សម្តេចតេជោ ហ៊ុន សែន៖ ការតភ្ជាប់ផ្លូវពីកំពង់ធំ ទៅខេត្តកំពង់ឆ្នាំង ត្រូវផ្អាកសិន

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្រាប់មិត្តចិត្តចង់ជួយណាស់ តែសម្រាប់កម្ពុជា មិនទាន់ច្បាស់លាស់នៅឡើយទេ សម្រាប់ការតភ្ជាប់ផ្លូវពីកំពង់ធំ ទៅខេត្តកំពង់ឆ្នាំងនោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ការតភ្ជាប់ផ្លូវពីកំពង់ធំ ទៅខេត្តកំពង់ឆ្នាំងនេះ ត្រូវផ្អាកសិន ព្រោះមានការព្រួយបារម្ភពីផលប៉ះពាល់ទៅលើបឹងទន្លេសាប។

ជាមួយគ្នានេះ សម្តេចតេជោ ឲ្យមន្រ្តីជំនាញត្រូវធ្វើផែនការជាកលាក់ ដើម្បីចៀសចេញពីការប៉ះពាល់ ហើយសម្តេចចង់ឲ្យយករូបមន្តសាងសង់ផ្លូវកាត់សមុទ្រនៅទីក្រុងហ្ស៊ិនចិន ខេត្តក្វាងចូវ ប្រទេសចិន ដោយធ្វើជាស្ពានបណ្តុះសរសរច្រើន ក្នុងការសាងសង់ផ្លូវកាត់បឹងទន្លេសាបនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា មិនអាចលើកជាផ្លូវបិទចរន្តទឹកកាត់បឹងទន្លេសាបបាននោះឡើយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធកំណាត់ផ្លូវជាតិលេខ៦ប្រវែងជាង ២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ។

គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៦នេះ គឺឆ្លងកាត់ខេត្តចំនួន០៣រួមមាន ខេត្តកំពង់ចាម ប្រវែង ៤៣.៩៨គីឡូម៉ែត្រ ខេត្តកំពង់ធំ ប្រវែង ១៤៤.២៥គីឡូម៉ែត្រ និងខេត្តសៀមរាប ប្រវែង ៦០.៣០គីឡូម៉ែត្រ។

កំណាត់ផ្លូវនេះ ត្រូវចំណាយថវិកាសាងសង់អស់ប្រមាណ ២៥៥.០២លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានរបស់មិត្តចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥ភាគរយសម្រាប់ការដោះស្រាយផលប៉ះពាល់, ការបោសសម្អាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ។ កំណាត់ផ្លូវនេះ បានចំណាយពេលសាងសង់ ៥០ខែ ចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៣ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៧៕ (Swift News)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង