តំណាងក្រុមហ៊ុនមកពីក្រុងហុងកុង និងទីក្រុងសិនជិន ចង់វិនិយោគលើវិស័យឧស្សាហកម្មកែច្នៃកាកសំណល់រឹងនៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ លោកស្រី Rose Zhang អគ្គនាយក JJT International Capital Corporation បានដឹកនាំគណៈប្រតិភូវិនិយោគមកពីហុងកុង និងទីក្រុងសិនជិន ចូលជួបសម្តែងការគួរសមជាមួយ លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាការងារនេះ និងស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ លើគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មតាមបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃកាកសំណល់រឹង ដើម្បីប្រើប្រាស់ឡើងវិញស្ថិតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃ៨រោចខែបឋមសាឍឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០១៨នេះ។

តាមការលើកឡើងរបស់លោកស្រី Rose Zhang បានឲ្យដឹងថា គោលបំណងគណៈប្រតិភូអញ្ជើញមកនាឱកាសនេះ គឺចង់សិក្សាស្វែងយល់ពីការវិនិយោគ ជាពិសេសផ្តោតទៅលើវិស័យឧស្សាហកម្មកែច្នៃសំណល់រឹង រួមជាមួយនឹងការសិក្សាស្វែងយល់អំពីច្បាប់ នយោបាយ សក្តានុពលក្នុងការវិនិយោគនៅខេត្តព្រះសីហនុ រួមជាមួយកត្តាពាក់ព័ន្ធនានាផងដែរ។

ជាការឆ្លើយតប លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការស្វាគមន៏យ៉ាងរីករាយ ព្រមទាំងបានថ្លែងថា ខេត្តព្រះសីហនុទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគទាំងអស់ ប៉ុន្តែត្រូវតែគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ លោក យន្ត មីន ក៏បានបង្ហាញដល់គណៈប្រតិភូ អំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ពិសេសវិស័យដឹកជញ្ជូនដែលខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹកជ្រៅដែលអាចឲ្យនាវាដឹកបានរហូត៥ម៉ឺនតោន និងកំពុងពង្រីកបន្ថែមទៀតដើម្បីឲ្យកាន់តែប្រសើរថែមទៀត៕ (SN-ព្រះសីហនុ)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com