លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង អញ្ជើញអុចធូបគោរពវិញ្ញាណក្ខន្ធសពលោក ផូ សុងហេង ឪពុកលោកតាដំបងគ្រញូង

បាត់ដំបង ៖ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃនេះ បានអញ្ជើញអុចធូបគោរពវិញ្ញាណក្ខន្ធសពលោក ផូ សុងហេង ដែលអ្នកខេត្តនេះតែងតែហៅគាត់ថា ជាឪពុកលោកតាដំបងគ្រញូង។

លោកអភិបាលខេត្តបានដឹកនាំមន្ត្រីសាលាខេត្ត និងលោកអភិបាលក្រុងបាត់ដំបង សៀង ឯម វូនស្ហី អញ្ជើញមកគោរពវិញ្ញាណក្ខន្ធសព ព្រមទាំងនាំយកអំណោយមូលនិធិមនុស្សធម៌ ស ខេង ចំនួន៥០ដុល្លារ និងថវិកាសាលាខេត្តចំនួន១០០ដុល្លារផងដែរ។

វិចិត្រករស្ថាបនារូបសំណាកលោកតាបំបងគ្រញូង ដ៏ល្បីល្បាញប្រចាំខេត្តបាត់ដំបង ដែលគេហៅជាទូទៅនៅក្នុងខេត្តថា «ឳតាដំបងគ្រញូង» បានទទួលមរណភាព កាលីព្រឹកម្សិលមិញ ដោយរោគាពាធ។

លោក ផូ សុងហេង អាយុ៧៥ឆ្នាំ ជាវិចិត្រករដៃឯក សាងសង់រូបសំណាកលោកតាដំបងគ្រញូង របស់ខេត្តបាត់ដំបង បានដួលសន្លប់ក្នុងបន្ទប់ទឹក កាលពីរាត្រីថ្ងៃអង្គារ ឯលំនៅដ្ឋានរបស់លោក ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

រំពេចនោះ សមាជិកគ្រួសារបានបញ្ជូនគាត់ទៅដល់មន្ទីរពេទ្យ ជាបន្ទាន់ដើម្បីសង្គ្រោះជីវិត ប៉ុន្តែជាអកុសល ក្រោយពីថតពិនិត្យខួរក្បាល ក្រុមគ្រូពេទ្យប្រាប់ថា ឈាមបានច្រាលពេញខួរក្បាលមិនអាចសង្គ្រោះបាន។

លោក ផូ សុខហេង បានទទួលមរណភាព នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។ សពរបស់លោកត្រូវតម្កល់ទុកនៅផ្ទះគ្រួសារសព ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយគ្រោងបូជានៅវេលាម៉ោង៧យប់នេះ នៅឯអាស្រមគន្ធកុដិ របស់លោកអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស។

អ្នកខេត្តបាត់ដំបង ឬអ្នកស្គាល់ តែងតែគោរពរូបសំណាកលោកតាដំបងគ្រញូង ប៉ុន្តែពូកគេមិនបាននឹកដល់វិចិត្រករទេ ឬក៏ភាគតិចណាស់ដែលបាននឹកឃើញ។ វិចិត្រករម្នាក់នេះ គឺលោក ផូ សុងហេង ដែលបានទទួលមរណភាពនៅថ្ងៃនេះឯង។

ក្រៅពីនេះ លោកក៏មានស្នាដៃរចនា នៅតាមទីអារាមជាច្រើនក្នុងខេត្តបាត់ដំបង និងតាមខេត្តផ្សេងៗទៀត ជាពិសេស លោកធ្លាប់ឆ្លាក់ក្បាច់នៅតាមអគារខ្លះក្នុងព្រះបរមរាជវាំង និងក្បាច់នៅតាមអគារវិទ្យាល័យ ជាស៊ីមបឹងកេងកង ក្នុងរាជធានីភ្នំពេញផងដែរ ។

ក្នុងជីវិតជាវិចិត្រករ លោក ផូ សុខហេង មានជីវភាពយ៉ាប់យឺនខ្លាំងណាស់ រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក និងភរិយា បានសម្រេចចិត្តប្រកបមុខរបបើកហាងលក់សាច់ពិសេស នៅក្រោយស្នងការខេត្តបាត់ដំបង និងស្ថិតនៅជិតបង្កើយនឹងរូបសំណាកលោកតាដំបងគ្រញូង ដែលអ្នកផងទាំងពួងតែងតែគោរពបូជា និងចាត់ទុកថា ជាវត្ថុស័ក្តិសីទ្ធ។

ការចាប់យកមុខរបរថ្មី ជាអ្នកលក់សាច់ឆ្កែដ៏ល្បីល្បាញ នៅក្នុងខេត្តបាត់ដំបងនេះ បានធ្វើឲ្យគាត់ឃ្លាតឆ្ងាយពីជំនាញពិតប្រាកដ ហើយចាប់តាំងពីពេលនោះមក អាជីពជាវិចិត្រកររបស់លោក ត្រូវបានជីកកប់ចោលដោយសារតែប្រែក្លាយមុខរបរថ្មីដើម្បីជីវភាព។

សូមវិញ្ញណក្ខ័ន្ធលោក ផូ សុងហេង បានសម្រេចនូវសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕



 

អត្ថបទដែលជាប់ទាក់ទង