អតីតបុគ្គលិកស្ថានទូតអាមេរិកនៅភ្នំពេញ ប្រមូលផ្តុំគ្នានៅមុខស្ថានទូត ដើម្បីទាមទារយុត្តិធម៌ និងឲ្យអាមេរិកគោរពច្បាប់កម្ពុជា

(ភ្នំពេញ)៖ អតីតបុគ្គលិកស្ថានទូតអាមេរិក ប្រចាំរាជធានីភ្នំពេញចំនួន៣២នាក់ គ្រោងប្រមូលផ្តុំគ្នានៅខាងមុខអគារស្ថានទូត ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីតវ៉ាទាមទារនូវអ្វី ដែលពួកគេចាត់ទុកថា ជាការបណ្តេញចេញពីការងារដោយអយុត្តិធម៌​​​​​​ និងរំលោភច្បាប់ការងារ តាមរយៈការចោទប្រកាន់ពួកគេដោយគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសផ្ទាល់ខ្លួន។

យោងតាមពាក្យស្នើសុំទៅសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ពួកគេទាំង៣២នាក់ គ្រោងនឹងជួបជុំគ្នា ដើម្បីតវ៉ា និងធ្វើសន្និសីទសារព័ត៌មាន នៅចំពីមុខបរិវេណស្ថានទូតអាមេរិក ក្បែរវត្តភ្នំតែម្តង ដែលស្ថិតនៅផ្លូវលេខ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ផ្តើមពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយផ្តោតសំខាន់លើការទាមទារចំនួន៧ចំណុច ជាពិសេស សុំទាមទារសំណងជំងឺចិត្តបាត់បង់កិត្តិយស​​​ និងប្រាក់អតីតភាពការងារពីស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។

កាលពីដើមខែមីនា ឆ្នាំ២០១៨ ក្រសួងការបរទេស​សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំនៅ​ព្រះរាជាណាចក្រកម្ពុជា បានបណ្តេញបុគ្គលិករបស់ខ្លួនសរុបចំនួន៣២នាក់ ចេញពីការងារ ដែលពួកគេធ្លាប់បានបំពេញអស់រយៈពេលជាច្រើនឆ្នាំ ដោយប្រកាន់ថា ពួកគេបានប្រើប្រាស់ Group Chat ក្នុងបណ្តាញទំនាក់ទំនង​សង្គមហ្វេសប៊ុក ដើម្បីចែកចាយ និងរក្សាទុករូបភាពអាសអាភាស។

លោក ញឹម សោភ័ណ ដែលជាអតីតបុគ្គលិកផ្នែកសន្តិសុខរបស់ស្ថានទូតអាមេរិកជាង១៨ឆ្នាំ បានមានប្រសាសន៍ប្រាប់ Swift News នៅរសៀលថ្ងៃទី១៨ ខែមិថុនា នេះថា សាលារាជធានីភ្នំពេញបានយល់ព្រមតាមសំណើ ហើយអនុញ្ញាតឲ្យពួកលោកទាំង៣២នាក់​​​ អាចជួបជុំគ្នាតវ៉ា ដោយសន្តិវិធី នៅខាងស្ថានទូត នាព្រឹកស្អែកនេះ។

លោកបានមានប្រសាសន៍ថា អតីតមិត្តរួមការងារជាមួយលោកទាំង៣២នាក់ ដែលមានអតីតភាពការងារពី១០ឆ្នាំ ទៅ២០ឆ្នាំ ត្រូវបានក្រសួងការបរទេសអាមេរិក តាមរយៈស្ថានទូតនៅភ្នំពេញ បានបណ្ដេញពួកលោកចេញពីការងារ កាលពីថ្ងៃទី២៨ ខែមីនា​​​​​​ ឆ្នាំ២០១៨ ដោយអយុត្តិធម៌បំផុត តាមរយៈការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់។

លោក ញឹម សោភ័ណ បានមានប្រសាសន៍ដូច្នេះថា​​​​ «សាលាក្រុងបានយល់ព្រមហើយ អនុញ្ញាតឲ្យធ្វើនៅម៉ោង៨ព្រឹក។ ពួកយើងខ្លះបានធ្វើការរហូតដល់២០ឆ្នាំ ដែលអាចទទួលពីសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានបញ្ឈប់ដោយអយុត្តិធម៌»។

