ការរុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីនៅកម្ពុជា គិតត្រឹមឆ្នាំ២០​១​៨​នេះ ​អដ្ឋិធាតុទាហានវៀតណាមជាង១ម៉ឺន៧ពាន់នាក់ ត្រូវបានរកឃើញ និងប្រគល់​ជូនភាគីវៀតណាម

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹង​​ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​មួយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០ កន្លងទៅ ស្តីពីការរុករកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់កងទ័ព​ស្ម័គ្រចិត្តវៀតណាមដែលពលីក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា រហូតដល់បច្ចុប្បន្ននេះ ការរុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីនៅកម្ពុជា កំពុងបន្តយ៉ាងសកម្ម ខណៈដែលអដ្ឋិធាតុជាង​១ម៉ឺន៧ពាន់នាក់ ត្រូវបានរកឃើញ និងប្រគល់ជូនភាគីវៀតណាម។

ក្រោយចុះកិច្ចព្រមព្រៀងនេះ នៅខែឧសភា ឆ្នាំ២០០១ គណៈកម្មការស្តីពីកិច្ចការពិ​សេស​នៃរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានដាក់ចេញនូវផែនការសកម្មភាពមួយរវាងគណៈកម្មការទាំងពីរនេះ ក្នុងគោលបំណង ដឹកនាំការរុករកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា។ ​សម្រាប់កិច្ចសហប្រតិបត្តិការណ៍នេះភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ជា​​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ​កម្ពុជា។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបន្តទៀតថា រយៈពេល១៧ឆ្នាំពីឆ្នាំ២០០០ ដល់ ឆ្នាំ​២០១៧ នៃប្រ​តិបត្ដិការនេះ គណៈកម្មការស្តីពីកិច្ចការពិសេស នៃរដ្ឋាភិបាលទាំងពីរ បាន​ចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាចំនួន១៥។ ដោយមានការសហការការដឹកនាំ យ៉ាងម៉ឹងម៉ាត់ពីសំណាក់គណៈ​កម្មការស្តីពីកិច្ចការពិសេស ស្ថាប័នគ្រប់ជាន់ថ្នាក់ និងការគាំទ្រពីប្រជាជនកម្ពុជានោះ គឺមកដល់បច្ចុប្បន្ននេះ ការរុករក និងប្រ​មូល​ផ្តុំអដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្តវៀតណាមបានជាង ១៧,៨៥០អដិ្ឋធាតុ ហើយក៏បាន​ធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ទីបញ្ចុះនៅប្រទេសវៀតណាមផងដែរ។

​សម្រាប់ផែនការ​ស្វែង​រក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​នៅ​កម្ពុជា ជំហាន​​​ទី​១៧ តំណាង​ភាគី​កម្ពុជា មាន​ចំនួន​៧​ខេត្ត ​បាន​ចុះ​ហត្ថលេខា​បន្តផែនការនេះ ក្នុងនោះមាន​ដូច​ជា៖ ខេត្ត​បន្ទាយមានជ័យ, ខេត្ត​បាត់​ដំបង, ខេត្ត​ប៉ៃលិន, ខេត្ត​ឧត្តរមានជ័យ, ខេត្ត​សៀមរាប, ខេត្ត​កំពង់ចាម, និង​ខេត្ត​ត្បូង​ឃ្មុំ​។ ចំ​ណែក​ភាគី​វៀតណាម ​ដែល​ចូល​រួមគឺ​មក​ពី​តំណាង​ខេត្ត​តៃនិញ​។

អ្នកនាំពាក្យក្រសួងការពារជាតិ ប្រតិបត្តិការ​រុក​រក​អដ្ឋិធាតុ​របស់​កង​ទ័ព​វៀតណាម ជំហានទី១៧ ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​រដូវ​ប្រាំង​ពី​ឆ្នាំ​២០១៧ ​ដល់​ឆ្នាំ​២០១៨ ហើយភាគី​វៀតណាម បាន​ផ្ដល់​ថវិ​កា ៤២​ម៉ឺន​ដុល្លារដល់​ភាគី​កម្ពុជា​។ ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ ការ​ជីក​រុក​រក​អដ្ឋិធាតុ​ជំហាន​ទី​១៦ ​នៅ​រដូវ​ប្រាំង​តាំង​ពី​ចុង​ឆ្នាំ​២០១៦ ​រហូត​មក​ទល់​ដើម​ឆ្នាំ​២០១៧ មាន​អដ្ឋិធាតុ​របស់​ទាហាន​ និង​អ្នក​ស្ម័គ្រ​ចិត្ត​វៀតណាម​ចំនួន​ជាង​៧៥០​នាក់​ ត្រូវ​​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​។

ក្នុងនោះយោធភូមិភាគពិសេសបានរកឃើញចំនួន ៤៦ធាតុ, យោធភូមិភាគទី១​បាន​រកឃើញចំនួន​ ៤៧ធាតុ, យោធភូមិភាគទី២បានរកឃើញ ២០៩ធាតុ, យោធភូមិភាគ​ទី៣បានរកឃើញ ១១៨ធាតុ, យោធភូមិភាគទី៤បានរកឃើញចំនួន ១៥៤ធាតុ, និង​យោធ​​ភូមិភាគទី៥បានរកឃើញចំនួន ១៤៦ធាតុ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន១០ផ្សេងទៀត ត្រូវបានគណៈកម្មការរុករកគាស់ លើកអដ្ឋិធាតុខេត្តរតនគីរី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រកឃើញ និងរៀបចំធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ប្រទេសកំណើតខ្លួនវិញផងដែរ។

 

​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ពិសេស​ស្វែង​រក​អដ្ឋិធាតុ នៅ​សល់​អដ្ឋិធាតុ​របស់​​​ជនជាតិ​វៀតណាម​​ជិត ​៤​ពាន់​នាក់​ទៀត​នៅ​កម្ពុជា ដែល​មិន​ទាន់ត្រូវ​បាន​​រក​ឃើញ​នៅ​ឡើយ​ទេ​។ កម្ពុជា​ និង​វៀតណាម បាន​កំណត់​គោលដៅ​បញ្ចប់​ការ​ស្វែង​រក​អដ្ឋិធាតុ​ជនជាតិ​វៀតណាមនៅ​កម្ពុជាទាំង​អស់ ហើ​យ​​ធ្វើ​មាតុភូមិ​និវត្តន៍​វិញឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២០ខាងមុខនេះ​។

ការចូលរួមស្វែងរុករក និងធ្វើមាតុ​ភូមិនិ​វត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការ​ងារមនុស្សធម៌ដ៏ល្អផង និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពី​ព្រោះការពលីអាយុជីវិតរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម លើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសជាតិ ឱ្យមានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com