អភិបាលខេត្តរតនគិរីអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូលសូមបញ្ឈប់ការកាប់រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ទិ

(រតនគិរី)៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូលដ្ឋាន សូមបញ្ឈប់ការកាប់រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ទិ ដោយងាកមកដាំកូនឈើ និងចេះ​ស្រលាញ់​ព្រៃឈើឡើងវិញ ដើម្បីបន្សល់ទុកជាមរតកដល់ក្មេងៗជំនាន់ក្រោយ ។

ឯកឧត្តម ថង សាវុន បានអំពាវនាវបែបនេះ ក្នុងឱកាសប្រារព្ធពិធីរុក្ខទិវា ៩កក្កដា​ នាព្រឹកថ្ងៃ
ទី៥ ខែ កក្កដា ឆ្នាំ២០១៨ លើដងផ្លូវក្នុងភូមិសាស្រ្តដីសម្បទានសង្គមកិច្ច ស្ថិតនៅ​ភូមិ​៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តមណ្ឌលគិរី។

អភិបាលខេត្តរតនគិរី បានថ្លែងបន្ដទៀតថា ព្រៃឈើជាវត្ថុដ៏មានតម្លៃធំធេងសម្រាប់មនុស្សជាតិ ជាស​រសៃឈាម​ក្នុង​វិស័យ​កសិកម្ម ទេសចរណ៍ ជា​អាយុជីវិត​របស់​ប្រជាកសិករ និង​ជា​ប្រភព​កំណើនសេដ្ឋកិច្ច​។ ដូច្នេះ​យើង​ត្រូវ​រួមគ្នាថែរក្សា ការពារ​ព្រៃឈើ និង​សត្វព្រៃ ពីព្រោះព្រៃឈើជាគោលដៅយូរអង្វែងរបស់ប្រទេសជាតិយើង សម្រាប់ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ី ប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យបានប្រសើរឡើង និងប្រែក្លាយមូលដ្ឋានក្នុងតំបន់ដីសម្បទានសង្គមកិច្ចនេះឲ្យមានទេសភាពល្អ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងទៀតថា ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។ ព្រៃឈើ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និងជាអាយុជីវិតមនុស្ស និងសត្វ ដែលទាមទារឲ្យមានការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិ ឱ្យសមហេតុសមផល ដើម្បីធានានូវតុល្យភាពបរិស្ថាន ហើយផ្ដល់ឱកាសឲ្យកូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ពីធនធានទាំងអស់នេះ ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងភាពសុខដុមរមនាក្នុងការរស់នៅ។

បើតាមរបាយការណ៍របស់លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានបញ្ជាក់ថា ដោយអនុវត្តតាមគោលនយោបាយកំណែទម្រង់ព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការគ្រប់គ្រងអភិរក្សធនធានព្រៃឈើ សំដៅធានាឲ្យបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបរិស្ថាន សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន ក៏ដូចទៅថ្ងៃអនាគត ជាលទ្ធផលមន្ត្រីរដ្ឋបាលព្រៃឈើ បានអនុវត្តទៅតាមច្បាប់ស្តីពីព្រៃឈើ និងការងារគ្រប់គ្រង អភិរក្ស អភិវឌ្ឍន៍ វិស័យព្រៃឈើ ដោយទប់ស្កាត់ការកាប់ទន្រ្ទានដីព្រៃឈើ និងបង្រ្កាបបទល្មើសការដឹកជញ្ជូនឈើខុសច្បាប់ជាដើមទទួលបានលទ្ឋផលជាវិជ្ជមាន។

សូមបញ្ជាក់ថា ក្នុងឱកាសប្រារព្ធពិធីរុក្ខទិវា ៩កក្កដា​ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះដែរ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរត​នគិរី បាននាំកូនឈើព្រៃ និងកូនឈើហូបផ្លែជាង២០០០ដើមយកដាំលើផ្ទៃដីតាមដងផ្លូវក្នុងភូមិសាស្រ្តដីសម្បទានសង្គមកិច្ចអតីតយុទ្ទជន៕ (SN-ភិរម្យ)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com