សង្ខេបព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗដែលកើតមានក្នុងប្រទេសប្រចាំថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ
(ភ្នំពេញ)៖ សម្រាប់ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗដែលកើតមានក្នុងប្រទេស នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ រួមមានដូចខាងក្រោម៖
១-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសថាសម្តេចពុំមានបញ្ហាសុខភាពនោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសារក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា «ថ្ងៃនេះមានបងប្អូនមួយចំនួនបានផ្ញើសារមកជូនពរខ្ញុំ និងទូរស័ព្ទមកសួរពីសុខភាពខ្ញុំ។ តាមការសន្និដ្ឋានរបស់ខ្ញុំប្រហែលមកពីរូបថត១សន្លឹក ដែលខ្ញុំស្ថិតក្នុងមន្ទីរពេទ្យ កាលពីឆ្នាំ២០១៦ ដែលធ្វើឲ្យមានការភាន់ច្រឡំ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ពេលនេះសុខភាពខ្ញុំល្អណាស់ថែមទាំងហាត់ប្រាណបានទៀងទាត់ផង។ សូមអរគុណចំពោះបងប្អូន ដែលកង្វល់ពីសុខភាពខ្ញុំ និងជូនពរមកដល់ខ្ញុំ នេះរូបភាពដែលខ្ញុំហាត់ប្រាណល្ងាចនេះ»៕
២-គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ កើតឡើង ១៤លើក ស្លាប់៧នាក់ រងធ្ងន់ស្រាលរបួស ២៣នាក់
យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ១៤លើក(យប់ ១២លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ប្រុស) រងរបួសធ្ងន់ ១៨នាក់ (ស្រី ៩នាក់) នឹងរបួសស្រាល ៥នាក់(ស្រី២នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៦នាក់(យប់១៥នាក់)។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានៈ ល្មើសល្បឿន ៥លើក(ស្លាប់ ៣នាក់), បត់គ្រោះថ្នាក់ ២លើក, មិនគោរពសិទ្ធ ៣លើក(ស្លាប់១នាក់), ស្រវឹង ២លើក, ប្រជែង ១លើក(ស្លាប់ ១នាក់), កត្តាយានយន្ត ១លើក(ស្លាប់ ២នាក់)។ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២៤គ្រឿងរួមមានៈ ម៉ូតូ ១៤គ្រឿង, រថយន្តតូច ៧គ្រឿង, រថយន្តធំ ២គ្រឿង, គោយន្ត ១គ្រឿង ថ្មើរជើងម្នាក់។ យានយន្តបង្កហេតុរួមមានៈ ម៉ូតូ ៨លើក, រថយន្តតូច ៤លើក, រថយន្តធំ ១លើក, គោយន្ត ១លើក។
ចំពោះរាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមានៈ ខេត្តពោធិ៍សាត់ ១លើក ស្លាប់ ២នាក់, បាត់ដំបង ១លើក ស្លាប់ ១នាក់(ស្រី) របួស ៣នាក់(ស្រី), កំពង់ធំ ១លើក ស្លាប់ ១នាក់, បន្ទាយមានជ័យ ១លើក ស្លាប់ ១នាក់, ត្បូងឃ្មុំ ១លើក ស្លាប់ ១នាក់ របួស ១នាក់ និងខេត្តកណ្តាល ១លើក ស្លាប់ ១នាក់៕
៣-ប្រជាពលរដ្ឋ ស្រុកកណ្ដាលស្ទឹងចោទប្រកាន់ លោកជំទាវឧកញ៉ា សៀង ចាន់ហេង បំពានយកដីពួកគាត់៤០០ហិកតា
ប្រជាពលរដ្ឋជាច្រើនរយនាក់មកពី៤ភូមិ ក្នុងឃុំអំពៅព្រៃ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានដាក់ពាក្យបណ្ដឹងចូលរដ្ឋបាលសាលាស្រុកកណ្ដាលស្ទឹង ដោយទាមទារឲ្យលោកអភិបាលស្រុកជួយដោះស្រាយជូនពួកគាត់ ដោយអន្តរាគមន៍ទៅលោកជំទាវឧកញ៉ា សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេងអភិវឌ្ឍន៍
ឲ្យចេញសំណងជាថ្លៃដីជូនពួកគាត់។
ការសម្រេចចិត្តដាក់ពាក្យបណ្ដឹងអមដោយស្នាមមេដៃចំនួន១២៣៤ ធ្វើឡើងបន្ទាប់ពីពួកគេ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ កន្លងមកបនេះ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងសកម្មភាពឈូសឆាយកំណត់ព្រំដីមានទំហំជាង៤០០ហិកតា លាតសន្ធឹងពីស្រុកកណ្ដាលស្ទឹង ដល់ព្រំប្រទល់ស្រុកស្អាង ខេត្តកណ្ដាល។
ការតវ៉ានេះធ្វើឡើងនៅពេលក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បដិសេធមិនទទួលកាតព្វកិច្ចដោះស្រាយលើដីពួកគាត់ចំនួនជាង៧១ហិកតា ស្ថិតនៅចំណុចភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ។
ប្រជាពលរដ្ឋ នៅក្នុងឃុំកំពង់សំណាញ់ បាននាំគ្នាតវ៉ាជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែលោកជំទាវឧកញ៉ា សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ មិនបានដោះស្រាយជាមួយប្រជាពលរដ្ឋទាំងនោះឡើយ៕
៤- គ.ជ.ប ដំណើរការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅតាមកាលកំណត់បើទោះបីជាគ្មានវត្តមានអតីតបក្សប្រឆាំង
លោក ស៊ិក ប៊ុនហុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះថា ដំណើរការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្រ្តនឹងប្រព្រឹត្តទៅតាមកាលកំណត់គឺ នៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៨ខាងមុខនេះ បើទោះបីជាគ្មានវត្តមានអតីតៈគណបក្សប្រឆាំងមិនបានចូលរួមនៅក្នុងការបោះឆ្នោត ឬមិនមានតំណាងអង្គការសង្គមស៊ីវិលចូលរួមសង្កេតការណ៏នៅក្នុងការបោះឆ្នោតនេះក៏ដោយនោះ។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា សភាគឺត្រូវបានបង្កើតឡើងដោយតំណាងឲ្យឆន្ទះរបស់ប្រជាពលរដ្ឋ។ ដូច្នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលជាអ្នកអនុវត្តន៏ច្បាប់ និងមិនស្ថិតក្រោមការបង្គាប់បញ្ជារបស់គណបក្សណាមួយ អង្គការសង្គមស៊ីវិល ឬជនបរទេសម្នាក់នោះទេគឺធ្វើការដោយឯករាជ្យ និងអព្យាក្រឹត មិនលំអៀងប្រកបដោយការទទួលខុសត្រូវ។
ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីនៅក្នុងពិធីផ្សព្វផ្សាយការយល់ដឹងអំពីការបោះឆ្នោតនៅកម្ពុជា ដល់និស្សិត គរុសិស្ស និងគ្រូបង្រៀន នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ៕
៥-លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ប្រើអហិង្សាដើម្បីផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការខិតខំព្យាយាមរបស់អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលមានចេតនា និងប៉ិនប្រសព្វណាស់ខាងនិយាយបំភាន់មតិមហាជនជាតិ និងអន្តរជាតិថា ពួកគេនឹងតស៊ូដោយអហឹង្សាដើម្បីឲ្យមានការផ្លាស់ប្តូរតាមលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជានោះ គឺជា«មេឧទ្ទាមក្រៅច្បាប់»។
លោក សុខ ឥសាន ក៏បានបង្ហាញ និងពន្យល់ពីចេតនារបស់មេឧទ្ទាមក្រៅច្បាប់ លោក សម រង្ស៊ី ទាក់ទនងនឹងការអំពាវនាវនានា ក៏ដូចជាការលើកឡើងរបស់លោក សម រង្ស៊ី នាពេលកន្លងមកថា «អហិង្សា» និង «តស៊ូតាមលទ្ធិប្រជាធិបតេយ្យ»។
លោក សុខ ឥសាន បានបញ្ជាក់ដូច្នះថា «បញ្ហាទាំងអស់ត្រូវបានលាតត្រដាងដោយផ្ទាល់ពី កឹម សុខា ដែលជាអ្នកធ្វើផ្ទាល់តាមផែនការផ្តួលរំលំ រៀបចំ និងណែនាំដោយមេក្លោងបរទេស ។ តើនេះឬជាការតស៊ូអហិង្សា និងតាមគោលការណ៍ប្រជាធិបតេយ្យនោះ?។ សេចក្តីថ្លែងការរបស់ក្រុមឧទ្ទាមក្រៅច្បាប់គ្រាន់តែជាការភូតកុហក់ បោកប្រាស់ ប៉ុណ្ណោះ»៕
៦-លោក ឈាង វ៉ុន ប្រាប់ជប៉ុនថា ការបោះឆ្នោតខាងមុខ អាចមានគណបក្ស៣០ចូលរួមប្រកួតប្រជែង
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាជាតិ ជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-ជប៉ុន បានទទួលជួបជាមួយ ឯកឧត្តម FUJITA Yukihisa សមាជិកព្រឹទ្ធសភាប្រទេសជប៉ុន នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា ខណៈដែល សមាជិកព្រឹទ្ធសភា មកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោក ឈាង វ៉ុន បញ្ជាក់ប្រាប់ជប៉ុនថា នៅក្នុងដំណើរការរៀបចំការបោះឆ្នោតខាងមុខនេះ ក្នុងពេលបច្ចុប្បន្ននេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននឹងកំពុងទទួលចុះឈ្មោះគណបក្សនយោបាយចូលរួមប្រកួតប្រជែង ហើយបើតាមការប៉ាន់ស្មាន គឺនឹងមានគណបក្សនយោបាយជាច្រើនចូលរួមការបោះឆ្នោតដែលក្នុងនោះ ទំនងមិនតិចជាង៣០គណបក្សឡើយ។
លោក ឈាង វុន ថ្លែងថា ប្រទេសជប៉ុន ដែលតែងតែជួយកម្ពុជានៅគ្រប់កាលៈទេសៈ ពិសេសការស្វែងរកសន្តិភាព។ លោកបានលើកឡើងថា អ្វីដែលកម្ពុជាមាននៅពេលនេះ គឺមិនអាចកាត់ផ្តាច់បានពីជំនួយរបស់ប្រទេសជប៉ុននោះទេ។ កម្ពុជាបានហែលឆ្លងទុក្ខលំបាកជាច្រើន ទំរាំកសាងបាននូវប្រទេសជាតិមួយ ដែលមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព។
លោកប្រធានគណៈកម្មការបានជម្រាប លោក FUJITA Yukihisa ថា ជាមួយសន្តិភាពពេញផ្ទៃប្រទេស សេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាលំដាប់ក្នុងរង្វង់៧% នៅរៀងរាល់ឆ្នាំ។ មន្រ្តីរាជការកម្ពុជា មានប្រាក់បៀវត្សរ៍ជាមធ្យម ៤០០ដុល្លារ ភាពក្រីក្របានកាត់បន្ថយមកនៅសល់តែត្រឹមជាង១០% ប៉ុណ្ណោះ៕
៧-ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញទទួលជួបសវនាការ និងទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន ដែលសរុបថវិកាមានចំនួន ១.៤២៦.០០០ដុល្លារ
ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ ធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលជួបសវនាការ និងទទួលអំណោយសប្បុរសធម៌ ពីសប្បុរសជន មកពីបណ្តាក្រុមហ៊ុននានា ដែលសរុបថវិកាទាំងអស់មានចំនួន ១.៤២៦.០០០ដុល្លារ (មួយលានបួនសែនពីរមុឺនប្រាំមួយពាន់ដុល្លារអាមេរិក) ព្រមទាំងរថយន្តហ្វដចំនួនពីរគ្រឿង និងមួកសុវត្ថិភាព ចំនួន២.០០០មួក។
នៅក្នុងជំនួបដាច់ដោយឡែកពីគ្នារួមមាន៖ បណ្តាក្រុមហ៊ុនចំនួន៣០ មានក្រុមហ៊ុន ខ្មែរ, ថៃ, ចិន ដែលបណ្តាក្រុមហ៊ុនមួយចំនួន ធ្លាប់បានជួយដល់កាកបាទក្រហមកម្ពុជា អស់រយៈពេលជិត១០ឆ្នាំកន្លងមកហើយ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូនីមួយៗ ដែលបាននាំមកនូវថវិការបស់សប្បុរសជន ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជួយបង្កលក្ខណៈឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាព បានដំណើរការ ធ្វើសកម្មភាពរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងកាន់តែទូលំទូលាយ៕

