មន្ត្រីសាខាកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយ​ប៉ែត បើកភ្លើងខៀវឲ្យឈ្មួញនាំចូលផលិតផល​ចំ​ណីអាហារខូចគុណភាពបំផ្លាញសុខភាពប្រជា​ពលរដ្ឋ

(ភ្នំពេញ)៖​ ក្រុមកម្មករ​អូស​រទេះ​ព្រំដែនច្រកទ្វារអន្ដរជាតិ​​ប៉ោយប៉ែត ខេត្តបន្ទាយ​មាន​ជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា រាល់​ទំនិញ​ផលិតផលចំណីអា​ហារ​នាំចូល​ពីប្រទេសថៃ​ មន្ត្រីកាំកុងត្រូល​ប្រចាំ​ច្រកទ្វារព្រំដែន បាន​ឃុបឃិត​បើកភ្លើងខៀវឲ្យ​ឈ្មួញ​នាំចូល​គ្រឿង​ក្នុងជ្រូក​ សាច់មាន់ ឆ្អឹង​មាន់ យ៉ាង​សន្ធឹកសន្ធាប់​មកបំផ្លាញសុខភាពប្រជា​ពល​រដ្ឋយ៉ាងខ្លាំង។

ក្រុមកម្មករបានប្រាប់ថា​ គ្រឿងឧបភោគ​បរិភោគ​ដែល​ខូចគុណភាព និង​មាន​ផ្ទុក​សារធាតុ​គីមី ត្រូវបាន​ឈ្មួញ​យកទៅលក់​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​បន្តទៅ​ទីផ្សារ​នៅតាម​បណ្ដា​ខេត្ត​នានា​។

ប្រភពពីមន្ត្រីក្រុងប៉ោយប៉ែត​ បានឲ្យដឹងថា​ក្រុមឈ្មួញ​រកស៊ីនាំចូល​ប្រភេទ​ទំនិញ​ខូចគុណភាពឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ ​ឆ្លង​ផុតពី​ច្រកទ្វារព្រំដែន​ចូលមក​ដល់ទី​ផ្សារ​។

ចំណែក​ពលរដ្ឋ ឬ​កម្មករ​អូស​រទេះ​ដែល​លួច​បង្កប់​សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​តិចតួច បើ​គ្មាន​ទំនាក់ទំនង​ទេនោះ នឹង​ត្រូវគេ​ចាត់វិធានការ​បង្ក្រាប​យក​ស្នាដៃ សម្រាប់​អ្នក​ដែល​បង់លុយ​តាម​ការកំណត់​គឺ​តែង​ចៀស​ផុតពី​ការបង្ក្រាប​រហូត​។​

សូមរំឭកថា​ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០១​៨​នេះ​ នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ​ កម្លាំងសមត្ថកិច្ចនាយក​ដ្ឋាននគរ​បាលប្រ​ឆាំងបទល្មើស​សេដ្ឋកិច្ចក្រសួងម​ហាផ្ទៃ​ បង្ក្រាបការនាំចូលផលិតផលម្ហូបអាហារដូចជា៖​ ពោះវៀនជ្រូក សាច់ជ្រូក ពោះវៀនគោ ចង្រិត​ និងដុកឌឿ ប្រមាណ៨៥០​គីឡូក្រាមដែលខូច​គុណភាព​ ត្រូវបានក្រុមឈ្មួញ​នាំចូលពី​ប្រ​ទេស​ថៃ​ដោយខុសច្បាប់បង្កប់តាមរថ​យន្តក្រុង​ត្រូវបានកម្លាំងបង្ក្រាបរួចយកទៅដុតកម្ទេចចោលនៅទីលានចាក់សំរាមបឹងជើង​ឯក​។

លោកឧត្តមសេនីយ៍ទោ ឡុង​ ស្រេង​ អនុប្រធាននាយដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច​ បានឲ្យដឹងថា​ ដោយអនុវត្ដតាមបញ្ជារបស់ឧត្ដមសេនីយ៍ឯក​ ចាន់ វ៉ាន​ ច័ន្ទធឿន ប្រ​ធាន​នាយកដ្ឋាននគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកបានដឹកនាំកម្លាំងចុះចាប់ផលិត​ផលចំណីអាហារដែលលួ​ច​នាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ដបន្ទាយមានជ័យ។

លោកបន្តទៀតថា​ ផលិតផលចំណីអាហារដែលខូចគុណភាពនាំឲ្យប៉ះពាល់ដល់សុខ​ភាពប្រជាព​លរដ្ឋយ៉ាងខ្លាំង​ ព្រោះនាំចូលមកដោយគ្មានច្បាប់​អនុញ្ញាត​ ឬឆ្លងកាត់ការត្រួតពិនិត្យឲ្យបានត្រឹមត្រូវឡើយ។

ចំពោះផលិតផលចំណីអាហារខូចគុណភាពដែល​សមត្ថកិច្ចបង្ក្រាបបានរួមមាន៖ ពោះវៀ​នជ្រូក, សាច់ជ្រូក, ពោះវៀនគោ, ចង្រិត​ និងដុកឌឿ ប្រមាណ​ ៨៥០គីឡូក្រាមខូចគុណភាព​ និងគ្មានច្បាប់អនុញ្ញាតនាំចូលឡើយ​។

ការបង្ក្រាបនេះដោយបានសហការជាមួយមន្ដ្រីសាខាកាំកុងត្រូល​ និងមន្ដ្រីកសិកម្មផ្នែកសុខ​ភាពសត្វ​ និងផលិតកម្មសត្វហើយនៅថ្ងៃដដែលកម្លាំងចម្រុះបានសម្រេចយកវត្ថុចាប់យកខាង​លើទៅដុតកម្ទេចចោលនៅទីលានចាក់សំរាមជើងឯក។

សូមបញ្ជាក់ថា​ ពោះវៀនជ្រូក, សាច់ជ្រូក, ពោះវៀនគោ, ចង្រិត​ និងដុកឌឿ ប្រមា​ណ​​ ៨៥០គីឡូក្រាមខូចគុណភាព​ និងគ្មានច្បាប់អនុញ្ញាតទាំងនេះ​ គឺក្រុមឈ្មួញបាន​បង្កប់តាមក្រុម​ហ៊ុនរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរ​យីហោ​ “សុភាព” ក្រុងប៉ោយ​ប៉ែត-ភ្នំពេញ​ ពាក់ស្លាកលេខភ្នំពេញ​ 3A-7077។

សូមបញ្ជាក់ថា នៅតាមច្រកអន្ដរជាតិ និងច្រក​របៀង តាមប្របន្ទាត់ព្រំដែន មានមន្ត្រីគ្រប់ជំ​នាញ ដូចជាកាំកុងត្រូល សាខាគយ និងរដ្ឋាករ ប៉ូ​លិសសេដ្ឋកិច្ច និងមន្ត្រីជំនាញ​ពាក់ព័ន្ធជាច្រើនទៀត ឈរជើង ២៤ម៉ោង ប៉ុន្តែហេតុអ្វីបានជា​បណ្តែតបណ្តោយឲ្យ ក្រុមឈ្មួញខិលខូចមួយ​ចំនួននៅតែបន្តលួចនាំចូលទំនិញខូចគុណភាព និងទំនិញដែលត្រូវបានច្បាប់ហាមឃាត់ ពីប្រទេ​សជិតខាងចូលមកទឹកដីកម្ពុជា ពិសេសខេត្តបន្ទាយ​មានជ័យ។

​​ប្រភពព័ត៌មាន​បានបញ្ជាក់ថា​ ចាប់តាំងពីលោក សាន វិជ្ជា​សារា​វុ​ធ ឡើងជាប្រធាន​សាខា​កំ​កុងត្រូ​ល​ខេត្តបន្ទាយមានជ័យ​ ហាក់បីដូចជាគ្មានប្រ​សិទ្ធ​ភាពក្នុងការបង្ក្រាបបទល្មើសនាំចូលផលិត​ផលចំណីអាហារខូចគុណភាពនោះទេ។ ប្រភពបន្តថា​ រាល់ទំនិញខូចគុណភាពទាំងនោះ​ គឺនាំចូ​លយ៉ាងគគ្រឹកគគ្រេងដោយគ្មានការត្រួតពិនិត្យពីសំណាក់មន្ត្រីជំនាញនោះទេ។

ពាក់ព័ន្ធករណីខាងលើនេះ​ Swift News មិនអាចទាក់ទងសុំការបំភ្លឺពីលោក​ សាន វិជ្ជា​សារា​វុ​ធ ប្រធាន​សាខា​កំ​កុងត្រូ​ល​ខេត្តបន្ទាយមានជ័យ​ បាននោះទេ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com