មន្រ្តីច្បាប់ CNRP ថាញត្តិថ្កោលទោសរបស់ចៅសង្កាត់គ្រាន់តែជាមេក្រូបំពងសំឡេងប៉ុណ្ណោះ

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីលោក កឹម សុខា ឡើងកាន់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ជាមួយនឹងការប្រើប្រាស់នូវពាក្យស្លោកប្រចាំគណបក្សថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» បានធ្វើឲ្យចៅសង្កាត់ និងមេឃុំមួយចំនួន មានការខឹងសម្បាជាមួយនិងការចេញញាត្តិថ្កោលទោសរៀងៗខ្លួនដោយមានន័យសេចក្តីដូចគ្នាថា «សូមថ្កោលទោសយ៉ាងដាច់ខាត ចំពោះគោលនយោបាយរបស់សមាជគណបក្សសង្ក្រោះជាតិកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ កន្លងមក ដែលលើកឡើងដោយគ្មានមូលដ្ឋានគតិយុត្តិ គ្មានការពិត គ្មានសច្ចៈធម៌»។

 

ក្រៅពីឃ្លាថ្កោលទោសខាងលើ គេសង្កេតឃើញការបង្ហាញ និងការបកស្រាយនូវចំណុចបួនដូចៗគ្នា ដែលជាគោលដៅនៃការបង្ហាញពីភាពស្របច្បាប់ដែលចៅសង្កាត់ និងមេឃុំនីមួយៗបានប្រសូត្រឡើងដើម្បីធ្វើការងារសម្រាប់សង្គម ប្រទេសជាតិ និងប្រជាពលរដ្ឋ។

 

អត្ថន័យនៃញាត្តិដែលស្នើឡើងដោយចៅសង្កាត់នីមួយៗ ហាក់បីដូចជាការចំលងចេញពីពុម្ភតែមួយ ឬចេញពីគំនិតមនុស្សតែម្នាក់ ឬចេញពីស្ថាប័នតែមួយ ហើយចែកជូនទៅតាមឃុំ សង្កាត់សម្រាប់ធ្វើការថ្កោលទោស។

 

តាមចំណុចទាំងអស់ខាងលើនេះត្រូវបានមន្រ្តីច្បាប់ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានចាត់ទុកថា ពួកគាត់កំពុងធ្វើការជាប្រព័ន្ធ ដោយទទួលបញ្ជាពីថ្នាក់នៃគណបក្សរបស់ខ្លួន និងបន្តចែកចាយទៅគ្រប់មេឃុំ ចៅសង្កាត់ទាំងអស់ ដើម្បីឲ្យផ្តិតមេដៃលើញាត្តិថ្កោលទោសនោះ។

 

ក្នុងកិច្ចសម្ភាសជាមួយ Swift News មន្រ្តីរូបនេះបន្តថា បើមេឃុំ ឬចៅសង្កាត់ណាមួយដែលចេញពីបក្សរបស់ខ្លួន បង្ហាញនូវភាពស្ងៀមស្ងាត់ មិនប្រតិកម្មតបត ទៅតាមអ្វីដែលជាប្រព័ន្ធថ្នាក់លើកំណត់ទេ មានន័យថាមេឃុំ ឬចៅសង្កាត់នោះកំពុងគាំទ្រនូវពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិ និយាយឲ្យខ្លីមានន័យថា មនុស្សនោះជាមនុស្សរបស់គណបក្សសង្គ្រោះជាតិ ដូច្នេះបក្សអាចនឹងពិចារណាក្នុងការដាក់ឲ្យឈរឈ្មោះជាមេឃុំ ឬចៅសង្កាត់ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ «ពួកគាត់អាចចាត់ទុកថាជាមេក្រូ សម្រាប់បំពងសម្លេងបន្តអោយបក្ស ពួកគាត់មិនចង់ធ្វើទេ តែជាកាតព្វកិច្ចរបស់មេតម្រូវឲ្យ ដូច្នេះពួកគាត់ត្រូវតែធ្វើតាម បើមិនដូច្នេះទេពួកគាត់អាចប្រឈមមុខនឹងការបាត់បង់តំណែងជាមេឃុំ ឬចៅសង្កាត់»។

