ទស្សនៈពលរដ្ឋ៖ លោក សម រង្ស៊ី ជាអ្នកជាន់ឈ្លីសិទ្ធិនយោបាយរបស់ពលរដ្ឋ

(ភ្នំពេញ)៖ លោក សម រង្ស៊ី ដែលអួតខ្លួនថា កំពុងចង់ស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ តាមពិតគាត់ជាអ្នកជាន់ឈ្លីប្រជាធិបតេយ្យ និងជាពិសេស គឺជាន់ឈ្លីសិទ្ធិប្រជាពលរដ្ឋយ៉ាងចំហ។

ចុងក្រោយនេះ នៅពេលដឹងថា គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោលនោះមិនអាចចូលរួមបោះឆ្នោតបាន លោក សម រង្ស៊ី ក៏បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។

ទស្សនៈ និងការអំពាវនាវរបស់លោក សម រង្ស៊ី គឺជាការឈាន់ឈ្លីដំណើរការលទ្ធិប្រជាធិបតេយ្យ និងរារាំងប្រជាពលរដ្ឋមិនឲ្យប្រើសិទ្ធិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះឡើយ។

ដើម្បីស្វែងយល់ពីទស្សនៈ និងផ្នត់គំនិតប្រឆាំងលទ្ធិប្រជាធិបតេយ្យរបស់លោក សម រង្ស៊ី យើងអាចពិនិត្យមើលហេតុផលដូចខាងក្រោម៖

ហេតុផលទី១៖ លោក សម រង្ស៊ី បានយកគណបក្សរបស់ខ្លួនតែមួយគត់ធ្វើជាចំណាប់ខ្មាំងនៃដំណើរការលទ្ធិប្រជាធិបតេយ្យទាំងមូលនៅក្នុងប្រទេសកម្ពុជា។ គាត់ជាមនុស្សអាត្មានិយម ហួសហេតុ និងមិនទទួលស្គាល់តម្លៃប្រជាធិបតេយ្យ និងតម្លៃនៃការចូលរួមឡើយ។ បើចូលរួមជាមួយគណបក្សរបស់គាត់ទើបគាត់ហៅថា ជាអ្នកប្រជាធិបតេយ្យ ទោះជាអ្នកនោះជាអ្វីក៏ដោយ និងបានប្រព្រឹត្តអំពើបែបណាក៏ដោយ។ ដូច្នេះហើយបានជាពេលគណបក្សរបស់គាត់មិនអាចចូលរួមបោះឆ្នោតបាន គាត់ចង់ឲ្យបក្សផ្សេងកុំចូលរួមបោះឆ្នោតដែរ។

ហេតុផលទី២៖ លោក សម រង្ស៊ី មិនដែលទទួលស្គាល់ថា ការបង្កើតគណបក្សនយោបាយជាសិទ្ធិប្រជាធិបតេយ្យនោះទេ។ គាត់តែងប្រមាថមាក់ងាយគណបក្សនយោបាយផ្សេង និងមើលងាយអ្នកនយោបាយផ្សេង ដែលបង្កើតគណបក្សនយោបាយដោយចាត់ទុកថា អត់បានការ និងគ្រាន់តែចង់ធ្វើអាយ៉ងរបស់គេតែប៉ុណ្ណោះ។ គាត់ភ្លេចគិតថា គាត់មានសិទ្ធិបង្កើតបក្សនយោបាយ គេក៏មានសិទ្ធិដូចគាត់ដែរ។ ហើយលោក សមរង្ស៊ី ក៏ភ្លេចគិតដែរថា មិនមែនមនុស្សគ្រប់គ្នាស្រឡាញ់ និងចូលចិត្ត ហើយដើរតាមគាត់នោះទេ។ ដោយសារមិនចូលចិត្ត មិនដើរតាមគាត់ ទើបគេទៅបង្កើតគណបក្សនយោបាយថ្មី។

ហេតុផលទី៣៖ លោក សម រង្ស៊ី បាននិងកំពុងជាន់ឈ្លីសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងលទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយសេរីក្នុងការចូលរួមក្នុងជីវភាពនយោបាយ។ ប៉ុន្តែ បុគ្គល លោក សម រង្ស៊ី បែរជាព្យាយាម រារាំងដាក់សម្ពាធទៅលើប្រជាពលរដ្ឋកុំឲ្យប្រើប្រាស់សិទ្ធិនយោបាយរបស់ខ្លួនស្របតាមឆន្ទៈរបស់ពួកគេឡើយ។  ម្តងហើយម្តងទៀត ពេលដឹងថា គណបក្សរបស់គាត់មិនអាចចូលរួមបោះឆ្នោតបាន គាត់បានអំពាវនាវដោយប្រើមធ្យោបាយប្រមាថ បំភិតបំភ័យពលរដ្ឋ កុំឲ្យទៅបោះឆ្នោតដែលជាសិទ្ធិស័្វយសម្រេចរបស់បុគ្គលម្នាក់ៗ។

ហេតុផលទី៤៖ លោក សម រង្ស៊ី មិនដែលទទួលយកការរិះគន់ឡើយទាំងពីមជ្ឈដ្ឋានខាងក្រៅ និងខាងក្នុងគណបក្ស។ ពីខាងក្រៅ បើបុគ្គលណា អ្នកនយោបាយណា ឬអង្គការសង្គមស៊ីវិលណាហ៊ានរិះគន់ នឹងត្រូវលោក សម រង្ស៊ី វាយបក
វិញយ៉ាងចាស់ដៃ ហើយលាបពណ៌ថាជាអ្នកគាំទ្រគណបក្សកាន់អំណាចជាមិនខាន។ បើនៅក្នុងគណបក្សរបស់គាត់វិញ អ្នកហ៊ានបញ្ចេញមតិផ្ទុយពីគាត់នឹងត្រូវគាត់លាបពណ៌ថា ក្បត់បក្ស ជាជនបង្កប់ ឬក៏លក់ឧត្តមគតិជាដើម។

ដូចចំណុចទាំង៤យ៉ាងដូចបានលើកឡើងខាងដើម គឺជាសកម្មភាពជាក់ស្តែងបំផុតរបស់លោក សម រង្ស៊ី ដែលមិនអាចមានអ្នកណាប្រកែកបានឡើយ ឬក៏បដិសេធថា មិនដែលបានដឹង និងបានឃើញឡើយ ពីព្រោះជាសកម្មភាពជាប្រចាំរបស់លោក សម រង្ស៊ី ដែលបានធ្វើអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ដូច្នេះ តើចំណុចត្រង់ណាមួយ ដែលឆ្លុះបញ្ចាំងថា លោក សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យ ឬជាអ្នកស្រឡាញ់ប្រជាធិបតេយ្យ? គឺគ្មានសូម្បីតែបន្តិច។ ឥឡូវនេះ បុគ្គល សម រង្ស៊ី កំពុងប្រព្រឹត្តខុសច្បាប់បោះឆ្នោត ខុសរដ្ឋធម្មនុញ្ញ និងបំពានគោលការណ៍ប្រជាធិបតេយ្យទាំងស្រុង តាមរយៈការមិនទទួលស្គាល់សិទ្ធិធ្វើនយោបាយរបស់គណបក្សដទៃ និងការរារាំងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ។

គោលការណ៍ប្រជាធិបតេយ្យបានទទួលស្គាល់យ៉ាងទូលំទូលាយសិទ្ធិបង្កើតបក្សនយោបាយ, សិទ្ធិចូលរួមបោះឆ្នោត និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាពលរដ្ឋ ដោយចៀសផុតពីសម្ពាធគ្រប់បែបយ៉ាង។ រដ្ឋធម្មនុញ្ញកម្ពុជាក៏ទទួលស្គាល់យ៉ាងទូលំទូលាយនូវសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ ខណៈដែលច្បាប់ស្តីពីការបោះឆ្នោតចាត់ទុកការរារាំងមិនឲ្យពលរដ្ឋទៅបោះឆ្នោតជាអំពើខុសច្បាប់។

តើអ្នកណាដែលឮទេថា ក្នុងមួយជីវិតនយោបាយរបស់គាត់ លោក សម រង្ស៊ី ដែលហារមាត់ស្វាគមន៍អ្នកបង្កើតបក្សនយោបាយថ្មីឬទេ? តើអ្នកណាដែលឮទេថា លោក សម រង្ស៊ី ដែលទទួលស្គាល់កំហុស និងទទួលយកការរិះគន់ពីអ្នកដទៃ?

តើអ្នកណាដែលឮទេថា លោក សមរង្ស៊ី ធ្លាប់ដែលទទួលស្គាល់សិទ្ធិពលរដ្ឋ ដែលមិនបោះឆ្នោតឲ្យគណបក្សរបស់គាត់? គឺសូន្យ។

ទាំងអស់នេះជាហេតុផលគ្រប់គ្រាន់ និងលើសពីគ្រប់គ្រាន់ដែលបញ្ជាក់ថា លោក សម រង្ស៊ី មិនមែនជាអ្នកប្រជាធិបតេយ្យ ឬស្រឡាញ់ប្រជាធិបតេយ្យដូចមាត់គាត់និយាយឡើយ។ តែបុគ្គលរូបនេះគឺជាអ្នកប្រឆាំងប្រជាធិបតេយ្យ និងជាអ្នកជាន់ឈ្លីសិទ្ធិនយោបាយរបស់ពលរដ្ឋយ៉ាងច្បាស់ក្រឡែតមិនអាចប្រកែកបានឡើយ៕ (កូនខ្មែរ)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com