សម្ដេចតេជោ ហ៊ុន សែន ៖ «បើផឹកទឹកត្រូវនឹងដល់ប្រភពទឹក, បើជ្រកក្រោមម្លប់ឈើ ត្រូវនឹងដល់ដើមឈើ»

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ធ្វើជាមនុស្សមិនត្រូវបំភលេចចោលនូវអតីតកាលរបស់ខ្លួននោះទេ, ធ្វើជាមនុស្សមិនត្រូវភ្លេចពីប្រភពដើមរបសខ្លួននោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រៀបធៀបដូច្នេះថា បើផឹកទឹកត្រូវនឹងដល់ប្រភពទឹក, បើជ្រកក្រោមម្លប់ឈើ ត្រូវនឹងដល់អ្នកដាំដើមឈើ ឬហូបផ្លែឈើត្រូវនឹកដល់អ្នកដាំ។

តាមន័យធៀបខាងលើ សម្តេចតេជោ បានរំឭកដល់ព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានបង្កើតកាកបាទក្រហមកម្ពុជា និងបានប្រឹងប្រែងលះបង់អស់ព្រះកាយពល ដើម្បីបុព្វហេតុមនុស្សធម៌ សម្រាប់ប្រជាជនខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នេះក៏មានការអញ្ជើញចូលរួមពីសប្បុរសជនជាតិ-អន្ដរជាតិ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្សជាច្រើនរយនាក់ផងដែរ។

ទិវានេះបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com