិរៈ១០៣ ដែលគ្រប់គ្រងប៉ុស្តិ៍ការពារព្រំដែនជាច្រើនកន្លែង ស្ថិតនៅក្នុងស្រុកកែវសីមា និងស្រុកអូររាំង។

លោក ឯម ស៊ុងហ៊ួ គឺជាកូនប្រសាររបស់លោក ឃិន ម៉េងស្រេង មេបញ្ជាការសឹងរងខេត្តមណ្ឌលគីរី។

ចំណែក លោក ឡេង សោភន្ទ័ មេវិរៈកាពារព្រំដែនគោគលេខ៦២១ គឺជាអ្នកសម្របសម្រួលដល់ការធ្វើចរាចរណ៍ចេញចូលរបស់រថយន្តដឹកឈើខុសច្បាបើ និងជាអ្នកយកលុយប្រចាំខែរហូតដល់ប្រំាមួយដុល្លារ។

មិនតែប៉ុណ្ណោះលោក ឡេង សោភន្ធ័ បានយករថយន្ដបង្កុងផ្ទាល់ខ្លួនចំនួនប្រាំគ្រឿងផ្សេងទៀត ដើម្បីដឹកជញ្ជូនឈើដែលត្រូវកាប់រំលំរួចហើយ ចំណែក លោកឃិន ម៉េងស្រេង មេបញ្ជាការសឹងរងខេត្តមណ្ឌលគីរី បានបញ្ជាឲ្យកូនប្រសាររបស់ខ្លួនឈ្មោះ ឯម សុងហ៊ួ ជាអ្នកទទួលខុសត្រូវរាប់ក្បាលឡានក្នុង និងយកថ្លៃក្បាលឡាន។

តម្លៃសម្រាប់ក្បាលឡានដឹកឈើនេះ លោក ឯម សុងហ៊ួ អាចទារបានរហូតដល់៣០០ដុល្លារ ដូច្នេះគ្រាន់តែក្នុងរយៈពេលមួយខែនេះ កូនប្រសារលោក ឃិន ម៉េងស្រង អាចទទួលបានលុយមិនតិចជាង៣៥ម៉ឺនដុល្លារនោះទេ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ លោក ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរីធ្លាប់មានប្រសាសន៍ប្រាប់ Swift Newsថា មន្ត្រីរាជអាវុធហត្ថផ្ទៃប្រទេស ដែលកំពុងបង្ក្រាបករណីកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ចូលទៅក្នុងប្រទេសវៀតណាម បានរកឃើញភស្តុតាងច្រើនដែរហើយពាក់ព័ន្ធនឹងការឃុបឃិតគ្នាជាប្រព័ន្ធនេះ។

លោកបានមានប្រសាសន៍ថា «ទាហាន និងប៉ូលិស ជាពិសេសមេៗទាំងអស់ហ្នុង ប្រាប់ខ្ញុំថា អត់ដឹង។ នៅទីហ្នុងហើយឆ្លើយថាមិនដឹង មានតែមិនទទួលខុសត្រូវ មានតែឃុនឃិតគ្នាតែម្តង»។

លោកបានព្រមាននៅពេលនោះថា មេទាហាន និងមេនគរបាល ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសអាចប្រឈមនឹងការដកពីតំណែង ឬអាចរហូតដល់ផ្ទន្ទាទោសតាមច្បាប់ទៀតផង៕

photo_2017-03-06_15-10-51

photo_2017-03-16_18-59-00 photo_2017-03-16_18-59-09

WhatsApp Image 2017-02-28 at 1.26.24 PM photo_2017-02-28_11-59-12

photo_2017-02-28_11-59-06

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង