វិភាគ: អាមេរិកគម្រាមបន្ថែមទម្ងន់ទណ្ឌកម្មលើអ៊ីរ៉ង់ ប៉ុន្តែអ៊ីរ៉ង់ហាក់មិនញញើតសោះ

ក្នុងរយៈពេលជិតមួយខែកន្លងមកនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេស អ៊ីរ៉ង់ បានកើនឡើងយ៉ាងខ្លាំង ក្រោយពីសហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងព្រមានដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ។

មេដឹកនាំគ្រាក់ៗរបស់សហរដ្ឋអាមេរិក មានប្រធានាធិបតី មន្ត្រីរតនាគារ និងរដ្ឋមន្ត្រីការបរទេស បានលើកឡើងស្របគ្នាថា សហរដ្ឋអាមេរិក នឹងបន្ថែមទម្ងន់ទណ្ឌកម្មសេដ្ឋកិច្ចអោយកាន់តែធ្ងន់ធ្ងរថែមទៀតលើអ៊ីរ៉ង់ ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ ពីបទគាំទ្រយ៉ាងពេញទំហឹងដល់ពួកឧទ្ទាម ហេស្បូឡា នៅលីបង់ គាំទ្រពួកឧទ្ទាម ហូទី នៅយេមែន និងគាំទ្រ ក្រុមសកម្មប្រយុទ្ធ ហាម៉ាស នៅតំបន់ កាហ្សា ។

លោក ត្រាំ បានលើកឡើងថា ការគាំទ្រដល់ក្រុមជ្រុលនិយមពីសំណាក់មេដឹកនាំអ៊ីរ៉ង់ កំពុងរុញច្រានពិភពលោក ជាពិសេសគឺតំបន់មជ្ឈិមបូព៌ា អោយធ្លាក់ចូលក្នុងសង្គ្រាមកាប់សម្លាប់គ្នា និងបង្កអោយមានភាពវឹកវរកាន់តែខ្លាំងថែមទៀត ។

មេដឹកនាំសហរដ្ឋអាមេរិក បានប្រកាសសន្យាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់ យ៉ាងខ្លាំងបំផុតមិនធ្លាប់ក្នុងប្រវត្តិសាស្ត្រ ប្រសិនបើអ៊ីរ៉ង់មិនព្រមបន្ទន់ខ្លួនទទួលយកលក្ខខណ្ឌដាច់ខាតរបស់អាមេរិក ដែលស្នើចរចាឡើងវិញ ដើម្បីរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ថ្មី ។

សហរដ្ឋអាមេរិក បានដាក់លក្ខខណ្ឌ១២ចំណុចអោយប្រទេសអ៊ីរ៉ង់ទទួលយក ហើយបើអ៊ីរ៉ង់មិនទទួលយកលក្ខខណ្ឌទាំង១២ចំណុចនេះទេ អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ។

លក្ខខណ្ឌទាំង១២ចំណុចនោះ លើវិស័យនុយក្លេអ៊ែរ អាមេរិកបានទាមទារហួសពីអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅទីក្រុងវីយ៉ែន កាលពីឆ្នាំ២០១៥ទៅទៀត ធ្វើអោយអ៊ីរ៉ង់ពិបាកនឹងទទួលយកបាន ។

អាមេរិកបង្ខំអោយអ៊ីរ៉ង់ត្រូវទទួលស្គាល់ថា កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីមុនមានទម្រង់យោធា ហើយអ៊ីរ៉ង់ត្រូវបញ្ឈប់ការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម និងបិទម៉ាស៊ីនប្រតិករដើរដោយទឹក ព្រមទាំងបើកផ្លូវដោយក្រុមអធិការអន្តរជាតិចុះទៅត្រួតពិនិត្យគ្រប់មជ្ឈមណ្ឌលនុយក្លេអ៊ែរទាំងអស់ដែលអ៊ីរ៉ង់មាននៅក្នុងប្រទេសដោយឥតលក្ខខណ្ឌ ។

ទាក់ទងនឹងការពង្រីកឥទ្ធិពលវិញ អាមេរិក បានស្នើឱ្យអ៊ីរ៉ង់ បោះបង់ចោលនូវកម្មវិធីមីស៊ីលបាលីស្ទិក ដោយឈប់អភិវឌ្ឍន៍និងសាកល្បងមីស៊ីល ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានជាបន្តទៅទៀត ។

ចំណុចផ្សេងទៀត គឺអាមេរិកអោយអ៊ីរ៉ង់ដោះលែងអ្នកទោសអាមេរិកទាំងអស់ចេញពីពន្ធនាគារអ៊ីរ៉ង់ បញ្ឈប់ការគាំទ្រក្រុមភេរវនិយម មានពួកឧទ្ទាម ហេស្បូឡា និងក្រុមសកម្មប្រយុទ្ធ ហាម៉ាស នៅតំបន់ កាហ្សា ជាដើម ។

ហើយជាចុងក្រោយ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ត្រូវដកខ្លួនចេញពីប្រទេសស៊ីរី ចេញពីជម្លោះនិងវិបត្តិនៅក្នុងតំបន់ដូចជានៅយេមែន អ៊ីរ៉ាក់ ឬលីបង់ ជាដើម ដើម្បីកុំឱ្យគំរាមកំហែងប្រទេសដទៃ មានជាអាទិ៍អ៊ីស្រាអែល ឬអារ៉ាប៊ីសាអូឌីត ។

ជាការឆ្លើយតបវិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី (Hassan Rohani )បានអោយដឹងថា ពិភពលោកបច្ចុប្បន្នលែងត្រូវការឱ្យអាមេរិកសម្រេចអ្វីតែម្នាក់ឯងហើយ ហើយ ប្រជាពលរដ្ឋអ៊ីរ៉ង់ឮសំដីអាមេរិកបែបនេះរាប់សិបដង និងមិនចាប់អារម្មណ៍ទៀតទេ ។

សម្រាប់លោក រ៉ូហានី អ៊ីរ៉ង់ រងទណ្ឌកម្មអាមេរិកជិត៤០ឆ្នាំមកហើយ ហើយ២០ឆ្នាំចុងក្រោយនេះ អាមេរិកពង្រឹងទណ្ឌកម្មខ្លាំងឡើងៗជាលំដាប់លើអ៊ីរ៉ង់ ដូច្នេះគ្មានហេតុផលអ្វីដែលអ៊ីរ៉ង់ត្រូវព្រមទទួលយកលក្ខខណ្ឌកំណត់ដោយអាមេរិកនោះទេ ។

ថ្នាក់ដឹកនាំអ៊ីរ៉ង់ស្ទើរតែគ្រប់រូប សុទ្ធតែបានអះអាងគ្រប់ៗគ្នាថា មិនត្រូវការចរចារកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីទេ ហើយក៏មិនត្រូវការផ្តើមចរចាស្តីអំពីកម្មវិធីបាលីស្ទិករបស់អ៊ីរ៉ង់និងតួនាទីឬឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ឡើយ ដោយសាធារណរដ្ឋអ៊ីសា្លមអ៊ីរ៉ង់ អាចរំពឹងលើអឺរ៉ុប និងរុស្ស៊ីព្រមទាំងចិន ដើម្បីទប់ទល់នឹងសម្ពាធរបស់អាមេរិក ៕ លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com