ពេទ្យបង្អែកខេត្តប៉ៃលិនរងការចោទប្រកាន់ពីគ្រួសារសព មិនយកចិត្តទុកដាក់មើលអ្នកជំងឺទុករហូតដល់ស្លាប់

(ប៉ៃលិន)៖ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនមានរថយន្តសង្គ្រោះតែអត់តែកុងបើកទាល់តែជួលអ្នកបើក និងគ្រូពេទ្ធ្វើការធ្វេសប្រហែស មិនយកចិត្តទុកដាក់មើលថែអ្នកជំងឺទុករហូតដល់ស្លាប់ទើបនាំគ្នាមកពិនិត្យ នេះជាការចោទប្រកាន់របស់ក្រុមគ្រួសារសពជនរងគ្រោះ ដែលបាននាំជនរងគ្រោះជាប្តី និងប្អូនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកប៉ៃលិន កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។

ស្រ្តីជាប្រពន្ធជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា ខណ:ជនរងគ្រោះកើតជំងឺ យកមកសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ស្រាប់តែគ្រូពេទ្យដាក់ព្យួរសេរ៉ូមរួច ដើរចេញទៅក្រៅអស់រលីង អត់មានអ្នកនៅមើលថែ ដើម្បីរង់ចាំជួយសង្គ្រោះនោះទេ ទោះបីជាគាត់ខំដើរស្រែកហៅពេញមន្ទីរពេទ្យ ក៏អត់ឃើញមានពេទ្យណាម្នាក់ទៅជួយសង្គ្រោះដែររហូតដល់ប្តីរបស់ខ្លួនត្រដរខ្យល់ស្លាប់ ទើបចូលទៅធ្វើចលនាបេះដូង។

ជនរងគ្រោះ ដែលស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មានឈ្មោះ កៅ ពុន ភេទបុ្រស អាយុ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ រី ខួច អាយុ៣១ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៥នាក់ ស្រី២ ប្រុស៣ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

ស្រ្តីជាប្រពន្ធបានឱ្យដឹងទៀតថា មុនពេលបញ្ជូនទៅពេទ្យ ប្តីរបស់គាត់បានធ្វើដំណើរតាមម៉ូតូក្នុងទិសដៅពីលិចទៅកើត រហូតដល់ត្រង់ចំណុចឡើងទួលមួយ បណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ស្រាប់តែគាត់ចាប់ផ្តើមហត់ ហើយក៏ឈប់ម៉ូតូ ហើយទូរស័ព្ទហៅរថយន្តមន្ទីរពេទ្យ តែគេឆ្លើយឡើងថា ឡានមាន តែអត់មានមនុស្សបើកបរនោះទេ ទាល់តែរកជួលតៃកុងបើកទៀត។

គត់បន្តទៀតថា ដោយការចាំឡានពេកអស់រយ:ពេលច្រើនម៉ោងបងប្រុសរបស់គាត់ ក៏បើកបររថយន្តទៅតាមហៅពេទ្យ រហូតដល់ម៉ោង១០ព្រឹក ទើបឃើញរថយន្តមន្ទីរពេទ្យចេញទៅដឹក ហើយក៏យកមកដាក់ខ្យល់អុកហ្ស៊ីហ្សែននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

ពេលនោះប្តីរបស់គាត់និយាយបាន លែងហត់ដូចមុន ស្រាប់តែមួយសន្ទុះក្រោយមក បាត់គ្រូពេទ្យអស់រលីង  រហូតដល់ម៉ោង៤ រសៀល គាត់បានដើរតាមហៅពេទ្យ ដោយសួរគេឯងស្ទើរគ្រប់កន្លែង ក្រោយមកគាត់ទៅសួរគ្រូពេទ្យមុខបន្ទប់វះកាត់ ស្រាប់តែជួបអ្នកគ្រូពេទ្យវ័យក្មេងម្នាក់ ហើយគាត់បានសួរថា អ្នកគ្រូពេទ្យ លោកពេទ្យ ដែលធ្វើការ ប្រចាំនៅកន្លែងប្តីរបស់គាត់ទៅណាអស់ហើយ ។ ពេលនោះគេឆ្លើយឡើងថា ទៅស៊ីបាយអស់ហើយ សម្រាកអស់ហើយ អត់មានអ្នកណាមើលទេ។

