កាត់ទោសពាណិជ្ជករចិន រឿងឆបោកប្រាក់២០លានយន់

ភ្នំពេញ ៖ ពាណិជ្ជករជនជាតិចិនម្នាក់ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី ០៩ មិនា ឆ្នាំ ២០១៧ នេះដើម្បីកាត់ទោសពីបទឆបោកប្រាក់ចំនួន២០លានយន់ពីក្រុមហ៊ុនចិនមួយនៅប្រទេសចិន ។ ជនជាប់ចោទឈ្មោះ HU WEI MING ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជាប្រធានក្រុមហ៊ុន ញូអេស៊ែអ៊ីនវេសមិននៅកម្ពុជា និងជាម្ចាស់ភាគហ៊ុនអ៊ូថាយនៅប្រទេសចិន ។

 

សវនាការដែលដឹកនាំដោយលោកចៅក្រម សេង លៀង ជាចៅក្រមជំនុំជំរះនៅពេញមួយថ្ងៃទី៩ ខែមីនា បានចោទលោក HU WEI MING ពីបទឆបោកប្រាក់ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៣ នៅប្រទេសចិនដែលមានទឹកប្រាក់ដើមចំនួន២០លានយន់ពីក្រុមហ៊ុនយូរមិញហ័រ។

 

ប្រឈមមុខបទចោទប្រកាន់នេះ លោក HU WEI MING បានឆ្លើយដោយមានអ្នកបកប្រែភាសារក្នុងសវនាការថា នៅអំឡុងខែកញ្ញា ឆ្នាំ២០១៣ ក្រុមហ៊ុនអ៊ូថាយ នៅប្រទេសចិនមានវិបត្តិខ្វៈថវិកាក៏បានខ្ចីចងកាប្រាក់ពីក្រុមហ៊ុនយូរមិញហ័រ ដោយមានគណនេយ្យករ ក្រុមហ៊ុនជាអ្នកមកបំពេញបែបបទក្នុងការខ្ចីចងការប្រាក់រវាងក្រុមហ៊ុន និងក្រុមហ៊ុន មិនមែនក្នុងនាមបុគ្គលទេ។ ហើយចំពោះការសងឬ បង់ការប្រាក់យ៉ាងណានោះលោកមិនដឹងទេ លោកគ្រាន់តែជាម្ចាស់ភាគហ៊ុនមួយប៉ុណ្ណោះ។

 

ជនជាប់ចោទបានឆ្លើយទៀតថា នៅអំឡុងឆ្នាំ២០១២ លោកបានចូសញ្ជាតិខ្មែរ និងបានទទួលអត្តសញញាណប័ណ្ណសញ្ជាតិខ្មែរ ហើយបានទិញដីនៅផ្លូវជទិលេខ១ ដើម្បីកសាងកំពង់ផែស្ងួតមួយសំរាប់វិនិយោគ ហើយចំពោះវិវាទនៅប្រទេសចិនខ្លួនមិនដឹងទៀតទេ។ ចំណែកដើមបណ្ដឹងលោក យូរមិញហ័រ បានបញ្ជាក់នៅក្នុងបណ្ដឹងថា នៅអំឡុងឆ្នាំ២០១៣ លោក HU WEI MING បានបបួលខ្លួនមករកស៊ីនៅប្រទេសកម្ពុជា ហើយតាមរយៈមិត្តភ័ក្រ លោកយូរ មិញហ័រ បានទំលាក់ដើមទុនចំនួន២០លានយន់មកអោយលោក HU WEI MING ដើម្បីចូលហ៊ុនគ្នាធ្វើការរកស៊ី តាមរយៈគណនេយ្យករ ដោយHU WEI MING សន្យាដាក់ដី និងផ្ទះនៅប្រទេសចិនក្នុងតម្លៃ៧លានយន់។

 

ក្នុងពាក្យបណ្ដឹងរបស់លោក យូរមីញហ័រ បានទាមទារសំណង២០លានយន់ និងជំងឺចិត្ត៥លាន៩សែនយន់ ព្រមទាំងសុំអោយតុលាការផ្ដន្ទាទោសលោក HU WEI MING តាមច្បាប់។

 

ទោះបីជនត្រូវចោទបានប្រកែកដោះសារបែបណា ប៉ុន្តែតំណាងអយ្យការបានធ្វើសេចក្ដីសន្និដ្ផានតម្កល់ទុកបទចោទអោយនៅជាធរមាន និងសុំអោយចៅក្រមផ្ដនទាទោសតាមវច្បាប់។ ចៅក្រមជំនុំជំរះបានសម្រេចលើកពេលប្រកាសសាលក្រមនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ៕

 

 

អត្ថបទដែលជាប់ទាក់ទង