អាជ្ញាធរសង្កាត់/ក្រុងស្វាយរៀង អសមត្ថភាពក្នុងការគ្រប់គ្រង និងបណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋសង់ ផ្ទះរំលោភលើចញ្ចើមផ្លូវសាធារណៈ ក្នុងសង្កាត់ព្រៃឆ្លាក់

(ស្វាយរៀង)៖ ផ្សារសាលាស្រុកស្ថិតនៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងខេត្តស្វាយរៀង កែងខាងលិចខាងត្បូងវត្តព្រៃឆ្លាក់ ជាអតីតសំណង់អាណាធិបតេយ្យ ដែលមកទល់ពេលនេះនៅតែជាបញ្ហាដែលអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ក្នុងខេត្តនេះដោះស្រាយមិនចេញ។

បញ្ហាទាំងនោះរួមមានការសាងសង់លំនៅដ្ឋាន ពីអ្នកលុយមាន និងខ្លះមកពីខាងក្រៅស្រុក បាននាំគ្នាសាងសងយ៉ាងច្រើនស្អេកស្កះ នៅលើដីទំហំតូចចង្អៀត សំណង់ខ្លះសង់រំលោភលើផ្លូវសាធារណៈទៀតផង។

ជាក់ស្ដែង សំណង់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ ខ្នង ដែលសង់នៅផ្នែកខាងកើតផ្សារ ជាប់នឹងផ្លូវលំ ត្រង់កែងខាងលិច ឈាងខាងត្បូងបានសង់លើដីចញ្ចើមផ្លូវទាំងស្រុង ធ្វើឲ្យផ្លូវលំត្រង់ចំណុចនោះរួមតូច និងចង្អៀត ពិបាកធ្វើដំណើរឆ្លងកាត់។

ចំពោះករណីនេះដែរ លោក ហ៊ុន សាវ៉ាន់ ចៅសង្កាត់ព្រៃឆ្លាក់បានប្រាប់ Swift News ឲ្យដឹងថា«អាជ្ញាបានហាមឃាត់ហើយរឿងនេះ ដីនេះមិនទាន់មានប្លង់មានអីទេ កំពុងស្នើសុំទៅក្រសួងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ។ តែគាត់សង់ផ្ទះស្នាក់នៅចេះតែសង់ទៅ ហើយយើងបានហាមឃាត់ហើយ តែសង់ហ្នឹងក៏មិនមានចូលមកដល់ដីផ្លូវអីដែរ តែសំយ៉ាបខាងលើ គាត់តជ្រុលមកតិចតួច តែគ្រិះនៅក្នុងរង្វង់កន្លែងដែលយើងកំណត់»។

លោកបានបន្តថា នៅក្នុងតំបនើនោះមើលទៅដូចជាចង្អៀត ដោយសារសំយ៉ាបលើតមកជ្រុល ហើយយើងក៏ឲ្យកាត់ចេញដែរ មិនបណ្ដោយចឹងទេ!…។ គាត់សាងសង់មិនដែលប្រាប់យើងទេ…….ផ្លូវនេះមិនមែនជាផ្លូវសាធារណធំដុំអីដែរទេ…ខាងក្រោមមិនមានសាងសង់លើដីសាធារណៈទេ ..ផ្លូវនេះនឹងសាងសង់បន្ថែមក្នុងឆ្នាំ២០១៨ នេះ.. ។

ពាក់ព័ត៌មាននិងករណីនេះដែរ លោក យូ ប៊ុននី អភិបាលក្រុងស្វាយរៀងបានប្រាប់ Swift News ថា រឿងនេះខ្ញុំមិនបានដឹងទេ ហើយបើមានមែនអាជ្ញាធរក្រុងមិនអនុញ្ញាត ឲ្យសង់ទេ រាល់ការសាងសង់ត្រូវមានសុំច្បាប់មកក្រុង ហើយក្រុងបានប្រាប់ទៅគ្រប់ចៅសង្កាត់ទាំងអស់ហើយ មិនមែនតែសង្កាត់ព្រៃឆ្លាក់មួយទេ…”។

ប្រជាពលរដ្ឋដែលជាអ្នករស់នៅ ក្នុងភូមិព្រៃឆ្លាក់ជាច្រើនជំនាន់មកហើយ បានប្រាប់ Swift news ឲ្យដឹងថា ដើមឡើយផ្លូវនេះ ធំទូលាយមានប្រឡាយសងខាង ប្រជាពលរដ្ឋជាច្រើនធ្វើដំណើរឆ្លងកាត់បានងាយស្រួល តែពេលនេះបាត់ប្រឡាយអស់ហើយសល់តែផ្លូវតូចចង្អៀត ។

ពួកគាត់បានបញ្ចេញទស្សនៈថា នៅពេលចាប់ផ្ដើមសាងសង់ អាជ្ញាធរមិនដឹង ឬ ធ្វើមិនដឹង ទើបអ្នកសង់ចេះតែហ៊ានសង់ទាំងបំពានស្ទើរតែបាត់ទាំងផ្លូវលំទៀត។ពួកគាត់បន្តថាផ្លូវខាងត្បូងវត្តព្រៃឆ្លាក់មកទល់នឹងក្លោងទ្វាចូលវត្តព្រៃឆ្លាក់ខាងលិចគួរតែមានការអភិវឌ្ឍន៍ ឲ្យបានល្អប្រសើរជាងនេះ..៕ (SN- ជុំសុធន)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com