ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ ៧ ប្រទេស ត្រូវ​​ផ្លាស់ប្តូរ

(​ភ្នំពេញ​)៖ ក្នុង​លិខិត ចុះ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្នើសុំ​ផ្លាស់​-​តែងតាំង ឯកអគ្គរាជទូត ៧ រូប និង​មន្ត្រីការទូត​ជាន់ខ្ពស់ ៩ រូប​ផ្សេងទៀត​។ ឯកអគ្គរាជទូត​កម្ពុ​ជា ៧ រូប ដែល​ត្រូវ​ផ្លាស់ប្តូរ រួមមាន​៖ ១-​ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ២-​ឥណ្ឌា ៣-​ជប៉ុន ៤-​ហ្វីលីពីន ៥-​អង្គការ​សហ​ប្រជា​តិ​-​កាណាដា ៦-​អាមេរិក​-​ម៉ិ​ក​ស៊ិ​កូ និង​៧-​ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​អង្គការ​យូណេស្កូ​។​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការស្នើ​សូម​ផ្លាស់​-​តែងតាំង​មន្ត្រីរាជការ ជា​ឯកអគ្គរាជទូត និង​មន្ត្រីការទូត​ជាន់ខ្ពស់ ទាំង ១៦ រូបនេះ ដោយ​ផ្អែកលើ​សមត្ថភាព និង​យោងតាម​តម្រូវការ​ចាំបាច់​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ក្នុងនោះ លោក ជុំ សុន្ទរី អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវបាន​លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស ស្នើ​សូម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក និង​ប្រទេស​ម៉ិ​ក​ស៊ិ​កូ​។​

​ដោយឡែក លោក កេ​ត សុផាន់ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​អង្គការ យូណេស្កូ និង​ជានា​យក​ផ្ទះ​ខ្មែរ នៅ​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ នៅ​ទីក្រុង​ប៉ារីស ត្រូវបាន​រដ្ឋមន្ត្រីការបរទេស ស្នើ​សូម​សម្តេចនាយក​រដ្ឋមន្ត្រី បញ្ចប់​អាណត្តិ​បេសកកម្ម ហើយ​លោក​រដ្ឋមន្ត្រីការបរទេស ប្រាក់​សុខុន បានស្នើ​សូម​សម្តេច​តេ​ជោ ហ៊ុនសែន តែងតាំង​លោក កេ​ត សុផាន់ ជា​អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស ជំនួស​លោក ជុំ សុន្ទរី​។​

​ក្នុង​លិខិត លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា “​ចំពោះ​ឯកឧត្តម កេ​ត សោ​ផាន់ ខ្ញុំបាទ​សូម​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មេត្តា​ជ្រាបថា ក្រសួង​ត្រូវការ​គាត់ ដើម្បី​មកជួយ​ការងារ​សំខាន់ៗ ក្នុងនោះ មាន​ការងារ​អាស៊ាន និង​ធ្វើជា​អ្នកនាំពាក្យ​ជំនួស​ឯកឧត្តម ជុំ សុន្ទរី ប៉ុន្តែ​មិនមាន​បេក្ខជន ដើម្បី​ជំនួស ជា​ឯកអគ្គរាជទូត ប្រតិភូ​អចិន្ត្រៃយ៍ ប្រចាំ​អង្គការ​យូណេស្កូ និង​ជានា​យក​ផ្ទះ​ខ្មែរ ( Maison du Cambodge ) ខ្ញុំបាទ​សូម​គោរព​ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មេត្តា​ពិនិត្យ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​”​។​

​ឯកអគ្គរាជទូត និង​មន្ត្រីការទូត​ជាន់ខ្ពស់ ដែល​រដ្ឋមន្ត្រីការបរទេស ស្នើ​សូម​សម្តេចនាយក​រដ្ឋមន្ត្រី ផ្លាស់ និង​តែងតាំង រួមមាន​៖

១-​ផ្លាស់​លោក ជា ធី​រៈ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​ជា​ឯកអគ្គរាជទូត​តែងតាំង ប្រចាំ​ប្រទេស​អូទ្រីស ហូ​ឡង់ លុច​ហ្សំ​បួរ និង​អម​សហភាព​អឺរ៉ុប ចូល​ប្រទេស ដោយ​ត្រូវ​ចប់​អាណត្តិ បេសកកម្ម​

២-​តែងតាំង​លោក ណុំ ពិសិដ្ឋ បច្ចុប្បន្ន ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អឺរ៉ុប អាមេរិក និង​អាហ្វ្រិក​-​មជ្ឈិមបូព៌ា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​ជា​ឯកអគ្គរាជទូត​តែងតាំង ប្រចាំ​ប្រទេស​អូទ្រីស ហូ​ឡង់ លុប​ហ្សំ​បួរ និង​អម​សហភាព​អឺរ៉ុប ដែលមាន​និ​វេស​ដ្ឋា​ន នៅ​ទីក្រុង​ប្រ៊ុ​យ​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​

៣-​ផ្លាស់​លោក ពេជ្រ​ឃុន បញ្ញា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌា និង​ជា​ឯកអគ្គរាជទូត​តែងតាំង ប្រចាំ​ប្រទេស​បង់​ក្លា​ដេ​ស ស្រីលង្កា ប៉ា​គី​ស្ថាន និង​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ចូល​ប្រទេស ដោយ​ត្រូវ​ចប់​អាណត្តិ បេសកកម្ម​