ក្រោយមកគាត់បានទូរស័ព្ទទៅម្តាយនៅឯខេត្តបាត់ដំបង ប្រាប់ថាប្តីរបស់ខ្លួនចាប់ផ្តើមដង្ហក់ ហើយអត់មានគ្រូពេទ្យមើលទេ រហូតដល់ម្តាយរបស់គាត់មកដល់ ទៅហើយគ្រូពេទ្យនៅអត់ទាន់ឃើញមកដល់មើលទៀត។  ម្តាយគាត់ស្រែកប្រាប់ ឱ្យអ្នកនៅក្បែរមកមើលឈូឆរ ទើបបានឃើញគ្រូពេទ្យ ចូលមកមើល ហើយបានមកចាក់ថ្នាំខណ:អ្នកជំងឺ លែងដឹងខ្លួនអស់ទៅហើយ ពោលគឺប្តីរបស់គាត់បញ្ឈរភ្នែកបាត់ទៅហើយ។

ស្រ្តីជាប្រពន្ធបញ្ជាក់ថា កាលពីមុនមកពេទ្យអត់ខ្នះខ្នែងមើលប្តីគាត់ទេ បើពេទ្យមើលដិតដល់ អត់មានបញ្ហាអញ្ចឹងទេ។ ពេលប្តីគាត់និយាយបាន អត់ឃើញមានចាក់ថ្នាំនោះទេ គ្រាន់តែដាក់អុកហ្ស៊ីហ្សែនហើយទុកចោល ដើរទៅក្រៅបាត់ ដល់ពេលមនុស្សស្លាប់ទៅហើយ ម្តាយខ្ញុំសួរថា «ហេតុអីគ្រូពេទ្យឯងមិនមើលកូនខ្ញុំ?» ពេលនោះគ្រូពេទ្យឆ្លើយថា «គ្រូពេទ្យមិនមែនមើលតែកូនមីងឯងម្នាក់ទេ មើលអ្នកជំងឺផ្សេងទៀតដែរ»។

បើតាមបងថ្លៃរបស់ជនរងគ្រោះ ឈ្មោះ ញ៉ែប វ៉ាន់ថៃ ជាយោធាបានឱ្យដឹងដែរថា លោកចង់ឱ្យពេទ្យប្រចាំការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ប្អូនថ្លៃគាត់មានបញ្ហាតាំងពីម៉ោង៨ ហើយទាក់ទងទៅរថយន្តពេទ្យរហូតដល់ម៉ោង១០ ទើបទៅដឹកប្អូនថ្លៃរបស់គាត់។ ពេលទៅដល់មន្ទីរពេទ្យ បន្ទាប់ពីគាត់ចេញទៅហូបបាយស្រាប់តែពេទ្យដើរចេញដែរ ហើយសូម្បីតែថ្នាំ១ម្ជុលក៏អត់ចាក់ឱ្យប្អូនគាត់ដែរ ក្រោយមកគេទារថ្លៃសេវា៣០ម៉ឺនរៀលទៀត រហូតដល់ប្អូនគាត់ស្លាប់ ទើបគេប្រគល់ឱ្យលុយនោះមកវិញ។

គាត់ពិតជាអន់ចិត្ត ជាមួយគ្រូពេទ្យយ៉ាងខ្លាំង ខណ:អ្នកជំងឺមានបញ្ហា បែរជានាំគ្នាចេញទៅហូបបាយអស់ អត់មានអ្នកនៅមើលថែទាំ រហូតដល់ប្អូនគាត់ទទួលរងគ្រោះស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។

គាត់បញ្ជាក់ថា មិនមែនតែប្អូនគាត់ម្នាក់ទេ សូម្បីតែបងថ្លៃរបស់គាត់ កាលពីប៉ុន្មានខែមុន មានផ្ទៃពោះឈឺសម្រាល បែកទឹកភ្លោះហើយទុករហូតដល់ស្ងួត លុះទ្រាំមិនបាន គាត់ក៏ប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង កុំអីអាចស្លាប់ជាមិន ខានឡើយ ។

ជុំវិញករណីខាងលើនេះ Swift News មិនទាន់អាចសុំការបំភ្លឺពីខាងមន្ទីរពេទ្យបង្អែកប៉ៃលិនបានទេ៕ (SN-ចេស្តា)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com