 

មកទល់ពេលនេះញាត្តិថ្កោលទោសរបស់មេឃុំ ចៅសង្កាត់ទៅលើគណបក្សសង្គ្រោះជាតិ នៅតាមបណ្តាខេត្តក្រុងនានា កំពុងបង្ហាញខ្លួនជាបណ្តើរៗ យ៉ាងហោចណាស់ មកទល់នឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នេះ Swift News បានទទួលញាតិទាំងអស់ចំនួន១៧សង្កាត់ ស្មើនឹង១៧រូបចៅសង្កាត់ក្នុងរាជធានីភ្នំពេញ។ ចៅសង្កាត់ទាំង១៧រូបនោះរួមមាន លោក ជុំ ឈាន ចៅសង្កាត់ព្រែកកំពឹស លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក លោក ពេជ សារឿន ចៅសង្កាត់ជ្រោយចង្វា លោក សួង ម៉ុត ចៅសង្កាត់ឃ្មួញ លោក យិន អ៊ីម ចៅសង្កាត់សំរោង លោក ឯម ឆែម ចៅសង្កាត់ ប្រទះឡាង លោក គង់ សំអុល ចៅសង្កាត់ព្រៃវែង លោក ហាក់ គួយ ចៅសង្កាត់ពងទឹក លោក អ៊ុន សុខរុំ ចៅសង្កាត់គងនយ លោក វើក សាមឿន ចៅសង្កាត់ដង្កោ លោក ស៊ុន ស៊ីវ ចៅសង្កាត់ ជើងឯក លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស លោក កែវ សុខរស់ ចៅសង្កាត់ទៀន លោក ទិត្យ សំអុល ចៅសង្កាត់សាក់សំពៅ លោក កឹប ហ៊ន ចៅសង្កាត់រលួស លោក អ៊ុំ ឡុង ចៅសង្កាត់ស្ពានថ្ម លោក ម៉ៅ សុផុន ចៅសង្កាត់ក្រាំងពង្រ…។

 

Swift News នៅមិនទាន់អាចសុំប្រតិកម្មពីលោកចៅសង្កាត់ទាំង១៧រូប បាននៅឡើយទេ។ ឯមន្រ្តីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏មិនទាន់សុំប្រតិកម្មចំពោះការលើកឡើងខាងលើរបស់មន្រ្តីច្បាប់គណបក្សសង្គ្រោះជាតិបាននោះដែរ។ Swift News និងព្យាយាមដើម្បីសុំប្រតិកម្មតបក្នុងពេលដ៏ឆាប់ខាងមុខ។

 

សូមអានញាត្តិថ្កោលទោសរបស់ចៅសង្កាត់ទាំង១៧រូប ដូចខាងក្រោម ៖

 

photo_2017-03-09_14-25-59 photo_2017-03-09_14-26-15 WhatsApp Image 2017-03-07 at 8.33.11 PM WhatsApp Image 2017-03-07 at 8.33.12 PM WhatsApp Image 2017-03-08 at 1.01.16 PM WhatsApp Image 2017-03-08 at 1.01.17 PM WhatsApp Image 2017-03-08 at 1.01.18 PM WhatsApp Image 2017-03-08 at 1.01.19 PM WhatsApp Image 2017-03-08 at 1.01.20 PM WhatsApp Image 2017-03-08 at 1.01.21 PM WhatsApp Image 2017-03-08 at 1.01.22 PM WhatsApp Image 2017-03-08 at 1.01.23 PM WhatsApp Image 2017-03-08 at 1.01.24 PM WhatsApp Image 2017-03-08 at 1.01.25 PM WhatsApp Image 2017-03-08 at 1.01.26 PM WhatsApp Image 2017-03-08 at 1.01.32 PM

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com