តើលោក ប៊ិន ឈិន ត្រូវឡើងជារដ្ឋមន្ត្រីស្តីទី អមគណៈរដ្ឋមន្ត្រី ជានរណា?

(ភ្នំពេញ) ៖ បច្ចុប្បន្នលោក ប៊ិន ឈិន គឺជាឥស្សរជនមួយរូបរបស់គណបក្សប្រជាជនកម្ពុជា និងមិនអាចខ្វះបាន នៅក្នុងជួររាជរដ្ឋាភិបាលរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនអាណត្តិទី៥។

លោកគឺជាឧបនាយករដ្ឋមន្ត្រីប្រចាំការ, ជាតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីផងដែរ។

តើលោក ប៊ិន ឈិន កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៤៩ ស្ថិតនៅក្នុងឃុំជើងទឹក ស្រុកកំពង់លាវ ខេត្តព្រៃវែង។

លោក ប៊ិន ឈិន បានក្លាយជាតំណាងរាស្រ្តជាលើកដំបូងនៅឆ្នាំ១៩៩៣ បន្ទាប់មក បានក្លាយជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ១៩៩៨ ហើយបានក្លាយជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញនេះពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០០៧ តពីលោក ចាន់ សុក។

ចំពោះប្រវត្តិនៃការសិក្សា លោក ប៊ិន ឈិន បានបញ្ចប់ការសិក្សាផ្នែកសញ្ញាប័ត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបានក្លាយជាសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ និងជាសិស្សជាន់ខ្ពស់ជំនាន់ទី២នៃសាលាជាតិរដ្ឋបាលនៅមុនឆ្នាំ១៩៧៥។
មុនពេលក្លាយជាតំណាងរាស្រ្ត និងជាអ្នកនយោបាយនៅក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ធ្លាប់ជាបុគ្គលិកនៃមន្ទីរឧស្សាហកម្ម ពាណិជ្ជកម្ម ខេត្តព្រៃវែង នៅឆ្នាំ១៩៨០-១៩៨២។ បន្ទាប់មកបានក្លាយជាប្រធានការិយាល័យនេះពីឆ្នាំ១៩៨២ – ១៩៨៤ ហើយពីឆ្នាំ១៩៨៤ ដល់១៩៨៦ លោកគឺជាប្រធានមន្ទីរឧស្សាហកម្មខេត្តព្រៃវែងតែម្តង។

មកដល់ឆ្នាំ១៩៨៦ ដល់១៩៩០ លោកបានឡើងកាន់តួនាទីថ្មី ជាអនុប្រធានខេត្តទទួលបន្ទុកផែនការខេត្តព្រៃវែង ហើយពីឆ្នាំ១៩៩២ ដល់១៩៩៣ លោកគឺជាអនុប្រធានទី១ខេត្តព្រៃវែង និងបានក្លាយជាតំណាងរាស្ត្រមណ្ឌលព្រៃវែងពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៨។

បច្ចុប្បន្ន លោក ប៊ិន ឈិន ដែលមានអាយុ៦៨ឆ្នាំ គឺជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងបានបន្តកាន់តួនាទីសំខាន់ៗ ទាំងនៅក្នុងបក្ស និងនៅក្នុងរដ្ឋាភិបាល។

ចាប់តាំងពីក្រោយការបោះឆ្នោតជាតិនៅខែកក្កដាឆ្នាំ២០១៣មក លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានក្លាយជាឥស្សរជនកាន់តែលេចធ្លោថែមទៀត ដោយក្នុងនោះ លោកគឺជាប្រធានក្រុមការងារចរចារបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅបញ្ចប់ជម្លោះនយោបាយជាមួយគណបក្សសង្រ្គោះជាតិ កាលពីខែកក្កដា ឆ្នាំ២០១៥។ កាលណោះ លោកក៏បានចូលរួមនៅក្នុងការសរសេរវិសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោត ដែលមានការកែរប្រែរូបមន្តនៃបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ថ្មីបច្ចុប្បន្ននេះដែរ៕

cambodia-bin-chhin-jan-2015-1000

 

 

ក្នុងនាមជាឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាមនុស្សសំខាន់នៅក្នុងគណបក្ស លោក ប៊ិន ឈិន ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ការទុកចិត្តតែងតាំងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យសពរបស់សម្តេចវិបុលបញ្ញា សុខ អាន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ហើយចុងក្រោយនេះ លោកត្រូវបានតែងតាំងជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព កាលពីម្សិលមិញនេះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង