សម្ដេចតេជោ ហ៊ុន សែន ៖ រួមគ្នារក្សាសុខសន្តិភាព និងទប់ស្កាត់ភ្លើងសង្គ្រាមកុំឲ្យកម្ពុជាវិលទៅរកភាពឈឺចាប់ដូចអតីតកាល

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកបង្ហាញពីទុក្ខវេទនារបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសស៊ីរី និងបណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ាមួយចំនួនទៀត។

ជាមួយនឹងការលើកឡើងខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ និងរំឭកពីទុក្ខវេទនារបស់ប្រទេសទាំងអស់នោះ ផ្ទុយមកវិញសម្រាប់កម្ពុជា សម្តេចតេជោ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នារក្សាសុខសន្តិភាព និងទប់ស្កាត់ភ្លើងសង្គ្រាមកុំឲ្យកម្ពុជាវិលទៅរកភាពឈឺចាប់ដូចអតីតកាល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ត្រូវរួមគ្នារក្សាឲ្យមានកម្ពុជាតែមួយ កាកបាទក្រហមកម្ពុជាតែមួយ និងសូមកុំឲ្យមានការបែកខ្ញែកគ្នា។

ជាមួយគ្នានេះ ឲសម្តេចតេជោ ក៏បានលើកទឹកចិត្ត និងសូមឲ្យកាកបាទក្រហមបន្តជួយសាងសង់ផ្ទះ និងដោះស្រាយបញ្ហាទឹកនៅតាមទីជនបទជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសតទៅទៀត។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នេះក៏មានការអញ្ជើញចូលរួមពីសប្បុរសជនជាតិ-អន្ដរជាតិ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្សជាច្រើនរយនាក់ផងដែរ។

ទិវានេះបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com