អភិបាលខេត្ត​បន្ទាយ​មាន​ជ័​យ អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ ចូលរួម​ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃ​២០ ឧសភា​

(​បន្ទាយមានជ័យ​)៖ អភិបាលខេត្ត​បន្ទាយមានជ័យ លោក សួន បវរ បានប្រកាស​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ ចូលរួម​ក្នុង​ពិធី​គោ​រណ​វិញ្ញាណក្ខន្ធ ថ្ងៃ​ទិវា​ជាតិ​នៃ​ការចងចាំ ពី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ថ្ងៃ​២០ ឧសភា ប្រកបដោយ​ទឹកចិត្ត​សណ្តោស​ប្រណី អហិង្សា គ្មាន​គំនុំ​គុំ​គួ​ន ការសង​សឹក និង អំពើហិង្សា​ណាមួយ ដែល​នាំ​ឲ្យ​មាតុភូមិ​យើង​ធ្លាក់​ចូលក្នុង​សភាព​កើត​កល​យុគ​សាជាថ្មី​វិញ​ឡើយ ។

​លោក​អភិបាលខេត្ត បាន​ថ្លែង​ដូចនេះ ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ពី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ២០ ឧសភា ដែល​បាន​ធ្វើឡើង កាល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​វត្ត​សុភមង្គល ស្ថិតក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមាន​ការចូលរួម​ពី​សំណាក់​អស់លោក ប្រធាន​អនុប្រធាន ស្ថាប័ន មន្ទីរ អង្គភាព​កងកម្លាំង​ជុំវិញ​ខេត្ត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។

​លោក សួន បវរ មានប្រសាសន៍​ទៀតថា ថ្ងៃ​២០ ឧសភា ត្រូវបាន​ចាត់ទុក ជា​ប្រវត្តិសាស្ត្រ​ដ៏​សែន​ជូរចត់​បំផុត សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា ព្រោះ​ថ្ងៃនេះ គឺជា​ថ្ងៃ ដែល​អង្គការ​អប្រិយ ប៉ុល ពត បានសម្រេច​ដាច់ចេញ​នូវ​នយោបាយ​ប្រល័យពូជសាសន៍​ជាតិ​ឯង ទើប​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស កំណត់​ថ្ងៃនេះ ជា​ទិវា​ជាតិ​នៃ​ការចងចាំ​ពី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ២០ ឧសភា​។ ក្នុង​របប​ដ៏​សែន​អប្រិយ​នេះ ពោ​ពេញ​ទៅដោយ​សំឡេង​ខ្សឹប​ខ្សួល អួលអាក់ ព្រោះតែ​ការព្រាត់ប្រាស​និរាស​គ្រួសារ ម្តាយ​ព្រាត់កូន ប្រពន្ធ​ព្រាត់​ប្តី បង​ព្រាត់​ប្អូន ជីដូន​ព្រាត់​ចៅ នៅ​មានការ​នឹករលឹក និង​បន្សល់ទុក​ដល់​សព្វថ្ងៃ​។

​ជាមួយគ្នា​នោះ លោក សួន បវរ សមាជិក​គណៈកម្មការ​កណ្តាល ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ និង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ បានលើកឡើង​ទៀតថា កម្ពុជា​បាន​រកឃើញ​រណ្តៅ​កប់​សាកសព​រួម​ជាង ២​ម៉ឺន​រណ្តៅ លើ​ទីតាំង​ចំនួន​៤៦១ និង​គុក​ចំនួន​១៦៩ ដែល​បង្កើតឡើង​ដោយ​អង្គការ​ប្រល័យពូជសាសន៍​ប៉ុលពត​។

​ពិធី​នេះ ក៏មាន​ការរាប់​បាត​ព្រះសង្ឃ​ចំនួន ១០១​អង្គ ដែល​និមន្ត​មកពី​តាម​បណ្តា​វត្ត ក្នុង​ខេត្តបន្ទាយមានជ័យ ព្រមទាំង​ផ្តល់​អំណោយ​ជូន​យាយជី​តាជី ចំនួន ៣៧ នាក់ ផងដែរ​៕ (SN-​ចេស្តា​)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com