​តើអាចជាបន្ទុករបស់ លោក ឃួង ស្រេង ទេ ចំពោះករណីរលំចំណតរង់ចាំរថយន្តក្រុងសាធារណៈ?

(ភ្នំពេញ)៖ សាធារណជនបានចូលមកបញ្ចេញមតិតាមបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានហេតុការណ៍«រលំចំណតរង់ចាំរថយន្តក្រុងសាធារណៈ» មួយ ក្រោយមានខ្យល់បក់ លាយលំជាមួយនឹងទឹកភ្លៀង នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះក៏បានបណ្តាលឲ្យបុរសចំណាស់ម្នាក់ដែលអង្គុយជ្រកភ្លៀង និងរង់ចាំរថយន្តក្រុងត្រូវរងរបួស។

«ចំណតរង់ចាំរថយន្តក្រុងសាធារណៈ» ដែលបាន«រលំ»ផ្កាប់មកលើផ្លូវ គ្របទៅលើបុរសវ័យ៨៧ឆ្នាំម្នាក់របួសត្រង់ក្បាលខាងក្រោយ ដៃនិងជើងព្រោះតែគាបជាប់ក្រោមដំបូលយ៉ាបនៃចំណតរង់ចាំរថយន្តក្រុងសាធារណៈនោះ។

«ចំណតរង់ចាំរថយន្តក្រុងសាធារណៈ» នេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ មុខមណ្ឌលសុខភាពចាក់អង្រែ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ម៉ោងជាង៧ព្រឹក ថ្ងៃចន្ទ​ ទី១១ ខែមិថុនា ឆ្នាំ២០១៨ ដែលជា «ចំណតរង់ចាំរថយន្តក្រុងសាធារណៈ» លេខ ៦១។

សាធារណជនតាមបណ្តាញសង្គមហ្វេសប៊ុកបាន ប្រតិកម្មថា ហេតុអ្វី «ចំណតរង់ចាំរថយន្តក្រុងសាធារណៈ» ដែលមានតម្លៃថ្លៃបំផុត គ្រាន់តែកូនខ្យល់មួយដ៏តូច ក៏ប៉ើងរបើកទាំងគ្រឹះយ៉ាងដូច្នេះ?។ តើនេះជាកំហុសអ្នកណា? អ្នកណាជាអ្នកទទួលសុសត្រូវ?។

ប្រជាពលរដ្ឋខ្លះទៀតក៏បានលើកឡើងថា តើ «ចំណតរង់ចាំរថយន្តក្រុងសាធារណៈ» នោះបាន ផ្សារ និងចាក់គ្រឹះដោយយកចិត្តទុកដាក់ដែរឬទេ? ឬមួយធ្វើយកតែលុយ ឯការងារធ្វើឲ្យតែរួចពីដៃទេ?។ តើជាកំហុសជាង ឬជាការទ្វេសប្រហែសរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលមិនបានយកចិត្តទុកដាក់ និងត្រួតពិនិត្យពីបច្ចេកទេសលើក «ចំណតរង់ចាំរថយន្តក្រុងសាធារណៈ»នេះ?។

លោក សម សារ៉ាន(Som Saran) បានលើកឡើងថា «…ឲ្យតែជារបស់សាធារណៈ គឺអត់មានស្តង់ដា ហើយដល់ពេលមានបព្ហា គ្មានអ្នកទទូលខុសត្រូវសោះ»។ លោកផូ ភ័ក្រ្តី (Po Pheaktry) លើកឡើងថា «ធ្វើឲរួចពីដៃ ត្រូវទទួលខុសត្រូវ»។ ឯលោក សៅ សារ៉ានឌី (Chao Saran Dy) ថា «ធ្វើច្រើនដង បានលុយច្រើនដែរ។ …គ្មានបច្ចេកទេស»។

ឯអ្នកលេងបណ្តាញសង្គមមួយចំនួនមិនបានបង្ហាញឈ្មោះអ្នកដែលគួទទួលខុសត្រូវក៏ដោយ តែលោកបានលើកឡើងបែបចំអកឲ្យលោក ឃួង ស្រេង ថា «មកពីខ្យល់កន្ត្រាក់ទេ! បើខ្យល់មិនមកកន្ត្រាក់ទេ (វា)មិនរលំទេ! ពាន់ឆ្នាំៗៗៗ»។ នេះជាការលើកឡើងរបស់លោក ម៉ាក អានណារិទ្ធ។ «ស្តង់ដាលំដាប់ពិភពលោក»។

ឯលោក លីនា អ៊ុង (Lena Ung) «ស្តង់ដារ របស់រដ្ឋទេបង គេចាក់តែប៉ុន្នឹង!។ …ធ្វើស្អីមិនដែលថាបានល្អនិងគេ»។

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនទៀតបានលើកឡើងប្រហែលគ្នាថា «ចំណតរង់ចាំរថយន្តក្រុងសាធារណៈ» មួយនេះ បានបង្ហាញរូបរាងពិតប្រាកដនៃគ្រឹះ និងការសាងសង់ ឬតំឡើងហើយ ហើយក៏បានបង្កគ្រោះដល់អ្នកដំណើរដែរ។ ចុះ «ចំណតរង់ចាំរថយន្តក្រុងសាធារណៈ» ដែលមាននៅរាប់សិបកន្លែងផ្សេងទៀត ដែលមិនទាន់រលំព្រោះខ្យល់នោះ អាចនឹងបន្តរលំ ឲ្យតែចាក់គ្រឹះធន់ៗហ្នឹង!។ ឬមួយហេតុការណ៍នេះ មកពីប្រធានស័ក្ត!? ខណៈ«ចំណតរង់ចាំរថយន្តក្រុងសាធារណៈ» សឹងតែគ្មានគ្រឹះនោះ!៕ (Swift News)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង