ប៉ូលិស​បញ្ជូន​ខ្លួន​ជនសង្ស័យ ២​នាក់ ទៅ​តុលាការ ដោយសារ​លួច​គ្រឿង​ឈើ​ក្នុង​ហាង​

(​ខេត្តបាត់ដំបង​)៖ សមត្ថកិច្ច​បានបង្ហាញ​ខ្លួន និង​កសាង​សំណុំរឿង​នូវ​ជនសង្ស័យ ២ នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​អំពើ​លួច​យ៉ាងសកម្ម​។ នោះ​គឺ​បុរស​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ រួមគ្នា​លួច​គ្រឿង​ឈើ នៅក្នុង​ហាង ដូចជា កៅអី និង​ចម្លាក់​រូប​ត្រី ជាដើម​។​

​លោក​វរសេនីយ៍ត្រី ឈឿង គឹម​សុង នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​របស់​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង បានអោយដឹងថា ក្រោយ​ទទួលបាន​បណ្តឹង​ពី​ឈ្មោះ ភី សុខ ជា​ម្ចាស់​ហាង​យ៉ី​ហោ បុប្ផា​ជ្រៃ​កោង រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ភ្លាមៗ​នោះ លោក​បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍ ចុះ​ធ្វើការ​ស្រាវជ្រាវ​។​

​លោក​បន្តថា ក្រោយពី​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ កម្លាំង​ជំនាញ​អន្តរាគមន៍​បង្ការ​បង្ក្រាប កំណត់​បាន​មុខសញ្ញា​ភ្លាមៗ រហូត​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ នៅវេលា​ម៉ោង ១៦-០០​នាទី ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ទី​១-​ឈ្មោះ វង្ស ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ធុច វិ​ន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​។ ទាំង ២​នាក់ រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​-​ខេត្តបាត់ដំបង​។ វត្ថុតាង រឹបអូស​បាន រួមមាន ហង់​តេ​ចំនួន​៣ -​កៅអី​ចំនួន​៣ និង​ចម្លាក់​រូប​ត្រី​ប្រភេទ​ឈើ​ធ្នង់ ចំនួន ២​ដុំ​។

ក្រោយពី​ឃាត់ខ្លួន​ជន​ស្ស័​យ​ទាំងពីរ​នាក់ ប៉ូលិស​បាន​បញ្ជូន ទៅកាន់​ការិយាល័យ​ជំនាញ ដើម្បី​បន្ត​ការសាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្តតាម​នីតិវិធី​៕ (SN-​ចេស្តា​)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com