រដ្ឋមន្ត្រីក្រសួងសុខាភិបាល បណ្តោយឲ្យរថយន្តសង្គ្រោះឯកជន ដែលគ្មានស្លាកសញ្ញា និងឧបករណ៍ត្រឹមត្រូវ បន្តប្រមូលយកអ្នករងគ្រោះថ្នាក់ចរាចរណ៍

(ភ្នំពេញ)៖ រថយន្តសង្គ្រោះបន្ទាន់ (Ambulance) ឯកជន ដែលគ្មានស្លាកសញ្ញា និងមិនមានបំពាក់ឧបករណ៍សម្ភារត្រឹមត្រូវ ជាកម្មសិទ្ធិរបស់គ្លីនិកឯកជន នៅតែបន្តដឹកជញ្ជូនអ្នកជំងឺ ជាពិសេសអ្នករងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ និងរហូតតាមបណ្ដាខេត្តមួយចំនួនទៀត ដោយគ្មានការទទួលខុសត្រូវពិតប្រាកដនៅពេលមានករណីអ្នកជំងឺក្នុងរថយន្ត។

មហាជនបានបញ្ចេញទស្សនៈថា ករណីឡានពេទ្យឯកជន នៅតែបន្តធ្វើទង្វើខុសច្បាប់នេះ ដោយសារតែលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនមានចំណាត់ការត្រួតពិនិត្យឲ្យបានតឹងរ៉ឹង គឺត្រឹមតែដាក់ចេញនូវគោលការណ៍លើក្រដាសប៉ុណ្ណោះ។

ក្រសួងសុខាភិបាល ធ្លាប់បានចេញសារាចរណែនាំរួចមកហើយ ដោយមិនអនុញ្ញាតឲ្យរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរសម្រាកព្យាបាលឯកជនណាមួយ ទៅដឹកយកជនរងគ្រោះទេ បើសិនជាឡានពេទ្យនោះ មិនមានបំពាក់ឧបករណ៍សម្ភារត្រឹមត្រូវ និងមិនមានគ្រូពេទ្យ ឆ្លងកាត់វគ្គបណ្តុះបណ្តាលត្រឹមត្រូវ
ក៏ប៉ុន្តែថ្មីៗនេះ មន្ទីរសម្រាកព្យាបាលឯកជន ប្រើរូបភាព យករថយន្តសង្គ្រោះបន្ទាន់ គ្មានស្លាកសញ្ញា ដើម្បីដឹកជនរងគ្រោះ ដោយក្នុងរថយន្តទាំងនោះទៀតសោត ក៏មិនមានបុគ្គលិកពេទ្យ ដែលមានជំនាញចេះលើកដាក់ជនរងគ្រោះ តាមបច្ចេកទេសសុវត្ថិភាព និងគ្មានជំនាញសង្គ្រោះបឋមអ្វីទេ។

ម្ចាស់រថយន្តទាំងនោះ មានលុយត្រឹមទិញមកបិទសញ្ញាពេទ្យ ជួលមនុស្សឲ្យបើកប្រមូលដឹកជនរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅគ្រប់ច្រកល្ហក និងបញ្ជូនជនរងគ្រោះទៅកាន់គ្លីនិកឯកជនណាមួយ ដើម្បីបានកម្រៃ ដោយឃុបឃិតចែកជាមួយសមត្ថកិច្ចនគរបាល ឬមន្ត្រីកងរាជអាវុធហត្ថ នៅតាមទីតាំងគ្រោះថ្នាក់ចរាចរណ៍ ដែលជនរងគ្រោះ ត្រូវបានកាប់ឆៅ (យកតម្លៃខ្ពស់) នៅពេលទៅដល់គ្លីនិកឯកជនណាមួយ ហើយប្រសិនបើអ្នកជំងឺស្លាប់ ពួកគេនឹងដឹកសពជនរងគ្រោះ យកទៅប្លុងចោលនៅវត្ត ឬក៏យកទៅដាក់នៅកន្លែងកើតហេតុវិញ។

