ស្ថានទូតជប៉ុនរួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFAC) បានរៀបចំកម្មវិធីបើកពិធីបុណ្យតាណាបាតាឆ្នាំ២០១៨

(ភ្នំពេញ)៖ស្ថានទូតជប៉ុនរួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFAC) បានរៀបចំកម្មវិធីបើកពិធីបុណ្យតាណាបាតាឆ្នាំ២០១៨ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅCJCC ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុន និងឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវបណ្ឌិត ភឿង សាកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្មវិធីវប្បធម៌នេះ ចូលរួមអបអរសាទរដល់ខួបអនុស្សាវរីយ៍៦៥ឆ្នាំនៃមិត្តភាពរវាងជប៉ុននិងកម្ពុជា។

ក្នុងកម្មវិធីបើក ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ និងឯកឧត្តម សោម សុគន្ធ បានថ្លែងសុន្ទរកថាស្វាគមន៍ ដើម្បីអបអរសាទរកម្មវិធីបើកពិធីបុណ្យនេះ ព្រមជាមួយគ្នា ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បានប្រគល់លិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុន ជូនចំពោះ CJCC តាមរយៈ លោក ស៊ាង និមល នាយករង នៃCJCC សម្រាប់ការចូលរួមចំណែករបស់CJCC រយៈពេលជាច្រើនឆ្នាំកន្លងមកនេះក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ។

នៅក្នុងកម្មវិធីបើកមានការសម្តែងដ៏គួរឲ្យចាប់អារម្មណ៍រវាងប្រទេសទាំងពីរ។ សិល្បៈការនីជប៉ុនផ្នែក របាំប្រពៃណីខ្មែរ កញ្ញា Yamanaka Hitomi បានសម្តែងក្បាច់រាំខ្មែរ ដែលជាការបង្កើតថ្មីចេញពីអក្សរសាស្រ្ត ឬកំណាព្យជប៉ុន ដោយសាស្រ្តាចារ្យរបស់កញ្ញា រួមនឹងខ្លួនកញ្ញាផ្ទាល់។ បន្ទាប់មកទៀត មានការសម្តែងតន្រ្តី ប្រពៃណីជប៉ុន និងកម្ពុជារួមគ្នា។

តន្រ្តីករប្រពៃណីជប៉ុន Pro Musica Nipponia និងតន្រ្តីករកម្ពុជា មកពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រគំតន្រ្តីប្រពៃណីរៀងៗគ្នា ដោយប្រើប្រាស់ឧបករណ៍ប្រពៃណី និងបានប្រគំតន្រ្តីរួមគ្នា តាមរយៈបទចម្រៀង «អារ៉ាប់ពីយ៉ា»។ ចុងក្រោយនៃកម្មវិធី ក៏មានការប្រគំតន្រ្តី តាមរយៈ បទចម្រៀងជប៉ុន«តាណាបាតា-សាម៉ា» ដែលអមដោយការច្រៀងពីនិស្សិតកម្ពុជានៃដេប៉ាតឺម៉ង់ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ពិធីបុណ្យឆ្នាំនេះ នឹងប្រារព្ធឡើងរហូតដល់ថ្ងៃទី០៦ ខែកក្កដា នៅCJCC ដែលក្នុងនោះរួមមានកម្មវិធីវប្បធម៌ជាច្រើនដូចជា សិក្ខាសាលាស្តីពីឧបករណ៍តន្ត្រី បុរាណជប៉ុន ការបញ្ចាំងខ្សែភាពយន្តគំនូរជីវចលជប៉ុនដ៏ល្បីល្បាញរឿង «One Piece» ការប្រឡងចម្រៀងភាសាជប៉ុន Nodojiman ឆ្នាំ២០១៨ ថ្នាក់រៀនចម្អិនម្ហូបជប៉ុន

សិល្បៈបត់ក្រដាស«អូរីហ្គាមី» សិល្បៈកាត់ក្រដាស«គីរីហ្គាមី» ការសរសេរអក្សរផ្ចង់«ស្យូដូ» ការសាកល្បងស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុន និងកម្ពុជា ព្រមទាំងការតាំងពិព័រណ៍ផ្សេងៗ នៅក្នុងពិធីបុណ្យនេះ។

ពិធីបុណ្យតាណាបាតា «ពិធីបុណ្យផ្កាយ» ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៤ ដោយ CJCC។ ដោយឡែក សម្រាប់ឆ្នាំនេះ មានការចូលរួមសហការរៀបចំដោយ CJCC ស្ថានទូតជប៉ុន និងJ FACក្នុងគោលបំណងបន្តជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរបន្ថែមទៀត ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com