នគរបាលក្រសួងមហាផ្ទៃបញ្ជូនលោកឧកញ៉ា ហូ​​​ ចំរើន ដល់តុលាការក្រុងភ្នំពេញ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែឧសភានេះ មន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនលោកឧកញ៉ា ឧត្តមសេនីយ៍ឯក ហូ ចំរើន ដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រឈមនឹងការចោទប្រកាន់តាមផ្លូវច្បាប់។

លោកឧកញ៉ា ឧត្តមសេនីយ៍ឯក ហូ ចំរើន ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃចាប់ខ្លួនសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា សមត្ថកិច្ចឃាត់ខ្លួនលោកឧកញ៉ា ឧត្តមសេនីយ៍ឯក ហូ ចំរើន ពាក់ព័ន្ធ ករណីបាញ់បោះជិត១០គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនៅចំណុច ផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាលកណ្ថាលយុត្តិធម៌ក្រសួងមហាផ្ទៃ បានបដិសេធថា លោកមិនបានដឹងពីចាប់ខ្លួនឧកញ៉ាឧត្តមសេនីយ៍ឯក ហូ ចំរើន ពីបទបាញ់បោះដោយខុសច្បាប់ទេ។

លោកឧត្តមសេនីយ៍ បានបដិសេធម្តងហើយម្តងទៀត ក្រោយមានការចេញផ្សាយថា លោកឧកញ៉ា ឧត្តមសេនីយ៍ ហូ​​​ ចំរើន ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនមកសាកសួរនាព្រឹកថ្ងៃទី១៦ ខែឧសភានេះ។

លោកបានអះអាងថា មូលហេតុដែលលោកមិនដឹងពីការចាប់ខ្លួននេះព្រោះមន្ត្រីក្រោមបង្គាប់របស់លោកមិនទាន់បានរាយការណ៍ជូនលោកទេ ដោយសារលោកទើបតែអញ្ជើញមកពីបរទេស។

តាមការបញ្ជាក់ពីសមត្ថកិច្ច សំណុំរឿងលោកឧកញ៉ា ឧត្តមសេនីយ៍ឯក ហូ ចំរើន នឹងត្រូវបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕ (SN-តុលា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com