ជាក់ស្តែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈនោះ មានមហាជនអ្នកឃើញហេតុការណ៍ជាច្រើននាក់ ឈឺឆ្អាលជួយផ្សាយផ្ទាល់ក្នុងបណ្តាញហ្វេសប៊ុក ដើម្បីប្រកាសរកសាច់ញាតិ ដោយពួកគាត់ មិនហ៊ានប៉ះពាល់ ជួយដល់ជនរងគ្រោះ ព្រោះពួកគាត់គ្មានជំនាញ។

ក្រោយពេលកើតហេតុ មិនយូរប៉ុន្មានស្រាប់តែមានរថយន្តគិលានសង្គ្រោះពណ៌ក្រហមលាយស១ គ្រឿង មកលើកជនរងគ្រោះដាក់លើហ្វ្រង់កា សែងចូលរថយន្តដោយមិនមានការពិនិត្យ ឬសង្គ្រោះបឋម និងគ្មានការប្រុងប្រយ័ត្ន ហើយដឹកចេញទៅបាត់ដោយមិនមានផ្តល់ដំណឹងដល់អ្នកនៅជុំវិញថា នឹងយកជនរងគ្រោះទៅកាន់ទីណា។

ដំណឹងជនរងគ្រោះ ត្រូវបានដឹងដល់មិត្តភក្តិ ដែលជាក្រុមអតីតមិត្តរួមជំនាន់នាទសវត្សរ៍ទី១៩៨០ នៅសាលាបាក់ទូក ដូច្នេះមិត្តភក្តិម្នាក់ៗ បានទាក់ទងគ្នាក្នុងក្រុមវ៉តស្អាប់ (WhatsApp) ស្វែងរកការជួយសង្គ្រោះគ្រប់មធ្យោបាយ ដោយយកចិត្តទុកដាក់ និងមានមិត្តមួយចំនួនមានទាំងវេជ្ជបណ្ឌិតជំនាញ បានខ្នះខ្នែងចេញស្វែងរកជនរងគ្រោះ តាមគ្លីនិកទាំងការព្រួយបារម្ភ។

បន្តិចក្រោយមក ស្រាប់តែបានឮដំណឹងថា ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះពណ៌សផ្សេងមួយទៀត ដឹកយកមកដាក់កន្លែងកើតហេតុវិញ ព្រោះតែជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ទៅហើយនៅក្នុងរថយន្ត ដែលពុំមានគ្រូពេទ្យជំនាញសោះ ថែមទាំងពុំមានឧបករណ៍សម្ភារបច្ចេកទេសពេទ្យ សម្រាប់ជួយសង្គ្រោះជនរងគ្រោះផងដែរ។

ផ្តើមចេញពីករណីនេះ កងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមន្ទីរជំនាញផ្នែកសុខាភិបាល ដើម្បីស្រាវជ្រាវបោសសម្អាត គ្រប់រថយន្តសង្គ្រោះ ដែលគ្មានច្បាប់អនុញ្ញាតទាំងអស់ក្នុងរាជធានីភ្នំពេញ ចាប់ពីពេលនេះតទៅ ដើម្បីការពារដល់អាយុជីវិតជនរងគ្រោះផ្សេងៗទៀត កុំឲ្យជួបរឿងអកុសល។