ពាក់ព័ន្ធនឹងការសុំជួបជុំគ្នាតវ៉ា នៅខាងមុខស្ថានទូតនេះ លោក ម៉េត មាសភក្តី អ្នកនាំសាលារាជធានីភ្នំពេញ មិនអាចសុំការបំភ្លឺបានឡើយ។ ចំណែកលោក David Josar​​​ អ្នកនាំពាក្យប្រចាំស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ មិនបានឆ្លើយតបនឹងសំណួរសួរពាក់ព័ន្ធនឹងការបណ្ដេញអតីតបុគ្គលិកជាជនជាតិខ្មែរ៣២នេះឡើយ។

ចំណែកអតីតបុគ្គលិកធ្វើការនៅស្ថានទូតអាមេរិក ក្នុងរាជធានីភ្នំពេញមា្នក់ ដែលត្រូវបានបណ្ដេញ កាលពី១០ឆ្នាំមុន បានមានប្រសាសន៍​​​ប្រាប់ Swift News នារសៀលថ្ងៃទី១៨ ខែមិថុនា នេះថា គ្រប់បុគ្គលិកធ្វើការនៅស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ រាប់ទាំងសន្តិសុខផងដែរ ត្រូវបានលើកទឹកចិត្តឲ្យខិតខំធ្វើការបម្រើជនជាតិអាមេរិកាំង តាមរយៈការអះអាងថា រដ្ឋាភិបាលអាមេរិកនឹងអនុគ្រោះឲ្យពួកគេទទួលបានសិទ្ធិទៅរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីបានធ្វើការចាប់ពី២០ឆ្នាំឡើងទៅ។

លោកបានមានប្រសាសន៍ថា​​​ ករណីបញ្ឈប់បុគ្គលិកអស់៣២នាក់នេះ គឺហាក់ដូចជាអយុត្តិធម៌ខ្លាំងណាស់ចំពោះពួកគេ ដែលធ្លាប់បានលះបង់ទាំងពេលវេលា ទាំងកម្លាំងកាយចិត្ត ខ្លះរហូតដល់ទៅ២០ឆ្នាំ ហើយត្រូវបានស្ថានទូតបណ្ដេញចេញពីការងារទាំងបំពានច្បាប់ប្រទេសកម្ពុជា។

យោងតាមលិខិតស្នើសុំទៅសាលារាធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ បានសរសេរថា «ការិយាល័យធនធានមនុស្សរបស់ស្ថានទូតអាមេរិកបានបញ្ឈប់យើងខ្ញុំពីការងារ​​ ដោយអយុត្តិធម៌ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបញ្ហា (Facebook Messager Group) ដោយគ្មានមូលហេតុច្បាស់លាស់»។

លិខិតដដែលនេះ បានបន្តសរសេរប្រាប់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញថា «ដោយហេតុនេះហើយ យើងខ្ញុំទាំងអស់គ្នា កើតទុក្ខមិនសុខចិត្ត ស្នើសុំឯកឧត្តម មេត្តាជួយសម្របសម្រួលអនុញ្ញាតច្បាប់ដល់ពួកយើងខ្ញុំដោយក្តីអនុគ្រោះ ដើម្បីយើងខ្ញុំមានឱកាសធ្វើការតវ៉ារកយុត្តិធម៌ ដោយអហិង្សា និងធ្វើសន្និសីទកាសែតនៅមុខស្ថានទូត»។

ពួកគេបានសរសេររៀបរាប់នូវចំណុចត្រូវទាមទារមានដូចជា ទាមទាររកយុត្តិធម៌ ពីការបញ្ឈប់ពីការងារដោយបង្ខំ និងមិនបង្ហាញភ័ស្តុតាង; សូមប្តឹងពីបទរំលោភសិទ្ធិបុគ្គល តាមរយៈការដកយកទូរស័ព្ទដៃរបស់ពួកគេទៅឆែកមើលរូបភាព និងឯកសារផ្សេងៗ; សុំប្តឹងទារសំណងជំងឺចិត្តទៅលើការបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយស ដោយសារការចោទប្រកាន់គ្មានភ័ស្តុតាងច្បាស់លាស់ និងទាមទារឲ្យសមាគមន៍បុគ្គលិកខ្មែរមានសិទ្ធិចូលរួមដោះស្រាយរាល់ការបញ្ឈប់បុគ្គលិកខ្មែរ ដោយអយុត្តិធម៌ និងមិនស្របតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា៕ (ផាន់ អាណា)


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com