គ​.​ជ​.​ប ប្រកាស​ពី​ក្បួន​ឃោសនា​របស់​គណបក្សនយោបាយ​ចំនួន ៦ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​បើក​យុទ្ធនាការ ថ្ងៃ​០៧​កក្កដា មាន ៣ បក្ស ហែ​ក្បួន​

(​ភ្នំពេញ​)៖ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​រាជធានី​ភ្នំពេញ បានប្រកាស​ពី​បញ្ជីរាយនាម​គណបក្សនយោបាយ ដែល​បាន​ជូនដំណឹង​ស្តីពី​ការឃោសនាបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ក្នុងនោះ មាន​គណបក្សនយោបាយ​ចំនួន ៦ បាន​ជូនដំណឹង​មកកាន់​គ​.​ជ​.​ប រាជធានី​ភ្នំពេញ ពី​ការជួបជុំ​ហែ​ក្បួន​ឃោសនា នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត នា​ថ្ងៃទី​០៧ ខែកក្កដា គឺមាន​គណបក្សនយោបាយ ចំនួន ៣ គ្រោង​នឹង​ជួបជុំ​ហែ​ក្បួន នៅ​ភ្នំពេញ​។​

​គ​.​ជ​.​ប រាជធានី​ភ្នំពេញ បានប្រកាស​ពី​គណបក្សនយោបាយ​ទាំង ៦ ដែល​គ្រោង​នឹង​ជួបជុំ​ហែ​ក្បួន​ឃោសនា នៅ​រាជធានី​ភ្នំពេញ រួមមាន​៖

១-​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​០៧ ខែកក្កដា នឹង​ជួបជុំ​នៅ​កោះ​ពេជ្រ និង​តាម​បណ្តា​ខណ្ឌ​ទាំង ១២ ដោយមាន​អ្នកចូលរួម​ប្រមាណ ៦​ម៉ឺន​នាក់ រថយន្ត ១.៧២០ គ្រឿង និង​ម៉ូតូ ១៤.៤០០ គ្រឿង​។

២-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ថ្ងៃទី​០៧ ខែកក្កដា នឹង​ជួបជុំ​ហែ​ក្បួន ចេញពី​ទីស្នាក់ការ​គណបក្ស ក្នុង​សង្កាត់​ជ្រោយចង្វារ ដោយមាន​អ្នកចូលរួម ២.០០០ នាក់ រថយន្ត​តូច ៤០ គ្រឿង និង​រថយន្ត​កូរ៉េ ៨០ គ្រឿង ម៉ូតូ​កង់​បី ៣០០ គ្រឿង និង​ម៉ូតូ ៥០០ គ្រឿង​។ បញ្ចប់​នៅ​ធនាគារជាតិ ផ្លូវ​ហាណូយ សម្រាក​នៅ​ផ្លូវ ៦០ ម៉ែត្រ អាហា​ថ្ងៃត្រង់​។​

៣-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នា​ថ្ងៃទី​០៧ ខែកក្កដា ហែ​ក្បួន ចេញពី​ផ្លូវ ៦០ ម៉ែត្រ បញ្ចប់​នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ភាព ( មាត់ទន្លេ ) ដោយមាន​អ្នកចូលរួម ១៥.០០០ នាក់ រថយន្ត​តូចធំ ៣០០ គ្រឿង ម៉ូតូ​កង់​បី ៥០០ គ្រឿង និង​ម៉ូតូ ៤.០០០ គ្រឿង​។​

៤-​គណបក្ស​យុវជន​កម្ពុជា នៅ​ថ្ងៃទី​០៨ ខែកក្កដា និង​ថ្ងៃទី​២២ ខែកក្កដា ហែ​ក្បួន ចេញពី​ទីស្នាក់ការ​គណបក្ស បញ្ចប់​នៅ​ទីស្នាក់ការ​គណបក្ស ដោយមាន​អ្នកចូលរួម ១៥០​នាក់ រថយន្ត ០២​គ្រឿង ម៉ូតូ​កង់​បី ២​គ្រឿង និង​ម៉ូតូ ៥០ គ្រឿង​។​

៥-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ហែ​ក្បួន ចេញពី​ទីស្នាក់ការ​គណបក្ស បញ្ចប់​នៅ​វត្ត​ចាស់​ជ្រោយចង្វារ ដោយមាន​អ្នកចូលរួម ១.០០០ នាក់ រថយន្ត ១០០ គ្រឿង ម៉ូតូ​កង់​បី ១០០ គ្រឿង និង​ម៉ូតូ ៥០០ គ្រឿង​។​

៦-​គណបក្ស​ធម្មាធិបតេយ្យ នៅ​ថ្ងៃទី​១៥ ខែកក្កដា ហែ​ក្បួន ចេញពី​ទីស្នាក់ការ​គណបក្ស និង​បញ្ចប់​នៅ​ម្តុំ​កំពង់ផែ​ភ្នំពេញ ដោយមាន​អ្នកចូលរួម ១៦៨ នាក់ រថយន្ត ១០​គ្រឿង ម៉ូតូ​កង់​បី ១០ គ្រឿង និង​ម៉ូតូ ៤០ គ្រឿង​។​

​សូម​រម្លឹកថា ក្រៅពី​នៅ​ភ្នំពេញ គណបក្សនយោបាយ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ទាំង ២០ គណបក្ស ក៏មាន​ការជួបជុំ​ហែ​ក្បួន​ឃោសនា នៅតាម​ខេត្ត ស្រុក ក្រុង ខណ្ឌ ឃុំ​សង្កាត់ ទូទាំងប្រទេស​ផងដែរ​។​

​ក៏ប៉ុន្តែ​តាមច្បាប់ គណបក្សនយោបាយ​នីមួយៗ មាន​ពិធី​ជួបជុំ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ តែ ២​លើក ប៉ុណ្ណោះ ក្នុង​រយៈពេល​ឃោសនាបោះឆ្នោត រយៈពេល ២១ ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ក្បួន​ឃោសនា​នោះ ត្រូវធ្វើ​តែ​ក្នុង​រាជធានី​ខេត្ត​នីមួយៗ ដោយ​មិនមាន​ឆ្លងដែន ចេញពី​រាជធានី​ខេត្ត​បានឡើយ​៕ (SN-​ស្រ៊ុន ទិ​ត្យ​)​

  

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com