អភិបាល​ខេត្តតាកែវ​៖ កូន​ខ្មែរ​គ្រប់រូប នៅតែ​ចងចាំ​មិន​ភ្លេច​ថ្ងៃទី​២០ ខែឧសភា ទិវា​ចងចាំ ជា​ប្រវត្តិសាស្ត្រ និង​មិន​ភ្លេចគុណ ៧ មករា​ឡើយ​

(​តាកែវ​)៖ ថ្ងៃទី​២០ ខែឧសភា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ ដែល​កូន​ខ្មែរ​គ្រប់រូប មិនអាច​បំភ្លេចបាន​។ ខេត្ត​កែវ បានរៀបចំ​ពិធី​ជួបជុំ បង្សុកូល ឧទ្ទិស​កុសល​ជូន​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ ដែល​បាន​បាត់បង់​ជីវិត ដោយសារ​ភាពអយុត្តិធម៌ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​ដឹកនាំ​ប្រទេស អស់​រយៈកាល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​។​

​ថ្លែង​នៅ​ចំពោះ​មន្ត្រីរាជការ កង​កំ​ម្លាំ​ង​ប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ក្នុង ទិវា​ចងចាំ ២០ ឧសភា ដែល​អាជ្ញាធរ​ខេត្តតាកែវ បាន​ប្រារព្ធ​ធ្វើឡើង នៅ​ស្ដូប​តម្កល់​អ​ដិ្ឋ​ធាតុ ជនរងគ្រោះ​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត នៅ​វត្ត​ព្រៃ​ផ្អាវ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​មានប្រសាសន៍ថា ថ្វី​ត្បិត​ពេលវេលា នៃ​អតីតកាល​បាន​កន្លងផុត ៣៩​ឆ្នាំ ក៏ពិតមែន តែ​ភាពឈឺចាប់​ខ្លោចផ្សា របស់​ប្រជាជន​កម្ពុជា នៅតែ​ដិតដាម​ជាប់ នៅក្នុង​ក្រអៅបេះដូង​របស់​ប្រជាជន​គ្រប់រូប​នូវ​មហា​វិនាសកម្ម ដែល​ជីវិត​ប្រជាជន​ជាង ៣​លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​ភាពអយុត្តិធម៌ និង​អ​ណោ​ច​អធម​ក្រៃលែង​នៅក្នុង​របប​ខ្មែរក្រហម​។​

​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​បន្តទៀតថា ដោយសារតែ​រដ្ឋប្រហារ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ទើបបាន​ធ្វើ​ឲ្យ ប្រទេស​កម្ពុជា​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម និង​ធ្វើ​ប្រជាជន​កម្ពុជា​រងគ្រោះ​មហន្តរាយ​ដ៏​អ​ណោ​ច​អ​ធ័​ម ប្រាស់ព្រាត់​ក្រុមគ្រួសារ​បងប្អូន និង​ទទួលរង​ទុក្ខវេទនា​មិនអាច​បំភ្លេចបាន​។ ដោយ​ទ្រាំ​នូវ​ភាពលំបាក​វេទនា​នៃ​នរក​នេះ​ពុំបាន ទើប​កម្លាំង​អ្នកស្នេហាជាតិ ដែល​ប្រ​សូទ្រ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​នូវ​រណសិរ្ស​សាមគ្គី សង្គ្រោះ ជាតិ​កម្ពុជា ធ្វើការ​ប្រយុទ្ធប្រឆាំង និង​ពួក​បន​ប្រល័យពូជសាសន៍ ប៉ុល ពត រហូត​ទទួលបាន ជ័យជំនះ​នា​ថ្ងៃ​៧​មករា ១៩៧៩ បាន​នាំមក​នូវ​សិទ្ធិសេរីភាព​ជូន​ប្រជាជន និង​បន្ត​ខិតខំ​ស្តារ កសាង​ប្រទេស ពី​គំនរ​ផេះ​ផូ​ផង់​។​

​លោក អ៊ូច ភា បាន​បន្តថា រាល់​ការអភិវឌ្ឍន៍ ការកសាង​នូវ​សមិទ្ធិផល ជូន​ជាតិ​មាតុ ភូមិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​ប្រទេស​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។ ម្យ៉ាងទៀត ទៀត​ថ្ងៃនេះ យើងទាំងអស់គ្នា សូម​ឧទ្ទិស​ដល់​ថ្ងៃ ទិវា​ជាតិ​នៃ​ការចងចាំ​២០​ឧសភា​នេះ ឲ្យ​ប្រែក្លាយ​ទៅជា​ការ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ សំដៅ​ទៅរក​ការកាត់បន្ថយ​នូវ​ភាពក្រីក្រ របស់​ប្រជាជន​កម្ពុជា និង​សូម​បងប្អូន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​នៅ​កម្ពុជា​៕ (SN-​ស្នា​)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com