៤-​តែងតាំង លោក អ៊ុង ស៊ាន បច្ចុប្បន្ន ជា​រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌា និង​ជា​ឯកអគ្គរាជទូត​តែងតាំង ប្រចាំ​ប្រទេស​បង់​ក្លា​ដេ​ស ស្រីលង្កា ប៉ា​គី​ស្ថាន និង​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ដែលមាន​និវេសនដ្ឋាន នៅ​ទីក្រុង​ញូ​វ​ដេលី សាធារណរដ្ឋ​ឥណ្ឌា​

៥-​ផ្លាស់ប្តូរ​លោកស្រី ជា គឹម​ថា ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន ចូល​ប្រទេស ដោយ​ត្រូវ​ចប់​អាណត្តិ បេសកកម្ម​

៦-​តែងតាំង លោក អ៊ឹង រចនា បច្ចុប្បន្ន ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អាស៊ី​-​ប៉ាស៊ីហ្វិក ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន​

៧-​តែងតាំង លោកស្រី ជា គឹម​ថា អតីត​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ជប៉ុន ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អាស៊ី​-​ប៉ា​ស៊ី​ហ្វុ​ក ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក អ៊ឹង រចនា​

៨-​ផ្លាស់​លោកស្រី ទួត បញ្ញា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ហ្វីលីពីន ចូល​ប្រទេស ដោយ​ត្រូវ​ចប់​អាណត្តិ បេសកកម្ម​

៩-​តែងតាំង​លោក ឡេង ចាន់​វីរៈ បច្ចុប្បន្ន ជា​អគ្គាធិការ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ហ្វីលីពីន​

១០-​តែងតាំង លោកស្រី ទួត បញ្ញា អតីត​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ហ្វីលីពីន ជា​អនុរដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​

១១-​ផ្លាស់​លោក ទុយ រី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​ប្រទេស​កាណាដា ចូល​ប្រទេស ដោយ​ត្រូវ​ចប់​អាណត្តិ បេសកកម្ម

១២-​តែងតាំង លោក កែ សុវណ្ណ បច្ចុប្បន្ន ជា​តំណាង​អចិន្ត្រៃយ៍​រង នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​ប្រទេស​កាណាដា ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​ប្រទេស​កាណាដា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​

១៣-​តែងតាំង លោក ទុយ រី អតីត​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​ប្រទេស​កាណាដា ជា​អនុរដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​

១៤-​ផ្លាស់ លោក ជុំ ប៊ុន​រ៉ុង ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក និង​ជា​ឯកអគ្គរាជទូត​តែងតាំង ប្រចាំ​រដ្ឋ​ម៉ិ​ក​ស៊ិ​កូ ចូល​ប្រទេស ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​

១៥-​តែងតាំង​លោក ជុំ សុន្ទរី បច្ចុប្បន្ន ជា​អនុរដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក និង​ជា​ឯកអគ្គរាជទូត​តែងតាំង ប្រចាំ​រដ្ឋ​ម៉ិ​ក​ស៊ិ​កូ ដែលមាន​និវេសនដ្ឋាន នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​

១៦-​ផ្លាស់​លោក កេ​ត សោ​ផាន់ ឯកអគ្គរាជទូត ប្រតិភូ​អចិន្ត្រៃយ៍ ប្រចាំ​អង្គការ យូណេស្កូ និង​ជានា​យក​ផ្ទះ​ខ្មែរ ( Maison du Cambodge ) នៅ​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ នៅ​ទីក្រុង​ប៉ារីស ចូល​ប្រទេស ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​

១៧-​តែងតាំង លោក កេ​ត សោ​ផាន់ អតីត​ឯកអគ្គរាជទូត ប្រតិភូ​អចិន្ត្រៃយ៍ ប្រចាំ​អង្គការ យូណេស្កូ និង​ជានា​យក​ផ្ទះ​ខ្មែរ ( Maison du Cambodge ) នៅ​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ នៅ​ទីក្រុង​ប៉ារីស ជា​អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​

១៨-​តែងតាំង លោក ស៊ុន ដា​រិ​ន បច្ចុប្បន្ន ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​អគ្គទីប្រឹក្សា​នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​ប្រទេស​កាណាដា​

១៩-​តែងតាំង លោក អាន សុខ​ខឿន បច្ចុប្បន្ន ជា​អគ្គនាយករង ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អឺរ៉ុប អាមេរិក និង​អាហ្វ្រិក​-​មជ្ឈិមបូព៌ា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក ណុំ ពិសិដ្ឋ​

២០-​តែងតាំង លោក ឈូក ប៊ុណ្ណា បច្ចុប្បន្ន ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អាស៊ាន ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​

២១-​តែងតាំង លោក ពេជ្រ​ឃុន បញ្ញា អតីត​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌា ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ ជំនួស លោក ស៊ុន ដា​រិ​ន​

២២-​តែងតាំង​លោក ជា ធី​រៈ អតីត​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​ជា​ឯកអគ្គរាជទូត​តែងតាំង ប្រចាំ​ប្រទេស​អូទ្រីស ហូ​ឡង់ លុច​ហ្សំ​បួរ និង​អម​សហភាព​អឺរ៉ុប ជា​អនុប្រធាន​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​។​

​នៅក្រោមលិខិត ដែលមាន ៣ ទំព័ររបស់រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា ដែលបាន​ស្នើសុំ​ផ្លាស់​-​តែងតាំង ឯកអគ្គរាជទូត និង​មន្ត្រីការទូត​ជាន់ខ្ពស់ ខាងលើនេះ ត្រូវបានស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចារផ្ទាល់ដៃ​ថា “យល់ព្រម”​៕ (SN-​ពិសិដ្ឋ​)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com