ជនសង្ស័យ ស៊ូ ម៉ារី អនុប្រធាន​មណ្ឌល​សុខភាព​ឃុំ​បន្ទាយ​ដែក​ អាច​រួច​ខ្លួន​ បន្ទាប់ពី​ចាក់​ថ្នាំឲ្យពលរដ្ឋម្នាក់ស្លាប់​?

 

កណ្ដាល ៖ លោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែមីនា នេះថាជនសង្ស័យដែលបានចាក់ថ្នាំឲ្យកសិករម្នាក់ស្លាប់ បានរត់គេចខ្លួន ហើយលោកបានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ អនុវត្តតាមនីតិវិធី។

 

លោកព្រះរាជអាជ្ញារងរូបនេះបន្តថា សំណុំរឿងត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាលហើយ ប៉ុន្តែពេលនេះលោកក៏មិនដឹងដែរលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ជាអ្នកបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនសំណុំរឿងមកលោក(លឹម សុគន្ថា)វិញ ពោល គឺ លោកព្រះរាជអាជ្ញា លឹម សុគន្ថា ជាអ្នកកាន់ផ្ទាល់។

 

តាមប្រភពព័ត៌មានច្បាស់ការពីមន្រ្តីតុលាការម្នាក់ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមីនាម្សិលម៉ិញនេះ គេបានឃើញអនុប្រធានមណ្ឌលសុខភាពឃុំបន្ទាយដែក ឡើងមកសាលាដំបូងខេត្តកណ្តាល ហើយចូលបន្ទប់អ្នកធំម្នាក់ទំនងជាចង់ពិភាក្សាកិច្ចការងារសម្ងាត់អ្វី។

 

តាមរបាយការណ៍នគរបាលស្រុកកៀនស្វាយ បញ្ជាថា មានករណីមនុស្សឃាតដោយអចេតនាមួយ កើតឡើងកាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចចុងខ្សាច់ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។ រហូតមកទល់ពេលនេះ រយៈពេលជិតមួយខែមកហើយ ដែលករណីអនុប្រធានមណ្ឌលសុខភាពឃុំបន្ទាយដែក ឈ្មោះ ស៊ូ ម៉ារី ដែលបានចាក់ថ្នាំបណ្ដាលឲ្យស្ត្រីកសិករម្នាក់ស្លាប់ស្ងប់ស្ងាត់រហូតដល់បច្ចុប្បន្ននេះ។

 

ជនរងគ្រោះ ឈ្មោះ ញែម វណ្ណា ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ មុខរបរ កសិករ ។ ចំណែកជនសង្ស័យឈ្មោះ ស៊ូ ម៉ារី ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀន ស្វាយខេត្ដ មុខរបរ អនុប្រធានមណ្ឌលសុខភាព ឃុំបន្ទាយដែក។

 

តាមរបាយការណ៍សមត្ថកិច្ចសរសេរបន្តថា ជនរងគ្រោះមានជំងឺរលាកបំពង់ក ហើយម្តាយជនរងគ្រោះក៏បានតេហៅពេទ្យឈ្មោះ ស៊ូ ម៉ារី មកមើល ពេលមកដល់ពេទ្យបានចាក់ថ្នាំ និងឲ្យថ្នាំលេប ព្រមទាំងព្យួរសេរ៉ូមផង។ មួយសន្ទុះក្រោយមក ជនរងគ្រោះមានសភាពមិនស្រួល ក្រុមគ្រួសារបាននាំយកមកផ្ទះជនសង្ស័យ(ឈ្មោះ ស៊ូ ម៉ារី) ពេលនោះជនសង្ស័យបានពិនិត្យរួច ក៏ប្រាប់ក្រុមគ្រួសារឲ្យយកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត  ពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែត ពេទ្យថាជនរងគ្រោះ បានស្លាប់បាត់ទៅហើយ  ។ ក្រោយមកគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្ទាយដែក៕

 

 

photo_2017-03-10_12-45-24

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com