អគ្គលេខាធិការ គ.ជ.ប ថា សមាជិកបម្រើការនៅឃុំ សង្កាត់ លាឈប់អស់ជាង១០០នាក់ (វីដេអូ)

ភ្នំពេញ ៖ គ.ជ.ប កំពុងជួបបញ្ហាបុគ្គលិកនៅតាមខេត្តកំពុងលាឈប់ពីការងារជាបន្តបន្ទាប់ ដែលជាបញ្ហា ធ្វើឲ្យ គ.ជ.ប ពិបាករកមនុស្សមកបំពេញការងារណាស់។ នេះជាការអះអាងរបស់លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។

 

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅទីស្តីការ គ.ជ.ប កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ អគ្គលេខា គ.ជ.ប រូបនេះបានបន្តថា ការលាឈប់របស់ពួកគាត់ភាគច្រើនព្រោះតែប្រាក់ខែតិច ខណៈពួកគាត់អាចរកប្រាក់នៅខាងក្រៅបានច្រើនជាងនេះ ជាពិសេសគ្រូបង្រៀន ដែលមានវេនបង្រៀនពីរ គឺព្រឹក និងល្ងាច ហើយអាចទទួលបានប្រាក់ខែ ចង់ច្រើនជាងសមាជិក គ.ជ.ប នៅតាមឃុំ សង្កាត់ផងនោះ។

 

«ឥឡូវនេះការជ្រើសរើស គណៈកម្មាធិការឃុំ សង្កាត់សម្រាប់រៀបចំការបោះឆ្នោតពុំសូវមានមនុស្សមកធ្វើការទេ ហើយរើសបានមួយចំនួនសុំឈប់វិញទៀត។ ខ្ញុំពិបាកនឹងរកមនុស្សមកជំនួសណាស់ ព្រោះថាពីមុនប្រាក់ខែរបស់គណៈកម្មាធិការឃុំ សង្កាត់សម្រាប់រៀបចំការបោះឆ្នោតមានច្រើនជាងគ្រូបង្រៀន។ ឥឡូវនេះគ្រូបង្រៀនគាត់បង្រៀនពីរពេល…ប្រាក់ខែចង់ច្រើនជាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឃុំ សង្កាត់ទៅទៀត។ អ៊ីចឹងទេ! គាត់ប្រឡងជាប់ហើយ សុំឈប់វិញ ហើយអ្នកខ្លះទៀតមិនមក។ អ៊ីចឹងទេ! ឃុំ សង្កាត់មួយចំនួន គឺ អត់មានទេ សុំលាឈប់ ឥឡូវនេះចូលប្រហែលជាជិត១០០នាក់ហើយ… យើងនឹងធ្វើការជ្រើសរើសមន្រ្តីនោះបន្ថែមទៀត… យើងមានការលំបាកពីបញ្ហាធនធានមនុស្ស ទាំងការជ្រើសរើស និងការបណ្តុះបណ្តាល»។

 

សូមទស្សនាការបកស្រាយទាំងស្រុងរបស់ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដូចខាងក្រោម ៖

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com