គ​.​ជ​.​ប ប្រកាស​ពី​សិទ្ធិ និង​បម្រាម សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ក្នុងអំឡុងពេល​បោះឆ្នោត​

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី សិទ្ធិ និង​បម្រាម សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន នៅក្នុង​អំឡុងពេល​បោះឆ្នោត​។ ក្នុង​សេចក្តីប្រកាស គ​.​ជ​.​ប បានលើកឡើង​បង្ហាញ​ពី​សិទ្ធិ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បម្រាម​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដូច​មានកំណត់ ក្នុង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ និង​ច្បាប់បោះឆ្នោត​។​

​គ​.​ជ​.​ប លើកឡើងថា ខ្លួន​បានអនុម័ត​ក្រមសីលធម៌ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​លើកកម្ពស់​ថែមទៀត​នូវ​ប្រសិទ្ធភាព នៃ​ការផ្សព្វផ្សាយ​អំពី​ការបោះឆ្នោត ប្រកបដោយ​វិជ្ជាជីវៈ ត្រឹមត្រូវ និង​តម្លាភាព​។​

​តា​មគ​.​ជ​.​ប អ្នកសារព័ត៌មាន ដែលមាន​បំណង​ចូលរួម​យក​ព័ត៌មាន ក្នុង​ដំណើរការ​បោះឆ្នោត មាន​សិទ្ធិ​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ជា​អ្នកសារព័ត៌មាន នៅ​គជប ដោយ​ឥតគិតថ្លៃ​។ អ្នកសារព័ត៌មាន ក៏​អាច​ថត និង​យក​ព័ត៌មាន​អំពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត ការ​បូកសរុប​លទ្ធផល និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​។​

​ក្នុងនោះ អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែលមាន​បំណង​ថត​យក​រូបភាព ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត ត្រូវបាន​គជប ប្រកាសថា ត្រូវ​ជម្រាប​ជូនដំណឹង​ទៅ​ប្រធាន ក​.​ច​.​ប ឬ​គ​.​ក​.​ប​/​គ​.​ក​.​រ នោះ​ជាមុន​។​

​អំពី​បម្រាម​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ត្រូវ​បានគ​.​ជ​.​ប លើកឡើង ៨ ចំណុច ដែល​ត្រូវ​ហាមឃាត់​ចំពោះ​សកម្មភាព ដែល​ត្រូវបាន​ចាត់ទុកថា ជាការ​រំលោភ​ធ្ងន់ធ្ងរ​ខាង​ផ្នែក​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន មាន​ជាអាទិ៍​៖
១-​ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​
២-​ការផ្សព្វផ្សាយ​ព័ត៌មាន ដោយ​សំអាង​លើ​ពាក្យ​ចចាមអារ៉ាម ឬ​ព័ត៌មាន​ដែល​ពុំមាន​ភស្តុតាង​បញ្ជាក់​
៣-​ការប្រើប្រាស់​ភាសា​ញុះញង់ ឬ​វាយប្រហារ ដែល​អាច​បង្ក​ភាពស្មុគស្មាញ គ្មាន​សណ្តាប់ធ្នាប់ ឬ​អាច​ឲ្យ​មាន​អំពើហិង្សា​
៤-​ការបោះពុម្ពផ្សាយ ឬ​ផ្សាយ​បន្ត​នូវ​ព័ត៌មាន ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម​
៥-​ការបញ្ចេញ បញ្ចូល​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន ឬក៏​ធ្វើ​បុរេវិនិច្ឆ័យ​នៅក្នុង​ហេតុការណ៍ កំពុង​កើតមាន ដែល​ខ្លួន​ធ្វើ​សេចក្តីរាយការណ៍​
៦-​ការជ្រៀតជ្រែក ឬ​រំខាន​ដល់​ការងារ​ចុះឈ្មោះ​បោះឆ្នោត ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​
៧-​ការផ្សព្វផ្សាយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត​
៨-​ការធ្វើ​សម្ភាសន៍ នៅក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​

​ជាមួយគ្នា​នោះ គ​.​ជ​.​ប ក៏បាន​ជម្រាបជូន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​ថា ប្រសិនបើ​មានបំណង​ចង់​ធ្វើការ​ផ្សព្វផ្សាយ អំពី​គោលនយោបាយ​របស់​គណ​បក្សនយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ត្រូវគោរព​តាម​គោលការណ៍​ស្មើភាព ដែល​កំណត់ដោយ គ​.​ជ​.​ប​។ ត្រូវគោរព​ច្បាប់បោះឆ្នោត បទបញ្ជា និង​នីតិវិធី​របស់​គ​.​ជ​.​ប ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​នេះ​។ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន អំពី​ដំណើរការ​បោះឆ្នោត ឲ្យ​មាន​ប្រសិទ្ធិភាព​ប្រកបដោយ​វិជ្ជាជីវៈ ឯករាជ្យ ត្រឹមត្រូវ និង​មិន​លម្អៀង​៕ (SN-​ពិសិដ្ឋ​)​

អត្ថបទដែលជាប់ទាក់ទង