ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៨០០​នាក់ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា នៅ​វត្ត​ក្តី​អណ្តែត ក្រុង​ស្ទឹងសែន​

(​ខេត្តកំពង់ធំ​)៖ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​រំលឹក​នូវ​ការឈឺចាប់​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ធ្វើ​ឲ្យ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចសង្គម ធ្លាក់​ថយក្រោយ​រាប់ពាន់​ឆ្នាំ គ្មាន​ផ្សារ គ្មាន​ប្រាក់កាស គ្មាន​កម្មសិទ្ធិឯកជន គ្មាន​សាសនា គ្មាន​ទំនៀមទម្លាប់​ប្រពៃណី បាត់អស់​វប្បធម៌​ជាតិ សង្គមជាតិ​ត្រូវ​ប្រេះស្រាំ បាត់​ឯកភាព​ជាតិ ប្រជាជន​បាត់អស់​សិទ្ធិ សេរីភាព រស់​ជា​ទាសករ​របស់​អង្គការ «​ក្នុង​គុក​ឥត​ជញ្ជាំង​» ត្រូវគេ​សម្លាប់​ទាំង​ពូជ ទាំង​គ្រួសារ ដោយ​ចោទថា​ជា​ភ្នាក់ងារ​ចារកម្ម ខ្លះ​ឈឺ​ស្លាប់ ខ្លះ​ស្លាប់​ដោយ​គ្មាន​អាហារ​។​

​លោក​អភិបាល​ខេត្តកំពង់ធំ បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃ​២០​ឧសភា ដែល​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ នៅ​វត្ត​ក្តី​អណ្តែត ស្ថិតនៅ​សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែលមាន​អ្នកចូលរួម​ប្រមាណ​ជិត ៨០០​នាក់ ផងដែរ​។​

​លោក សុខ លូ បន្ថែមទៀតថា ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា គឺ​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ប្រជាពលរដ្ឋ ដែល​បាន​បាត់បង់​ជីវិត ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជា​រំលឹក​អោយ​យុវជន ប្រជាជន បានដឹង​ពី​វីរភាព​អ្នកស្នេហាជាតិ​របស់​យើង និង​បាន​លើកយក​នូវ​គោលការណ៍ ៨ ចំណុច របស់ ប៉ុល ពត ដែល​បាន បែងចែក​ប្រជាជន​ជា ២ ប្រភេទ គឺ​ប្រជាជន​ចាស់ និង​ប្រជាជន​ថ្មី លុបបំបាត់​សេដ្ឋកិច្ច​ទីផ្សារ លុបបំបាត់​ការចាយ​ប្រាក់ បិទ​សាលារៀន មន្ទីរពេទ្យ វត្ត​អារាម (​ផ្សឹក​ព្រះសង្ឃ ឲ្យ​ទៅធ្វើ​ពលកម្ម​)​លុបបំបាត់​កម្មសិទ្ធិឯកជន បង្កើត​សហករណ៍​ទូទាំងប្រទេស បង្កើត​ផ្ទះបាយ​សមូហភាព (​ហូប​រួម ធ្វើ​ការរួម​) -​ទាំងចាស់ ទាំង​ក្មេង ត្រូវធ្វើ​ពលកម្ម​តាម​ទិស​របស់​អង្គការ បណ្តេញ​ជនជាតិ​វៀតណាម​ឲ្យ​អស់ពី​កម្ពុជា បោសសម្អាត​ភ្នាក់ងារ​ចារកម្ម និង​អ្នកពាក់ព័ន្ធ «​សុខចិត្ត​សម្លាប់​ខុស (​កុំ​ឲ្យ​តែ​លែង​) ដោះលែង (​ច្រឡំ​)» និង បង្ក​សង្គ្រាម​ជាមួយ​វៀតណាម​។​

​លោក​បញ្ជាក់ថា រយៈពេល​ជិត ៤០​ឆ្នាំ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្តើមចេញពី​ជ័យជម្នះ ៧ មករា ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​ផ្លាស់ប្តូរ​យ៉ាង​ធំធេង ប្រែក្លាយ​ពី​គំនរ​ផេះផង់ ស្លាកស្នាម​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍ ក្លាយជា​ទឹកដី​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​លឿន និង​មាន​ចីរភាព មាន​សន្តិភាព ស្ថិរភាព ការរួបរួម​ជាតិ ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ប្រជាជន​បានរស់នៅ​យ៉ាង​សុខដុមរមនា​។
​ដើម្បី​កុំ​ឲ្យ​គ្រោះមហន្តរាយ​ដូច​ក្នុង​អតីតកាល កើតមាន​សាជាថ្មី​ម្តងទៀត លោក​អភិបាល​ខេត្តកំពង់ធំ បាន​អំពាវនាវ ដល់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ គាំទ្រ និង ចូលរួម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​រូប​ទេវ​ត្តា​បាចផ្កា​ជា​សញ្ញា​សម្គាល់ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​ថែរក្សា​សន្តិភាព ការបង្រួបបង្រួម​ជាតិ ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ និង​បន្ត​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​៕ (SN-​កំពង់ធំ​)​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com