សម្តេចតេជោ ហ៊ុន សែន៖ ចង់ថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍កម្ពុជា ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បើគ្មានសង្គ្រាមក្នុងឆ្នាំ១៩៧០ទេ ក៏គ្មានសង្គ្រាមក្នុងឆ្នាំ១៩៧៥ នោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ដូច្នេះប្រជាពលរដ្ឋត្រូវតែរួមគ្នា ដើម្បីការពារនូវសន្តិភាព និងការអភិវឌ្ឍន៍នេះឲ្យបន្តទោមុខជានិរន្តន៍ទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ទៀតថា ងាយទេបើចង់ថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា លោកយាយ លោកតា បងប្អូន កូនក្មួយ ដែលមានសិទ្ធិបោះឆ្នោត ហើយមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនោះ គឺ ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នោះ សន្តិភាព និងការអភិវឌ្ឍន៍ មានពិតប្រាកដហើយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធកំណាត់ផ្លូវជាតិលេខ៦ប្រវែងជាង ២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ។

គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៦នេះ គឺឆ្លងកាត់ខេត្តចំនួន០៣រួមមាន ខេត្តកំពង់ចាម ប្រវែង ៤៣.៩៨គីឡូម៉ែត្រ ខេត្តកំពង់ធំ ប្រវែង ១៤៤.២៥គីឡូម៉ែត្រ និងខេត្តសៀមរាប ប្រវែង ៦០.៣០គីឡូម៉ែត្រ។

កំណាត់ផ្លូវនេះ ត្រូវចំណាយថវិកាសាងសង់អស់ប្រមាណ ២៥៥.០២លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានរបស់មិត្តចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥ភាគរយសម្រាប់ការដោះស្រាយផលប៉ះពាល់, ការបោសសម្អាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ។ កំណាត់ផ្លូវនេះ បានចំណាយពេលសាងសង់ ៥០ខែ ចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៣ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៧៕ (Swift News)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង