ប្រជាពលរដ្ឋចោទ លោកជំទាវឧកញ៉ា សៀង ចាន់ហេង បំពានយកដីពួកគាត់៤០០ហិកតា ក្នុងស្រុកកណ្ដាលស្ទឹង

(កណ្តាល)៖ លោកជំទាវឧកញ៉ា សៀង ចាន់ហេង ដែលល្បីល្បាញជាយូរមកហើយខាងបំពានយកដីរបស់ប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងប្រទេសកម្ពុជា ជាពិសេសេនៅក្នុងខេត្តកណ្ដាល ឥឡូវនេះចាប់ផ្តើមល្បីទៀតហើយ ដោយសារត្រូវបានប្រជាពលរដ្ឋព្រួតគ្នាប្តឹងថាបានបំពានយកដីរបស់ពួកគាត់ជាង៤០០ហិកតា ដោយខុសច្បាប់នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រជាពលរដ្ឋជាច្រើនរយនាក់មកពី៤ភូមិ ក្នុងឃុំអំពៅព្រៃ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានដាក់ពាក្យបណ្ដឹងចូលរដ្ឋបាលសាលាស្រុកកណ្ដាលស្ទឹង ដោយទាមទារឲ្យលោកអភិបាលស្រុកជួយដោះស្រាយជូនពួកគាត់ ដោយអន្តរាគមន៍ទៅលោកជំទាវឧកញ៉ា សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ឲ្យ​​​ចេញសំណងជាថ្លៃដីជូនពួកគាត់។

ការសម្រេចចិត្តដាក់ពាក្យបណ្ដឹងអមដោយស្នាមមេដៃចំនួន១.២៣៤ ធ្វើឡើងបន្ទាប់ពីពួកគេ កាលពីថ្ងៃទី០២ ខែឧសភានេះ បានប្រមូលផ្តុំគ្នា​​​តវ៉ាប្រឆាំងសកម្មភាពឈូសឆាយកំណត់ព្រំដីមានទំហំជាង៤០០ហិកតា​​​ លាតសន្ធឹងពីស្រុកកណ្ដាលស្ទឹង ដល់ព្រំប្រទល់ស្រុកស្អាង ខេត្តកណ្ដាល។

លោកជំទាវឧកញ៉ា​​ សៀង ចាន់ហេង គឺល្បីល្បាញរាប់សិបឆ្នាំមកហើយ ពាក់ព័ន្ធរឿងអាស្រូវវិវាទដីធ្លីនៅក្នុងខេត្តកណ្ដាល ដោយសារលោកជំទាវឧកញ៉ាប្រើអំណាចបំពានយកដីពីប្រជាពលរដ្ឋឆៅៗតែម្តង ដោយមិនខ្លាចនរណាទាំងអស់។

សូមរំឭកថា កាលពីពេលថ្មីៗកន្លងមកនេះ ប្រជាពលរដ្ឋជាង៣០នាក់ ក្នុងចំណោម៥២គ្រួសារ រស់នៅក្នុងភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បាននាំគ្នាតវ៉ានៅសាលាសង្កាត់កំពង់សំណាញ់ ដើម្បីទាមទារឲ្យក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ទទួលខុសត្រូវដោះស្រាយដីចម្ការរបស់ពួកគាត់ ដែលត្រូវលោកជំទាវឧកញ៉ា សៀង ចាន់ហេង បំពានយកដោយខុសច្បាប់។

ការតវ៉ានេះធ្វើឡើងនៅពេលក្រុមហ៊ុន ហេង​​​អភិវឌ្ឍន៍ បដិសេធមិនទទួលកាតព្វកិច្ចដោះស្រាយលើដីពួកគាត់ចំនួនជាង៧១ហិកតា ស្ថិតនៅចំណុចភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នេះ។

កាលនោះប្រជាពលរដ្ឋនៅក្នុងឃុំកំពង់សំណាញ់ បាននាំគ្នាតវ៉ាជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែលោកជំទាវឧកញ៉ា សៀង ចាន់ហេង មិនបានដោះស្រាយជាមួយប្រជាពលរដ្ឋទាំងនោះឡើយ។

ប្រជាពលរដ្ឋទាំង៥២គ្រួសារនាពេលនោះ បានអះអាងថា ពួកគាត់បានកាន់កាប់អាស្រ័យផលលើដីនេះ តាំងពីឆ្នាំ១៩៨២មក ហើយមិនដែលឃើញជនណាមួយមករារាំង ឬហាមឃាត់នោះឡើយ រហូតដល់ឆ្នាំ១៩៩៦ មានអ្នករត់ការទិញដីមួយចំនួនបានអូសទាញប្រជាពលរដ្ឋឲ្យលក់ដីឲ្យពួកគេ ហើយប្រជាពលរដ្ឋមិនបានលក់ និងមួយចំនួនទៀត បានព្រមព្រៀងលក់ ប៉ុន្តែមិនបានទទួលលុយគ្រប់ចំនួននោះទេ ស្រាប់តែមកទល់ឆ្នាំ២០០៩ ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ បានយកគ្រឿងចក្រមកឈូសឆាយបំផ្លិចបំផ្លាញផលដំណាំពួកគាត់ចោលទាំងអស់ ដែលជាហេតុនាំឲ្យមានទំនាស់ចាប់ពីឆ្នាំ២០០៩នោះ មកទល់បច្ចប្បន្ន។

ការចេញមុខតវ៉ា និងដាក់ពាក្យបណ្ដឹងនៅសាលាស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋហាក់ដូចជាមានសង្ឃឹមតិចណាស់ថា លោកជំទាវឧកញ៉ា​​​ សៀង ចាន់ហេង នឹងចេញមុខដោះស្រាយជាមួយពួកគាត់ទេ​​​ ខណៈប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀត​​​ ក្នុងខេត្តកណ្ដាលកំពុងមានវិវាទនៅឡើយ៕ (ផាន់ អាណា)


 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com