លីហ្គកំពូលកម្ពុជា: ព្រះខ័នរាជរំកិលមកឈរលេខ៤ ក្រោយឈ្នះសូលទីឡូ, បឹងកេតស្មើ ចំនែកទ័ពបន្តបរាជ័យ

(កម្ពុជា)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានបំបាក់ក្លិបកីឡាករហុងដា សូលទីឡូអង្គរ ២ទល់នឹង១ ក្នុងការប្រកួតជម្រើសជើងឯកជាតិ (លីហ្គកំពូល) សប្តាហ៍ទី៧ ម្សិលមិញនៅកីឡដ្ឋានស្តាតចាស់។

ជំនួបនេះលេងបាន៣២នាទី ម្ចាស់ផ្ទះសូលទីឡូអង្គរនាំមុខមុនដោយការស៊ុតបញ្ចូលទីពីអតីតកីឡាករព្រះខ័នរាជ Dzama Bata ប៉ុន្តែក្នុងតង់ទី២នាទីទី៦៣ ព្រះខ័នរាជស្វាយរៀងតាមស្មើដោយកីឡាករ Shane Booysen។

មួយនាទីបន្ទាប់កីឡាករសញ្ជាតិទ្រីណាដាត តូបាកូ Caeasar ស៊ុតគ្រាប់ជ័យជំនះឱ្យព្រះខ័នរាជបាន៣ពិន្ទុ និងរំកិលមកឈរនៅចំណាត់ថ្នាកទី៤បណ្តោះអាសន្នក្នុងតារាងជើងឯក។

ថ្ងៃជាមួយគ្នានោះដែរក្រសួងការពារជាតិក្រោមការដឹកនាំរបស់លោក ភា សុភក្ត្រា ទទួលបរាជ័យជាថ្មីបន្តទៀត ហើយក្រោយចាញ់ក្លិបណាហ្កាវើល ២ទល់នឹង០ ក្នុងដី។

ពីរគ្រាប់ជ័យជំនះរបស់ណាហ្កា កើតឡើងដោយកីឡាករ Bisan George ពីរគ្រាប់តែឯងនៅនាទីទី៦៣និង៨០។

តាមរយៈជ័យជំនេះនេះ ណាហ្កា ឈរនៅកំពូលតារាង ៧ប្រកួតមិនដែលចាញ់មាន ១៩ពិន្ទុ។

ដោយឡែក អគ្គិសនីកម្ពុជាស្វែងរកបានមួយពិន្ទុហើយ ក្រោយប្រកួតស្មើអ្នកការពារតំណែងជើងឯកបឹងកេត ១ទល់នឹង១ ក្នុងដីរបស់ខ្លួន។ មួយគ្រាប់របស់ EDC កើតឡើងដោយយ៉ម មេសានាទីទី១២ និងបឹងកេតធ្វើបានសម្រេចដោយ Oiboh Julius នាទីទី៦៥។

បឹងកេតឈរនៅលេខ២ ក្រោយលេងបាន៧ប្រកួតមិនដែលចាញ់មាន១៧ពិន្ទុចាញ់ណាហ្កា ២ពិន្ទុ។

ការប្រកួតថ្ងៃនេះមានពីរប្រកួត ដោយភ្នំពេញក្រោនត្រូវទទួលអាស៊ីអឺរ៉ុបនៅ RSN វេលាម៉ោង ៦និង០០នាទីល្ងាច និង នគរបាលជាតិទទួលវិសាខានៅកីឡដ្ឋានអាស៊ីអឺរ៉ុប អរិយក្សត្រវេលាម៉ោង ៣និង០០នាទីរសៀល។ 

ចំនែកមួយប្រកួតទៀតលេងនៅថ្ងៃទី២៩ ខែឧសភា ដោយអង្គរថៃហ្គ័រ ទទួលវេស្ទើននៅសៀមរាបវេលាម៉ោង៣និង៣០នាទីរសៀល៕




អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com