ទោះជាយ៉ាងណាក៏ដោយ ចំពោះរឿងរថយន្តសង្គ្រោះបន្ទាន់របស់ឯកជន ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ ចេញដឹកអ្នកជំងឺ ហាក់ដូចជាកក្រើកឡើងវិញនេះ ត្រូវបានអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវ៉ាន់ បានប្រាប់ Swift News ថា «រថយន្តសង្គ្រោះបន្ទាន់ឯកជន ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ នៅតាមគ្លីនិកឯកជន បានបើកដឹកអ្នកជំងឺនៅក្រុង ឬនៅតាមបណ្តាខេត្តនានានោះ គឺវាខុសច្បាប់។ ហើយទោះបីជាឡាននោះ មានស្លាកលេខក៏ដោយ ក៏យើងមិនអាចចាត់ទុកថា ឡាននោះត្រឹមត្រូវនោះដែរ គឺឡាននោះត្រូវតែមាននិយាមសម្ភារបរិក្ខារសម្រាប់សង្គ្រោះបន្ទាន់ ឲ្យបានត្រឹមត្រូវ ហើយចំពោះគ្រូពេទ្យ ដែលត្រូវទៅទទួលអ្នកជំងឺនោះ គឺត្រូវតែបានបណ្តុះបណ្តាលឲ្យបានត្រឹមត្រូវដែរ ទើបយើងអាចទៅយកអ្នកជំងឺបាន ហើយយើងបានណែនាំទៅគ្រប់គ្លីនិក ដែលមានបញ្ហាទៅលើរថយន្តសង្គ្រោះបន្ទាន់នោះ បើមិនគ្រប់គោលការណ៍របស់ក្រសួងទេ ក្រសួងនឹងដកអាជ្ញាប័ណ្ណចេញភ្លាម និងមិនឲ្យដំណើការបន្តទៀត ហើយអាចប្រឈមនឹងច្បាប់ ចំពោះគ្លីនិកណា ដែលធ្វើខុស»។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តទៀតថា ឡានពេទ្យ ដែលបានទៅសង្គ្រោះអ្នកជំងឺ នៅតាមផ្លូវសាធារណៈ ដែលគ្រោះថ្នាក់ផ្សេងៗ និងនៅតាមកន្លែងផ្សេងៗនោះ គឺហៅថា «ឡានសង្គ្រោះបឋម» ហើយមិនយកឡានទៅដឹកអ្នកជំងឺដាក់នៅពេទ្យ ហើយហៅថា សង្គ្រោះនោះទេ។ គឺឡាននោះ ត្រូវមានគ្រឿងបរិក្ខានៅក្នុងឡានសម្រាប់សង្គ្រោះជាបឋម ទម្រាំដឹកអ្នកជំងឺទៅដល់មន្ទីរពេទ្យនោះ។ ប៉ុន្តែបើឡានសង្គ្រោះរបស់គ្លីនិកទាំងនោះ មិនមានគ្រឿងបរិក្ខារទាំងនេះទេ គឺខុសហើយ និងប្រឈមទៅនឹងផ្លូវច្បាប់ និងត្រូវបិទគ្លីនិកចោលតែម្តង។

យ៉ាងណាក៏ដោយ ការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលខាងលើនេះ គ្រាន់តែជាគោលការណ៍របស់ក្រសួងសុខាភិបាលប៉ុណ្ណោះ។

តែជាក់ស្តែង ការហាមឃាត់ មិនឲ្យគ្លីនិកឯកជន មានឡានពេទ្យបំពាក់ដោយឧបករណ៍សម្ភារនិងគ្រូពេទ្យឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ ពេលចេញដឹកអ្នករបួស នៅតែត្រូវបានគ្លីនិកឯកជន ប្រើប្រាស់ដើម្បីដឹកជញ្ជូនអ្នកជំងឺ ពិសេសអ្នករបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយបង្កគ្រោះថ្នាក់បន្ថែមទៀត ដល់អ្នកជំងឺក៏មាន។

នៅពេលថ្មីៗនេះទៀត បែរជាលេចចេញរឿងឡានពេទ្យរបស់គ្លីនិកឯកជនមួយ មិនមានស្លាកសញ្ញាត្រឹមត្រូវ និងមិនមានឧបករណ៍សម្ភារគ្រប់គ្រាន់ បើកចេញយកអ្នកជំងឺ ហើយថែមទាំងមិនទទួលខុសត្រូវនៅពេលអ្នកជំងឺនោះ ជួបបញ្ហារហូតដល់បាត់បង់ជីវិត។

ជារួមលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ល្មមចេញវិធានការជាក់ស្តែងលើគ្លីនិកឯកជន បន្ថែមលើសេចក្តីណែនាំ ជាទ្រឹស្តី និងជាគោលការណ៍ តាមរយៈចាត់មន្ត្រីជំនាញ ចុះពិនិត្យ និងលុបបំបាត់ឡានពេទ្យមិនមានច្បាប់ និងឡានពេទ្យ ដែលមិនមានឧបករណ៍ ព្រមទាំងមិនមានគ្រូពេទ្យ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញសង្គ្រោះបឋម ជាដើម ព្រោះបើមិនដូច្នេះទេ ជនរងគ្រោះជាច្រើនទៀត នឹងបន្តរងគ្រោះដោយសារតែគ្លីនិកឯកជន ដែលប្រើឡានពេទ្យខុសច្បាប់នេះជាក់ជាមិនខាន៕ (SN- ជុំសុធន)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com