មាន​តែ​«​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​»​ប៉ុណ្ណោះ​ដែល​អាច​ឲ្យ​ពល​ពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​

(​ភ្នំពេញ​)៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ផ្តាំ​ទៅ​ប្រជាពលរដ្ឋ​ថា​ ប័ណ្ណ​ព័ត៌មាន​ ស្តី​ពី​ការ​បោះ​ឆ្នោត​មិន​អាច​យក​ទៅ​បោះ​ឆ្នោត​បាន​នោះ​ឡើយ​ ពោល​មាន​តែ​អត្តសញ្ញាណប័ណ្ណ​ទើប​អាច​បម្រើ​ដល់​ការ​បោះ​ឆ្នោត​បាន​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​កូនក្មួយ​កម្មករ​កម្មការិនី​សរុប​ប្រមាណ​ ២៧,៥២៩​នាក់​មក​ពី​រោងចក្រ​ចំនួន​២៥​ នៅ​ក្នុង​ខេត្តកណ្តាល​កាលពី​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។​

​នា​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ជា​ថ្ងៃ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​ ដូច្នេះ​ដល់​ពេល​ត្រឹមតែ​២៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ហើយ​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​ និង​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ សូម​ត្រៀម​ឯកសារ​សម្រាប់​បម្រើ​ដល់​ការ​បោះ​ឆ្នោត​ឲ្យ​រួចរាល់​ និង​អញ្ជើញ​ចូលរួម​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​កុំបី​ខាន​។​

​ចំពោះ​ឯកសារ​សម្រាប់​បម្រើ​ដល់​ការ​បោះ​ឆ្នោត​ Swift​ News​ នឹង​លើក​ការ​បញ្ជាក់​របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ​.​ជ​.​ប​ មកបង្ហាញ​ជូនដោយសង្ខេប​ដូច​ខាងក្រោម​៖

​ប្រជាពលរដ្ឋដែលត្រូវបោះឆ្នោត​ ត្រូវចាំ​ថា​ ឯកសារ​ដែល​ត្រូវ​យក​ទៅ​បោះ​ឆ្នោត​ និងមានសិទ្ធិបោះឆ្នោតមាន​តែ​០២​ (​ពីរ​)​ ប្រភេទ​ប៉ុណ្ណោះ​គឺ​ «​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​»​។​

​ឯ​ «​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​»​គ្រាន់តែ​ជា​ឯកសារ​ ជំនួយ​សម្រាប់​ងាយស្រួល​ រក​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​ និង​រក​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ តែ​ប៉ុណ្ណោះ​។​ ប្រជាពលរដ្ឋ​ ត្រូវ​ចង​ចាំ​ថា​ បង្កាន់ដៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មិន​អាច​ប្រើប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​បាន​ទេ​។​

​សូម​បញ្ជាក់ដែរ​ថា ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ ចាប់ពី​ម៉ោង​៧៖០០​ព្រឹក​ ដល់​ម៉ោង​៣៖០០​រសៀល​ នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​នានា​ទូ​ទាំង​ប្រទេស​។​

​ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្មែរ​គ្មាន​ ឬ​បាត់​ ឬ​ខូច​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ នោះ​សាមីខ្លួន​ត្រូវ​យក​រូបថត​ទំហំ​ ៣x៤​ ចំនួន​៣​សន្លឹក​ (​ថត​ចំ​ពីមុខ​)​ និង​នាំ​សាក្សី​២​រូប​ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ និង​មាន​លំនៅ​ឋាន​ ឬ​ទី​សំណាក់​ក្នុង​ឃុំ​-​សង្កាត់​ជាមួយ​ មក​បង្ហាញខ្លួន​ដោយ​ផ្ទាល់​ ចំពោះ​មុខ​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​ និង​មេឃុំ​ ឬ​ចៅសង្កាត់​ ដើម្បី​បំពេញ​លិខិតស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​។​

​ចំពោះ​កា​លប​ច្ឆេ​ទ​នៃ​ការ​ស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​នេះ​ មាន​រយៈពេល​៣០​ថ្ងៃ​ មុន​ដល់​ថ្ងៃ​បោះ​ឆ្នោត​ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​២៨​ ខែមិថុនា​ រហូត​ដល់​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៨​។​

​ចំពោះ​«​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​»​ គឺ​ពិតជា​មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ព្រោះ​បណ្ណ​នេះ​បាន​ផ្ដល់​ព័ត៌មាន​ផ្ទាល់​របស់​អ្នកបោះឆ្នោត​អំពី​លេខ​រៀង​ ឈ្មោះ​អ្នកបោះឆ្នោត​ កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ ឈ្មោះ​ទីតាំង​ និង​លេខ​កូដ​ការិយាល័យ​បោះ​ឆ្នោត​ជាដើម​។​ ប៉ុន្តែ​បណ្ណ​ព័ត៌មាន​នេះ​ មិន​អាច​ប្រើប្រាស់​សម្រាប់​បោះ​ឆ្នោត​បាន​ឡើយ​។​

​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​សាលាឃុំ​ សង្កាត់​របស់​ខ្លួន​ ឬ​ទីស្នាក់ការ​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​ ដើម្បី​សុំ​ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ឬ​ទៅ​ពិនិត្យ​មើល​ឈ្មោះ​ នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ ដែល​បិទ​ផ្សាយ​មួយ​ថ្ងៃមុន​ថ្ងៃ​បោះ​ឆ្នោត​។​ ជាមួយ​គ្នា​នេះ​ប្រជាពលរដ្ឋ​ក៏​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ http://voterlist.org.kh​ ដើម្បី​ដឹង​ពី​ការិយាល័យ​បោះ​ឆ្នោត​បាន​ដែរ​៕​ (Swift​ News)
​  

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com