ប.ស.ស ផ្តល់ការព្យាបាលរហូតដល់ជាសះស្បើយ ចំពោះកម្មករ កម្មការិនី ដែលបានដួលសន្លប់នៅខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ នៅថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ និង ៣០នាទី មានករណីកម្មករ និយោជិតដួលសន្លប់ចំនួន៣៥នាក់ ដែលបម្រើការងារនៅរោងចក្រ KAI NENG LEATHER PRODUCTS មានកម្មករ និយោជិតសរុបចំនួន១២៤៤នាក់ ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ករណីសន្លប់ខាងលើនេះ ផ្តើមចេញពីកម្មករ និយោជិតម្នាក់មានបញ្ហាផ្លូវចិត្ត ហើយក៏បានសន្លប់នៅក្នុងរោងចក្រ ស្រាប់តែកម្មករ កម្មការិនី ដែលនៅក្បែរឃើញដូច្នេះ ក៏មានអារម្មណ៍ភិតភ័យ រន្ធត់ និងសន្លប់តៗគ្នា ហៅថាជំងឺស្នេហ៍ហ្វូងតែម្តង

ដោយមានការសម្របសម្រួលពីមន្រ្តី បេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលរោងចក្រ បានបញ្ជូនកម្មករកម្មការិនីរងគ្រោះទាំង៣៥នាក់ ទៅសង្គ្រោះបន្ទាន់ និងសម្រាកព្យាបាល តែ វណ្ណា ចំនួន១៥នាក់ និងនៅមន្ទីរពេទ្យបង្អែកឧដុង្គ ចំនួន២០នាក់ដើម្បីធានាដល់សុវត្ថិភាពរបស់ម្មករនិយោជិតមិនឱ្យមានការសន្លប់កើនឡើង ថៅកែរោងចក្របានផ្អាកសកម្មភាពការងារ និងអនុញ្ញាតឱ្យកម្មករ កម្មការិនីទាំងអស់ឈប់សម្រាកចំនួន០១ថ្ងៃ ជាបណ្តោះអាសន្ន។

ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះទៅពិនិត្យស្ថានភាពនៅក្នុងរោងចក្រ និងស្រាវជ្រាវរកមូលហេតុជាក់ស្តែងដែលបង្ករឱ្យមានករណីសន្លប់កើតឡើង។

រាល់ថ្លៃដឹកជញ្ជូន ការសង្គ្រោះបន្ទាន់ និងសម្រាកព្យាបាលជនរងគ្រោះរហូតដល់ជាសះស្បើយ ជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com