ផែង វណ្ណៈ ចាត់ទុក៖ «ឪពុកស្ដីប្រដៅកូន[ធ្វើខុស] ជារឿងធម្មតា»… អ្នកលេងហ្វេសប៊ុកថាតើកូននេះស្តាប់និងអនុវត្តតាមដំបូន្មានឪពុកឬទេ?
(ភ្នំពេញ)៖ ក្រោយពីការព្រមានដកតំណែង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើឈ្មោះ ផែង វណ្ណៈ រឿង «ពោតស្ងោរ ពោតអាំង» ភ្លាមៗនោះលោក ផែង វណ្ណៈ ក៏បានឡើងមកបកស្រាយ តាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «ឪពុកស្ដីប្រដៅកូនជារឿងធម្មតា»។
ចំពោះករណីខាងលើនេះ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនចូលរួមមកបញ្ជាក់តាមពាក្យផែងវណ្ណៈដែលបានលើកឡើង «ឪពុកស្ដីប្រដៅកូនជារឿងធម្មតា» នោះថា តើកូននោះពិតជាទទួលយកការទូន្មានឪពុកមែនដែរឬទេ?។
ជាមួយគ្នានេះ តាមបណ្តាញសង្គមហ្វេសប៊ុក លោក ផែង វណ្ណៈ ក៏បានសរសេរដែរថា «ខ្ញុំបាទសូមអភ័យទោសសម្ដេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងដោយអចេតនាអំពីករណីលោក ស្រិល វណ្ណា និង ករណីផ្សារផល្លាររាត្រីអង្គរ៥ ខេត្តសៀមរាប។
«ខ្ញុំបាទសូមគាំទ្រ និងទទួលយកទាំងស្រុងចំពោះមតិណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ដោយខ្ញុំបាទនឹងមិនបន្តការផ្សាយអំពីរឿងទាំង២នេះតទៅទៀតទេ»។
ដោយឡែក លោក ខាន់ ចាន់សុផល បានឆ្លើយតបចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលព្រមានដកចេញពីក្របខ័ណ្ឌ ករណីនៅបន្តផ្សព្វផ្សាយរឿង ពោតស្ងោរ ពោតដុត ខណៈខ្លួនបានអះអាងកាលពីម្សិលមិញថា នឹងបន្តចេញករណីពោតដុត ពោតស្ងោរនៅថ្ងៃនេះ។
លោកបានសរសេរដូច្នេះថា «ខ្ញុំបាទ ខណ្ឌ័ ចន្ទ័សុផល សូមគោរពនិងថ្លែងអំណរគុណដល់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្រាប់រូបខ្ញុំបាទ ក្នុងការងារ ប៉ះពាល់ក្នុងរឿងតម្លៃព្រះពុទ្ធសាសនា ។
«ខ្ញុំបាទសូមសន្យាថា និង ឈប់ពីពេលនេះតទៅ ក្នុងការនិយាយអ្វីឲ្យប៉ះពាល់តម្លៃនៃព្រះពុទ្ធសាសនា របស់ជាតិយើងទៀតហើយ»៕ (Swift News)

