គណបក្ស​ប្រជាជន​កម្ពុជា ជួបជុំ​ធំ​នៅ​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​សន្ទរកថា​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​!

(​ភ្នំពេញ​)៖ តាម​ការគ្រោងទុក នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជួបជុំ​ទ្រង់ទ្រាយ​ធំ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​ជួបជុំ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ថ្លែង​សន្ទរកថា បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​តាម​វិទ្យុ ទូរទស្សន៍ និង​ហ្វេ​ស​ប៊ុ​ក​ទៅកាន់​រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ​សង្កាត់​ទូទាំងប្រទេស​។​

​លោក សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់ Swift News ថា ក្នុងពេល​ជួបជុំ​នៅ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត នា​ថ្ងៃ​សៅរ៍ ទី​០៧ ខែកក្កដា ស្អែក​នេះ នឹងមាន​អ្នកចូលរួម​យ៉ាងច្រើន​កោះករ ដោយ​គណបក្ស និង​សកម្មជន​អ្នកគាំទ្រ​ក្នុង​ខណ្ឌ​ទាំង ១២ នៅ​រាជធានី​ភ្នំពេញ នឹង​ប្រមូលផ្តុំ​ក្នុង​អង្គ​មេ​ទ្ទិញ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុងពេល​ជួបជុំ​នោះ សម្តេច​តេ​ជោ នឹង​ថ្លែង​សន្ទរកថា ហើយ​គណបក្ស​គ្រប់​ជាន់ថ្នាក់ រៀបចំ​តាម​លទ្ធភាព ដើម្បី​ផ្សាយ​បន្ត​ផ្ទាល់​នូវ​សន្ទរកថា​ដ៏​មាន​អត្ត​ន័យ ទៅកាន់​សកម្មជន​អ្នកគាំទ្រ​នៅ​ខេត្ត​រាជធានី ស្រុក ខណ្ឌ ក្រុង ឃុំ សង្កាត់ ទូទាំងប្រទេស​។​

​លោក សួស យ៉ា​រ៉ា បន្តថា តាម​គម្រោង បន្ទាប់ពី​ថ្លែង​សន្ទរកថា សម្តេច​តេ​ជោ ហ៊ុន សែន នឹងមិន​ដឹកនាំ​ហែ​ក្បួន​ឃោសនា​ទេ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ខណ្ឌ​នីមួយៗ នឹង​ចេញ​ឃោសនា ក្នុង​រាជធានី​ភ្នំពេញ ហើយ​តាម​ខេត្ត ក៏​នឹង​ហែ​ក្បួន​ឃោសនា​តាម​មូលដ្ឋាន​របស់ខ្លួន ក្រោយពី​តាមដាន​សន្ទរកថា​រប​ស់ស​ម្តេច​តេ​ជោ រួច​។

សូម​រម្លឹកថា គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសថា គណបក្ស នៅ​ថ្នាក់កណ្តាល និង​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធី​ជួបជុំ បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គួប​ជាមួយនឹង​ពិធី​រំលឹក​ខួប​លើក​ទី​៦៧ នៃ​ថ្ងៃកំណើត​គណបក្ស នៅ​ថ្ងៃ​សៅរ៍ ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។ នៅថ្ងៃនោះ គណបក្ស​នឹង​ជួល​ប្រព័ន្ធ​វិទ្យុ និង​ទូរទស្សន៍​ឯកជន​នានា ដើម្បី​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ ចាប់ពី​ម៉ោង ៦:៥០ នាទី ដល់​ម៉ោង ៩:០០ នាទី​ព្រឹក​។

​លិខិត​ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​សម្តេច សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជម្រាបជូន​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ខេត្ត ដោយ​សម្តេច សាយ ឈុំ បាន​ណែនាំ​ដល់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រាជធានី​ខេត្ត​នីមួយៗ ត្រូវ​យកចិត្តទុកដាក់ ចាត់ចែង​រៀបចំ ៤ ចំណុច រួមមាន​៖
១-​ត្រូវ​ចាត់ចែង​ឲ្យ​មានការ​ផ្សាយ​បន្ត​ផ្ទាល់ តាម​គ្រប់​មធ្យោបាយ ពី​វិទ្យុ និង​ទូរទស្សន៍​ឯកជន​នានា នូវ​ការ​ថ្លែង​សុន្ទរកថា​នយោបាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស ឲ្យ​បាន​ទៅដល់​គ្រប់​ទីតាំង​របស់​គ្រប់​ថ្នាក់ ( ថ្នាក់​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​… ) ដែលមាន​ការជួបជុំ​ប្រារព្ធ​ពិធី​មុន​ការហែក្បួន​ឃោសនា ដោយ​ធ្វើយ៉ាងណា​ឲ្យ​គ្រប់គ្នា បានឃើញ​រូបភាព ឬ​/​និង​បានឮ​សំឡេង​ផ្ទាល់​របស់​សម្តេច​ប្រធាន​គណបក្ស​របស់​យើង​។

២-​ពេល​ស្តាប់​ចប់​សុន្ទរកថា​នយោបាយ​របស់​សម្តេច​ប្រធាន​គណបក្ស​ហើយ ក្បួន​ឃោសនា​របស់​គ្រប់​ថ្នាក់​គ្រប់ផ្នែក អាច​ចេញ​ហែ ឬ​ឃោសនា​តាម​គោលដៅ​នានា ដែល​បាន​គ្រោងទុក​។
៣-​ត្រូវមាន​ការផ្គត់ផ្គង់​អាហារ ទឹក​សុទ្ធ ការថែរក្សា​សុខភាព និង​សុវត្ថិភាព​ជូន​បងប្អូន ដែល​បាន​ចូលរួម​ឲ្យ​បានល្អ​បំផុត​។

៤-​សុន្ទរកថា​របស់​សម្តេច​ប្រធាន​គណបក្ស ខុទ្ទកាល័យ​នឹង​ផ្ញើជូន​ដល់​គ្រប់​ខេត្ត រាជធានី តាម​ប្រព័ន្ធ Telegram នៃ​ក្រុម​ប្រធាន​គណបក្ស​រាជធានី ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨៕ (SN-​ពិសិដ្ឋ​)​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com