វិភាគ: អាមេរិកតែលតោលតែម្នាក់ឯង ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

នៅថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨ខាងមុខនេះ គឺជាថ្ងៃចុងក្រោយនៃការដាក់ឱសានវាទរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលតម្រូវអោយមានពង្រាងថ្មីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងតម្រូវអោយប្រទេសហត្ថលេខីផ្សេងទៀតគិតពិចារណាក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ឫអាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ។

រហូតមកដល់ថ្ងៃចន្ទទី០៧ខែឧសភានេះ នៅមិនទាន់មានប្រទេសហត្ថលេខីណាមួយប្រកាសគាំទ្រប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះទេ ដោយពង្រាងថ្មីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោក ត្រាំ បានតម្រូវអោយមាននោះ ក៏មិនទាន់លេចចេញជារូបរាងដែរ ហើយប្រទេសជាហត្ថលេខីផ្សេងទៀតក៏មិនគាំទ្រលោក ត្រាំ ដែរ ។

នេះមានន័យថា សហរដ្ឋអាមេរិកកំពូងតែតែលតោលតែម្នាក់ឯងក្នុងសំណុំរឿងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ ដោយសារតែប្រទេសមហាអំណាចពិភពលោក មានរុស្ស៊ី ចិន បារាំង អង់គ្លេស និងប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងនេះ និងជាប្រទេសមហាអំណាចលើលោក ៥+១ មិនបានឯកភាពតាមអាមេរិកទេ ។

កាលពីដំបូង ក្នុងចំណោមប្រទេសមហាអំណាច៥+១ខាងលើ គឺមានតែប្រទេសបារាំងទេ ដែលមាននិន្នាការទោទន់បន្តិចទៅលើសហរដ្ឋអាមេរិកក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ប៉ុន្តែនៅពេលនេះ បារាំងក៏មិនគាំទ្រប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការសើរើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែរ ដូច្នេះអាមេរិកតែលតោលតែម្នាក់ឯងក្នុងរឿងនេះ ។

ក្នុងអំឡុងពេលដែលអាមេរិកឯកោក្នុងសំណុំរឿងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ គេនៅមិនទាន់ដឹងច្បាស់ទេថា តើសហរដ្ឋអាមេរិកអាចនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេ ឫក៏អត់ ? ដោយសារតែលោក ត្រាំ បានដាក់ឱសានវាទរហូតដល់ថ្ងៃទី១២ខែឧសភានេះ ដែលជាថ្ងៃចុងក្រោយសម្រាប់ការសម្រេចចិត្ត ។

គេកត់សម្គាល់ឃើញថា ទោះបីជាមិនមានការគាំទ្រពីប្រទេសហត្ថលេខីផ្សេងទៀតក៏
ដោយ ក៏លោក ដូណាល់ ត្រាំ មិនទាន់មានការប្រែប្រួលចិត្តក្នុងបំណងកែប្រែកិច្ចព្រមព្រៀង ឫក៏ត្រូវដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះដែរ ដោយលោកនៅតែរក្សាជំហរដដែលក្នុងការសើរើកិច្ចព្រមព្រៀងនេះ ។

ការរក្សាជំហរបែបនេះ គឺដោយសារលោក ត្រាំ នៅតែយល់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសមហាអំណាចលើពិភពលោក ៥+១ ជាមួយប្រទេសអ៊ីរ៉ង់ កាលពីខែកក្កដាឆ្នាំ២០១៥កន្លងទៅ ជាកិច្ចព្រមព្រៀងចាញ់ប្រៀបអ៊ីរ៉ង់ទាំងស្រុងដែលមិនអាចទទួលយកបាន ។

ចំណែកប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៉ូហានី បានឆ្លើយតបថា បើសិនជាសហរដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ អាមេរិក នឹងមានស្តាយក្រោយជាប្រវត្តិសាស្ត្រជាក់ជាមិនខាន ព្រោះថាអ៊ីរ៉ង់មានផែនការផ្សេងគិតទុករួចជាស្រេចហើយ ដើម្បីបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបន្តទៀត ។

ដោយមិនបាននិយាយលំអិតថាផែនការថ្មីនោះមានលក្ខណៈបែបណា លោក ហាសាន រ៉ូហានី គ្រាន់តែបានបញ្ជាក់ថា លោកបានដាក់ចុះនូវបទបញ្ជាទៅកាន់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរជាតិអ៊ីរ៉ង់រួចជាស្រេចហើយចាប់តាំងតែពី ២-៣ខែកន្លងមកម្លេះ ដោយបង្ការក្រែងលោក ត្រាំ មានគំនិតអុកឡុកកិច្ចព្រមព្រៀងនេះ ។

ដោយឡែក បើតាមប្រភពពីទីប្រឹក្សាពិសេសផ្នែកកិច្ចការអន្តរជាតិរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមឺណេ បានឲ្យដឹងថា អ៊ីរ៉ង់អាចនឹងសម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះដែរ ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះដូចដែលបាននិយាយមែននោះ ។

មូលហេតុដែលនាំអោយលោក ដូណាល់ ត្រាំ បានចាត់ទុកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ថា ជាកិច្ចព្រមព្រៀងចាញ់ប្រៀបអ៊ីរ៉ង់ គឺដោយសារតែកិច្ចព្រមព្រៀងនោះ តម្រូវអោយអ៊ីរ៉ង់ផ្អាកសកម្មភាពចម្រើននុយក្លេអ៊ែរក្នុងរយៈពេលពី១០ទៅ១៥ឆ្នាំ ។

ចំណុចនេះលោក ត្រាំ យល់ថា ក្រោយពីរយៈពេលពី១០ទៅ១៥ឆ្នាំ អ៊ីរ៉ង់អាចបន្តកម្មវិធីអភិវឌ្ឍន៏នុយក្លេអ៊ែររបស់ខ្លួនដដែល ខណៈដែលអ៊ីរ៉ង់បានរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ច និងបានដកប្រាក់ទាំងអស់ដែលអាមេរិកបានបង្កកនៅតាមធនាគារផ្សេងៗ ។

ចំណុចមួយទៀតដែលលោក ត្រាំ ចាត់ទុកថាកិច្ចព្រមព្រៀងនេះចាញ់ប្រៀបអ៊ីរ៉ង់ដែរ គឺអ៊ីរ៉ង់រក្សាទុកគ្រប់យ៉ាងទាក់ទិននឹងកម្មវិធីអភិវឌ្ឍន៏នុយក្លេអ៊ែរ ទាំងគ្រឿងផ្សំនិងរោងចក្រនុយក្លេអ៊ែរ ដោយអ៊ីរ៉ង់គ្រាន់តែផ្អាកដំណើរការអភិវឌ្ឍន៏នុយក្លេអ៊ែរតែប៉ុណ្ណោះ ។

ចំណុចនេះលោក ត្រាំ យល់ថា អ៊ីរ៉ង់ចង់ចាប់ផ្តើមបន្តអភិវឌ្ឍន៏នុយក្លេអ៊ែរពេលណាក៏បាន ពីព្រោះគ្រប់យ៉ាងគឺនៅរក្សាទុកដដែល ដែលអ៊ីរ៉ង់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺអ៊ីរ៉ង់ចង់រួចផុតពីទណ្ឌកម្មតែប៉ុណ្ណោះ ជាពិសេសគឺអ៊ីរ៉ង់ចង់ដកប្រាក់បង្កកមកវិញ ។

ដោយសារតែមើលឃើញពីការចាញ់ប្រៀបអ៊ីរ៉ង់នេះហើយ បានជាលោក ត្រាំ ចង់សើរើឡើងវិញនូវកិច្ចព្រមព្រៀងនេះ ដែលយ៉ាងហោចណាស់ ក៏ត្រូវកែសម្រួលខ្លឹមសារខ្លះនៃកិច្ចព្រមព្រៀងនេះដែរ ដើម្បីកុំអោយអ៊ីរ៉ង់មានប្រៀបខ្លាំងពេក ៕ លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com