​កូរ៉េខាងជើងដាក់ចេញរបៀបវារៈ​ខ្លួនសម្រាប់កិច្ចប្រជុំកំពូល​ជាមួយអាមេរិកនៅសិង្ហបុរី

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងប្រកាសថា លោក គីម ជុងអ៊ុន នឹងពិភាក្សាអំពី «យន្តការរក្សាសន្តិភាពអចិន្រ្តៃយ៍» និងបញ្ហាផ្សេងៗទៀតជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលភាគីទាំងពីរជួបគ្នានៅថ្ងៃអង្គារស្អែកនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថាមេដឹកនាំទាំងពីរនឹងពិភាក្សាអំពី យន្តការរក្សាសន្តិភាពអចិន្ត្រៃយ៍ និងយូរអង្វែងមួយសម្រាប់ឧបទ្វីបកូរ៉េ ក្នុងនោះផ្ដោតសំខាន់លើ«ការលុបបំបាត់អាវុធនុយក្លេអ៊ែរ» នៃឧបទ្វីបកូរ៉េ និងបញ្ហាដែលពាក់ព័ន្ធ​ផ្សេងទៀត។

មេដឹកនាំទាំងពីរបានមកដល់ប្រទេសសិង្ហបុរីដើម្បីត្រៀមខ្លួនសម្រាប់ការជួបប្រជុំជាប្រវត្តិសាស្ត្រលើកដំបូង។

លោក គីម បាននិយាយថា «ពិភពលោកទាំងមូលកំពុងឃ្លាំមើល» ខណៈពេលដែលលោកត្រាំ បាននិយាយថាលោកមានអារម្មណ៍«ល្អប្រសើរអំពីកិច្ចប្រជុំកំពូលនេះ»។

សហរដ្ឋអាមេរិកចង់ឲ្យកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនប៉ុន្តែវាមិនច្បាស់ថាតើក្រុងព្យុងយ៉ាងចង់បានដូច្នេះដែរឬទេ។

មេដឹកនាំពីររូបកំពុងស្នាក់នៅក្នុងសណ្ឋាគារដាច់ដោយឡែកពីគ្នាដែលស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មាននាតំបន់រមណីយដ្ឋានទេសចរណ៍ Sentosa នៃប្រទេសសិង្ហបុរី​។

លោក គីម កំពុងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ​St Regis ខណៈដែលលោក ត្រាំ ស្នាក់នៅ​ឯសណ្ឋាគារ Shangri La ស្ថិតនៅប្រហែលជិត១គីឡូម៉េត្រពីសណ្ឋាគារលោកគីម៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង