តើ​អ្នកសារព័ត៌មាន ត្រូវធ្វើ​ដូចម្តេច ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​?

(​ភ្នំពេញ​)៖ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារលិខិត ៣ ទំព័រ ដោយ​សម្តេច​បាន​ជំរុញ​ឲ្យ​អ្នកសារ​ព័ត៌មាន ត្រូវ​ហ៊ាន​និយាយ​ការពិត និង​ហ៊ាន​រិះគន់​ក្នុងន័យ​ស្ថាបនា ដើម្បី​ចូលរួម​ប្រឆាំង​អំពើពុករលួយ ការកែទម្រង់​ច្បាប់ ប្រព័ន្ធយុត្តិធម៌ និង​ការកែទម្រង់រដ្ឋបាល​សាធារណៈ​។​

​ក្នុង​សារលិខិត សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក ថ្ងៃ​០៣​ឧសភា នៅ​ឆ្នាំ​២០១៨​នេះ បាន​ផ្តោតលើ​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​យុត្តិធម៌ និង​នីតិរដ្ឋ​» ដែល​ពិត​ជាមាន​សារៈសំខាន់ ស្របតាម​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចង់បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ថាមពល និង​ប្រកបដោយ​គុណភាព យុត្តិធម៌ និង​ការទទួលខុសត្រូវ​ក្នុងការ​ផ្តល់ព័ត៌មាន​ពិត ដែលជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​ភាព​ពិត​ជាក់ស្តែង​ក្នុងសង្គម មិន​ឆ្វេង​ពេក មិន​ស្តាំ​ពេក គឺ​ចលនា​កណ្តាល​និយម ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា ហើយ​សំខាន់បំផុត គឺ​ហ៊ាន​និយាយ​ការពិត និង​ហ៊ាន​រិះគន់​ក្នុងន័យ​ស្ថាបនា ដើម្បី​ចូលរួម​ក្នុងការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ការកសាង​សង្គម​មួយ​មាន​យុត្តិធម៌ នីតិរដ្ឋ សុខ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែលជា​បំណងប្រាថ្នា និង​ជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។​

​ក្នុង​សារលិខិត​ដដែល សម្តេច​តេ​ជោ បាន​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន ត្រូវខិតខំ​ប្រឹងប្រែង​បន្តទៀត នូវ​ការអភិវឌ្ឍ​សមត្ថភាព​យល់ដឹង​រប​ស់​ខ្លួន និង​មាន​ភាពស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ត្រូវ​ក្លាហាន ហ៊ាន​និយាយ​ការពិត និង​ដោយ​ហ៊ាន​ទទួលយក​ការពិត ដើម្បី​ឲ្យ​ព័ត៌មាន​របស់ខ្លួន ក្លាយជា​ព័ត៌មាន​ពិត ហើយ​ធ្វើការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​គ្រប់​តថភាព​សង្គម ដើម្បី​ចូលរួម​ប្រឆាំង​អំពើពុករលួយ ការកែទម្រង់​ច្បាប់ ប្រព័ន្ធយុត្តិធម៌ និង​ការកែទម្រង់រដ្ឋបាល​សាធារណៈ ហើយ​ការងារ​របស់​អ្នកកាសែត ដែល​ត្រូវបំពេញ​មាន​ច្រើនណាស់ ទាំង​នៅពេល​បច្ចុប្បន្ន និង​នៅពេល​អនាគត​។​

​ចំពោះ​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើនេះ ត្រូវបាន​សហភាព​សហ​ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) តាមរយៈ​លោក អាត់ បូ​នី អគ្គលេខាធិការ ថ្លែង​គាំទ្រ ខណៈដែល​សារព័ត៌មាន ត្រូវបាន​គេ​ចាត់ទុកថា ជា​អំណាច​ទី​៤​។ ម្យ៉ាងទៀត លើសពី​គោលការណ៍​បញ្ចេញមតិ លោក អាត់ បូ​នី លើកឡើងថា អ្នកសារព័ត៌មាន ត្រូវ​ចូលរួម ដើម្បី​ឲ្យ​សង្គម មានការ​គ្រប់គ្រង​ដោយ​តម្លាភាព​។​

​អគ្គលេខាធិការ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) លោក អាត់ បូ​នី បាន​គូសបញ្ជាក់ថា ដើម្បី​ចូលរួម​សម្រេច​ឲ្យ​បាន​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ ពិសេស​លើ​ការជំរុញ​ឲ្យ​អ្នកសារព័ត៌មាន ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ គឺ​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​ចូលរួម ដោយ​គោរព​នូវ​វិជ្ជាជីវៈ ពោលគឺ​មិនត្រូវ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ប្រឌិត ក្លែងក្លាយ ( Fake News ) នោះឡើយ​។​

​ជាការ​ពិតណាស់ ទាំង​មេរៀន​នៅ​សាលា និង​ទាំង​ការអនុវត្ត​លើ​កិច្ចការងារ​ប្រចាំថ្ងៃ នៅ​ស្ថាប័ន អង្គភាព​សារព័ត៌មាន​ទាំងអស់ មិន​ថា កាសែត ទស្សនា​វ​ដ្តី វេ​ប​សាយ វិទ្យុ និង​ទូរទស្សន៍​ទេ គឺ​វិជ្ជាជីវៈ ក្រមសីលធម៌ ត្រូវបាន​កំណត់​ជា​បន្ទាត់ Guide Line សម្រាប់​អ្នកសារព័ត៌មាន ក្នុងការ​បំពេញ​កិច្ចការងារ​ប្រចាំថ្ងៃ​។​

​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​គេ​លើក​យកមក​និយាយ​គ្រប់គ្នា​នេះ សំដៅ​ដល់​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត មាន​ប្រភព​ច្បាស់លាស់​ត្រឹមត្រូវ ហើយ​ត្រូវមាន​សំឡេង​ពី​គ្រប់ភាគី​។ នៅពេល​អ្នកសារព័ត៌មាន​គោរព​នូវ​វិជ្ជាជីវៈ ក្រមសីលធម៌ គឺ​មិន​ត្រឹមតែ​នាំមក​នូវ​ដំណឹង​ពិត​ដល់​សាធារណជន​នោះទេ តែ​វិជ្ជាជីវៈ​នេះ ក៏​ជា​អាវ​ក្រោះ សម្រាប់​ការពារ​អ្នកសារព័ត៌មាន​ខ្លួនឯង​ទៀតផង​។​

«​អ្នកសារព័ត៌មាន ត្រូវតែ​ហ៊ាន​និយាយ​ការពិត និង​ហ៊ាន​រិះគន់​ក្នុងន័យ​ស្ថាបនា​» ពាក្យ​មួយ​ឃ្លា​នេះ ពិតជា​ការលើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​។ តែ​ដើម្បី​ឲ្យ​អ្នកសារព័ត៌មាន​របស់​យើង ហ៊ាន​ធ្វើ​ដូច្នេះ​ទៅបាន ក៏​មិន​ត្រឹមតែ​អ្នកសារព័ត៌មាន​ខ្លួនឯង ត្រូវគោរព​វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល ក្រសួង​ព័ត៌មាន ពិសេស​ស្ថាប័ន​តុលាការ ព្រមទាំង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បន្ត​បើកចំហ និង​ផ្តល់​សេរីភាព​ដល់​អ្នកសារព័ត៌មាន ឲ្យ​អាច​បន្ត​បំពេញការងារ​របស់ខ្លួន ដោយ​មិនមាន​ការភ័យខ្លាច និង​ដោយ​មិន​ប្រកាន់​និន្នាការ​។​

​ពោលគឺ​នៅពេល​អ្នកសារព័ត៌មាន និយាយ​បង្ហាញ​ការពិត រិះគន់​ក្នុងន័យ​ស្ថាបនា គឺ​រាជរដ្ឋាភិបាល ស្ថាប័ន​ជំនាញ ដែល​រង​ការរិះគន់ ត្រូវយក​ការលើកឡើង​របស់​អ្នកសារព័ត៌មាន​ទាំងនោះ មក​ថ្លឹងថ្លែង ពិចារណា ហើយ​បើ​អាច លើកដាក់​លើ​តុ ជួប​ជជែក​វែកញែក​ជាមួយគ្នា​។ មិនមែន នៅពេល​អ្នកសារព័ត៌មាន លើកឡើង​ពី​ការពិត និង​ការរិះគន់​ក្នុងន័យ​ស្ថាបនា បែរជា​បុគ្គល ឬ​ស្ថាប័ន​ដែល​ត្រូវ​អ្នកសារព័ត៌មាន​លើកឡើង​នោះ ប្រតិកម្ម រហូតដល់​ដាក់ពាក្យ​ប្តឹង ទៅ​តុលាការ ឈានដល់​ការចោទប្រកាន់ និង​ចាប់ឃុំខ្លួន​អ្នកសារព័ត៌មាន នោះ​មិនកើត​ទេ​។​

​សំខាន់​មួយទៀត អ្នកសារព័ត៌មាន​ខ្លួន​ឯង មិនត្រូវ​ពុករលួយ​ឡើយ​។ អ្នកសារព័ត៌មាន មិនត្រូវ​គោះ​លុយ ដើម្បី​បិទ​រឿង​អសកម្ម​អ្វីមួយ ដោយ​មិន​ចុះផ្សាយ ជា​ថ្នូរ​នឹង​លុយ ដូចជា ករណី​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ការនាំ​ចូល​ទំនិញគេចពន្ធ ឬក៏​អំពី​កន្លែង​បើក​បន​ល្បែង​ខុសច្បាប់ ជាដើម​។ ក្នុងន័យនេះ គឺ​ដើម្បី​បំបាត់​អំពើពុករលួយ​បាន ទាល់តែ​យើង​ម្នាក់ៗ កុំ​ពុករលួយ ដោយ​តាមរយៈ​ការមិន​សូក ហើយក៏​មិន​ទទួល​សំណូក​។​

​មួយវិញទៀត បើសិនជា ការផ្សព្វផ្សាយ​របស់​អ្នកសារព័ត៌មាន ខុស មិន​គ្រប់គ្រាន់ ឬ​ប្រាសចាក​ការពិត ដោយ​ប្រការ​ណាមួយ គឺ​បុគ្គល ឬ​ស្ថាប័ន​សាមី រួមទាំង​រាជរដ្ឋាភិបាល អាច​ស្រាយ​បំភ្លឺ ហើយ​អ្នកសារព័ត៌មាន អាច​យក​ការបំភ្លឺ​នោះ មក​ចុះផ្សាយ ដូច​អ្វីដែល​កំណត់​ក្នុង​ក្រមសីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​។​

​សរុបមក ដើម្បី​ឲ្យ​អ្នកសារព័ត៌មាន​យើង ហ៊ាន​និយាយ​ការពិត និង​ហ៊ាន​រិះគន់ ក្នុងន័យ​ស្ថាបនា ពិសេស​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ការកែទម្រង់​ច្បាប់ ប្រព័ន្ធយុត្តិធម៌ និង​ការកែទម្រង់រដ្ឋបាល​សាធារណៈ គឺ​ផ្តើមចេញ​ដំបូង​ពី​អ្នកសារព័ត៌មាន​ខ្លួនឯង​។ អ្នកសារព័ត៌មាន ដែល​ត្រូវ​ធ្វើជា​ចម្បង គឺ​ការគោរព​វិជ្ជាជីវៈ និង​ក្រមសីលធម៌​អ្នកសារព័ត៌មាន​។ អ្នកសារព័ត៌មាន​គ្រប់រូប ត្រូវតែ​ស្អាតស្អំ ដោយ​មិន​សូក ហើយក៏​មិន​ទទួល​សំណូក​។ សំខាន់​មួយទៀត អាជ្ញាធរ​សមត្ថកិច្ច រាជរដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ មិនត្រូវ​ចាប់​ពិរុទ្ធ​អ្នកសារព័ត៌មាន ដោយសារតែ​អត្ថបទ​ចុះផ្សាយ​នោះទេ​។ ខុសត្រូវ ត្រូវតែ​បំភ្លឺ កែតម្រូវ ហើយ​អ្នកសារព័ត៌មាន ក៏ត្រូវ​ទទួលខុសត្រូវ​រាល់​ការផ្សព្វផ្សាយ​របស់ខ្លួន បើសិនជា មិនមាន​អំណះអំណាង​ត្រឹមត្រូវ ឬក៏​ផ្សាយ​ខុស​ការ​ពិតមែន គឺ​អ្នកសារព័ត៌មាន ត្រូវ​ក្លាហាន ហ៊ាន​ចេញមុខ​ទទួលខុសត្រូវ និង​ផ្សាយ​បំភ្លឺ​ដោយ​គ្មាន​ស្ទាក់ស្ទើរ​៕ (SN-​ពិសិដ្ឋ​)​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង