អាមេរិក, កូរ៉េខាងជើង និងសិង្ហបុរី​ប្រជុំគ្នាមុនពេលមកដល់នៃកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និង គីម ជុងអ៊ុន

(សិង្ហបុរី)៖ នៅថ្ងៃចន្ទនេះ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងមន្ត្រីកូរ៉េខាងជើងកំពុងចរចានៅសិង្ហបុរីក្នុងកិច្ចប្រឹងប្រែងចុងក្រោយដើម្បីកាត់បន្ថយភាពខុសគ្នាមុនពេលមេដឹកនាំរបស់ពួកគេធ្វើជំនួបកំពូលជាប្រវត្តិសាស្រ្តមួយក្នុងគោលបំណងស្វែងរកមធ្យោបាយដើម្បីលុបបំបាត់​នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

ដោយមានចន្លោះប្រហោងនូវអ្វីដែលពុំទាន់ច្បាស់លាស់ធ្វើឲ្យក្រុមមន្ត្រីមកពីភាគីទាំងសងខាងកំពុងព្យាយាមជំរុញរបៀបវារៈឆ្ពោះទៅរកកិច្ចប្រជុំកំពូលនៅពីថ្ងៃអង្គារ ទី១២ មិថុនា។

មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងលោក Choe Son Hui និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសហ្វីលីពីន និងជាអតីតអ្នកតំណាងពិសេសអាមេរិកសម្រាប់គោលនយោបាយកូរ៉េខាងជើង លោក Sung Kim ត្រូវបានគេប្រទះឃើញចាកចេញពីសណ្ឋាគារ Ritz-Carlton។ ​មិនប្រាកដទេថាតើពួកគេបានរៀបចំកិច្ចពិភាក្សាជាផ្លូវការនៅក្នុងសណ្ឋាគារនេះដែរឬទេ។

នៅក្នុងរូបភាពដែលចេញផ្សាយដោយក្រសួងការបរទេសសិង្ហបុរី, លោក Vivian Balakrishnan ​រដ្ឋមន្ត្រីការបរទេស ត្រូវបានគេឃើញជួបជាមួយសមភាគីកូរ៉េខាងជើង លោក Ri Yong Ho។ ក្រោយមកលោក Balakrishnan បានលើកឡើងអំពីការប្រជុំនេះដោយនិយាយថាលោកសប្បាយចិត្តដែលបានឃើញលោក Ri។

សូមជម្រាបថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានមកដល់ទីក្រុងសិង្ហបុរី កាលពីថ្ងៃអាទិត្យ (ថ្ងៃទី១០ ខែមិថុនា) សម្រាប់កិច្ចប្រជុំ​ប្រវត្តិសាស្ដ្រជាលើកដំបូងដែលមិនធ្លាប់មានដោយមេដឹកនាំនៃប្រទេសទាំងពីរដែលជាសត្រូវចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង