កូនស្វាយចន្ទីកំពុងមានហាងឆេងល្អដើមឆ្នាំ២០១៨ ស្របពេលនេះប្រជាកសិករបានពង្រីកផ្ទៃដីដាំដុះរបស់ខ្លួនជាបន្តបន្ទាប់

(រតនគិរី)៖ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តរតនគីរី បានឲ្យប្រាប់ដឹងថា ដោយសារគ្រាប់ស្វាយចន្ទីស្ងួតកាលដើមឆ្នាំ២០១៨កន្លងទៅមានតម្លៃល្អ ទើបនៅចុងខែមិថុនា ពាក់កណ្ដាលឆ្នាំ២០១៨នេះ ប្រជាកសិករក្នុងខេត្ត(រតនគិរី) ពង្រីកផ្ទៃដីដាំដុះកូនស្វាយចន្ទីរបស់ខ្លួនរហូតដល់២ពាន់ហិកតា។

លោក សយ សូណា បានឲ្យដឹងទៀតថា កាលដើមឆ្នាំ២០១៨ កន្លងទៅគ្រាប់ស្វាយចន្ទីស្ងួតបានកើនឡើងតម្លៃរហូតទៅដល់ជិត១ម៉ឺនរៀលក្នុង១គឺឡូក្រាមកាលពីដើមខែមករា ។ ប៉ុន្ដែតម្លៃក្នុងដើមខែមករានេះមិននៅស្ថិតស្ថេរនោះទេ ដោយតម្លៃបានធ្លាក់ចុះតិចតួចវិញនៅចុងរដូវប្រមូលផលគ្រាប់ស្វាយចន្ទីត្រឹម៨ពាន់ក្នុង១គឺឡូក្រាមវិញ។

អ្នកស្រី ថោ ស្រីពៅ អាយុ៤២ ជនជាតិខ្មែរ ជាអ្នកប្រកបរបរបណ្ដុះកូនស្វាយចន្ទីលក់ នៅភូមិថ្មី ឃុំទីងចាក់ បានប្រាប់ថា ដំបូងគាត់បានយកកូនស្វាយចន្ទីពីខេត្តកំពុងចាម មកបណ្ដុះដោយបានទទួលផលល្អ ទើបគាត់បណ្ដុះបន្ដររហូតមកដល់ថ្ងៃនេះគាត់បានកូនស្វាយចន្ទីរហូតទៅដល់ជាង១០ម៉ឺនដើម ដោយច្រកដីដាក់ថង់។

អ្នកស្រី ថោ ស្រីពៅ បានបញ្ជាក់ឲ្យដឹងថា រាល់ថ្ងៃនេះគាត់លក់កូនស្វាយចន្ទីក្នុង១ដើមតម្លៃ២៥០០រៀលសម្រាប់អ្នកកក់ ឯសម្រាប់អ្នកមកទិញដោយមិនបានកក់ជាមុនគឺលក់ក្នុងតម្លៃ៤០០០រៀលហើយមកដល់ជាងពាក់កណ្ដាលខែមិថុនា អ្នកស្រីលក់កូនស្វាយចន្ទីបានជាង៦ម៉ឺនដើមហើយ។

កម្មករដាំកូនចន្ទីនៅក្នុងចំការខាលើឈ្មោះ ឆុន វី អាយុ៤៩ រស់នៅស្រុកកញ្ជៀច ខេត្តព្រៃវែង បាននិយាយថា រាល់ថ្ងៃនេះលោក និងគ្រួសារបានមកស៊ីឈ្នួលច្រកដីដាក់ថង់ ឲ្យម្ចាស់ទីតាំងបណ្ដុះកូនស្វាយចន្ទីខាងលើ បានជាង១ពាន់ ទៅ២ពាន់ថង់ក្នុងង១ថ្ងៃ ដោយទទួលបានប្រាក់កម្រៃពី៧ម៉ឺន ទៅ៨ម៉ឺនរៀល  សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់កូនរៀនសូត្រផង។

ប្រជាកសិករម្នាក់ទៀតឈ្មោះ វ៉ា ឌី ជាម្ចាស់ចំការនៅភូមិយឿនចាស់ ឃុំកក់ ស្រុកបកែវ បានឲ្យដឹងថាក្នុងឆ្នាំនេះគាត់បានពង្រឹកដាំកូនស្វាយចន្ទីបានចំនួន៥ហិកតាបន្ថែមទៀត សរុបមានចំនួន១០ហិកតា។ ហើយរយៈពេលដាំរហូតបានទទួលផលចាប់គឺពី២ឆ្នាំរហូតដល់ប្រាំឆ្នាំទើបទទួលបានផលល្អ ហើយការទទួលផលបានចាប់ពី១តោន ទៅ២តោនក្នុង១ហិកតា។

គួបញ្ជាក់ថា ផ្ទៃដីដាំដុះស្វាយចន្ទីទូទាំងខេត្តរតនគិរីក្នុងឆ្នាំ២០១៨នេះ មានចំនួនជាង៣ម៉ឺនហិកតា បើធៀបនឹងឆ្នាំកន្លងទៅមានការកើនឡើងជាង២ពាន់ហិកតា។ ហើយស្រុកដែលដាំកូនស្វាយចន្ទីច្រើនជាងគេក្នុង៩ក្រុង-ស្រុកទូទាំងខេត្តរតនគិរី គឺស្រុក៤និងក្រុង១៖ ស្រុកអូជុំ, ស្រុកបរកែវ, ស្រុកអូយ៉ាដាវ, ស្រុកលំផាត់ និងក្រុងបានលុង៕ (SN-ម៉ី ភិរម្យ)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com