ទូរទស្សន៍​លក់​ម៉ោង​ផ្សាយ​ឲ្យ​គណបក្សនយោបាយ ១​នាទី ថ្លៃ​ជាង ២០០ ដុល្លារ ដល់​ជាង ៨០០ ដុល្លារ

(​ភ្នំពេញ​)៖ តម្លៃ​ជួល​ម៉ោង​ផ្សាយ​នៅតាម​វិទ្យុ និង​ទូរទស្សន៍ សម្រាប់​គណបក្ស​ឃោសនា​ពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត គឺ​ខុសៗ​គ្នា តាម​ការកំណត់​របស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​នីមួយៗ​។ ក្នុងនោះ ទូរទស្សន៍ បានសម្រេច​លក់ ឬក៏​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្សនយោបាយ ក្នុងតម្លៃ​ពី​ជាង ២០០ ដុល្លារ ដល់​ជាង ៨០០ ដុល្លារ ក្នុង ១​នាទី​។​

​លោក មាស រិទ្ធី អគ្គនាយករង​ទូរទស្សន៍​ហង្ស​មាស បាន​បញ្ជាក់ថា ទូរទស្សន៍​ហង្ស​មាស មាន​ម៉ោង​ជួល​សម្រាប់​គណបក្សនយោបាយ ក្នុងពេល​ឃោសនាបោះឆ្នោត នៅ​ម៉ោង​មាស ( Prime Time ) ថ្លៃ​ជាង ៨០០ ដុល្លារ ក្នុង ១​នាទី​។ ទូរទស្សន៍​ហង្ស​មាស លក់ ឬក៏​ជួល​ឲ្យ​គណបក្សនយោបាយ ចាប់ពី ២០ នាទី​ឡើងទៅ​។ ដោយឡែក នៅ​ម៉ោង​ផ្សាយ​ធម្មតា តម្លៃ​ជាង ២០០ ដុល្លារ ក្នុង ១​នាទី​។ ម៉ោង​មាស ( Prime Time ) គិតពី​ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៩ យប់​។​
​ ​
​លោក មាស រិទ្ធី បន្ថែមថា នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត នា​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ ទូរទស្សន៍​ហង្ស​មាស បាន​លក់​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់ពី​ម៉ោងជាង ៦ ព្រឹក​តទៅ ដោយ​កាច់​ការផ្សាយ​បន្ត​ផ្ទា​ល់ពី​ទូរទស្សន៍​អប្សរា​នូវ​ព្រឹត្តិការណ៍​ជួបជុំ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោងជាង ៦ ព្រឹក​តទៅ​។ តម្លៃ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ទូរទស្សន៍​ហង្ស​មាស គិតថ្លៃ​ជាង ២០០ ដុល្លារ ក្នុង ១​នាទី​។​
​ ​
​ចំណែក​ក្រុមហ៊ុន CBS របស់​អ្នកឧកញ៉ា គិត ម៉េង ដែលមាន​ស្ថានីយទូរទស្សន៍ CTN, My TV, CNC, CTN International, One TV និង​វិទ្យុ FM 94 MHz ក៏បាន​ប្រកាស​ពី​តម្លៃ​ជួល​ម៉ោង​ផ្សាយ សម្រាប់​គណបក្សនយោបាយ ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត គឺ​នៅក្នុង​ម៉ោង​ធម្មតា តម្លៃ ៥០០ ដុល្លារ ក្នុង​រយៈពេល ១​នាទី និង​ជួល​ម៉ោង នៅក្នុង​ម៉ោង​មាស ( Prime Time ) តម្លៃ ៧០០ ដុល្លារ ក្នុង ១​នាទី​។ ការជួល​ម៉ោង​នេះ ក្រុមហ៊ុន CBS តម្រូវ​ឲ្យ​គណបក្សនយោបាយ​ជួល​ម៉ោង​ផ្សាយ​ម្តង ចាប់ពី ២០ នាទី ឡើងទៅ​។​

​សូម​រម្លឹកថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៨ បានប្រកាសថា ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ចំនួន ៨ បានប្រកាស​ជួល និង​លក់​ម៉ោង​ឲ្យ​គណបក្សនយោបាយ ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។
​សេចក្តីប្រកាស​របស់​គ​.​ជ​.​ប បានបង្ហាញ​ពី​ឈ្មោះ និង​លេខ​ទូរស័ព្ទ​របស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ទាំង ៨ ដែល​បានប្រកាស​ជួល និង​លក់​ម៉ោង​ផ្សាយ​ដល់​គណបក្សនយោបាយ ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត រួមមាន​៖
១-​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ហង្ស​មាស
២-​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ បាយ័ន ( Bayon TV )
៣-​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ កងយោធពល​ខេមរភូមិន្ទ ប៉ុស្តិ៍​លេខ​៥
៤-​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ប៉ុស្តិ៍​លេខ​៣ ( TV3 )
៥- អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍ អប្សរា ( ប៉ុស្តិ៍​លេខ​១១ )
៦-​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ប្រ​ត​ឃែ​ស​ស្ទី​ង សឺ​វី​ស ( CBS ) មាន​ស្ថានីយទូរទស្សន៍ ៣ គឺ CTN, CNC និង MY TV​។​
​ ​
​គ​.​ជ​.​ប បានលើកឡើង ក្នុង​សេចក្តី​ប្រកាសថា យោងតាម​គោលការណ៍ សម្រាប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ក្នុង​ការលក់ ឬ​ជួល​ម៉ោង​ផ្សព្វផ្សាយ​ឲ្យ​គណបក្សនយោបាយ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត ដែល​ចេញ​ដោយ គ​.​ជ​.​ប បាន​កំណត់ថា ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ត្រូវ​ជូនដំណឹង​ពី​ការលក់ ឬ​ជួល​ម៉ោង​ផ្សាយ​នេះ ទៅគ្រប់​គណបក្ស​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត ក្នុង​រយៈពេល​យ៉ាងតិច ៣ ថ្ងៃមុន​ថ្ងៃ​ចាប់ផ្តើម​ឃោសនាបោះឆ្នោត ហើយ​សេចក្តីជូនដំណឹង​នេះ ត្រូវ​ចម្លងជូន​មក​គ​.​ជ​.​ប ចំនួន ១​ច្បាប់​។​
​ ​
​គ​.​ជ​.​ប ក៏បាន​គូសបញ្ជាក់ថា គណបក្សនយោបាយ​ទាំងអស់ ដែលមាន​បំណង​ទិញ ឬ​ជួល​ម៉ោង​សម្រាប់​ការផ្សព្វផ្សាយ​គោលនយោបាយ និង​កម្មវិធី​នយោបាយ ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត សូម​ទាក់ទង​ទៅ​ម្ចាស់​ក្រុមហ៊ុន ឬ​ម្ចាស់​ស្ថានីយ​ដោយផ្ទាល់​។
​ ​
​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត រយៈពេល ២១ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ គ​.​ជ​.​ប ក៏បាន​រៀបចំ​ផ្សាយ​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ទាំង ២០ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត ដោយ​ចែក​ម៉ោង​ពេល​ស្មើៗ​គ្នា​។ កម្មវិធី​នយោបាយ​របស់​គណបក្ស​ទាំងនោះ ត្រូវ​បានគ​.​ជ​.​ប ចាត់ចែង​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​ជាតិ ២ ដង ក្នុង ១ ថ្ងៃ គឺ​នៅពេល​ព្រឹក និង​ពេលយប់​៕ (SN-​ពិសិដ្ឋ​) 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com